គ.ជ.ប​ នឹង​ទទួល​ពាក្យ​​ចុះ​ឈ្មោះ​​​អ្នក​សង្កេត​ការណ៍​លើ​​ការ​ចុះ​ឈ្មោះ​​បោះ​​ឆ្នោត​​​ចាប់​​​​​ពី​​សប្តាហ៍​​ក្រោយ​​ទៅ

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការបញ្ចប់ការចុះឈ្មោះបោះឆ្នោត ការរៀបចំនិងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ រួមទាំងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ពីថ្ងៃអាទិត្យក្រោយទៅ។

តាមលិខិតជូនដំណឹងចុះថ្ងៃទី៧ ខែ​កញ្ញានេះ គ.ជ.ប បានលើកឡើង​ថា ការទទួលពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នកសង្កេត​ការណ៍​ជាតិ ចាប់ផ្តើមពីថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម គ.ជ.ប សមាគមឬអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវមកយកគំរូពាក្យសុំនៅទីស្តីការ គ.ជ.ប រាល់ម៉ោងធ្វើការ។

ចំណែកការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ គ.ជ.ប ថានឹង​ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ដូច​គ្នា រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ មួយវិញទៀត សម្រាប់ភ្នាក់ងារគណបក្សនយោបាយ គ.ជ.ប នឹងទទួលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

គ.ជ.ប បញ្ជាក់ទៀត​​ថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់មានសិទ្ធិចាត់តាំងភ្នាក់ងារ​របស់ខ្លួនតាមការចាំបាច់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ និងតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ដែលកំណត់ដោយ គ.ជ.ប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ