អ្នក​សារ​ព័ត៌មាន​​៩​នាក់​ត្រូវ​សមត្ថ​កិច្ច​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​​បទ​​កំហែង​​យក

អ្នកសារព័ត៌មាន៩នាក់ត្រូវ​កង​រាជអាវុធ​ហត្ថខេត្តស្ទឹងត្រែង​ចាប់ឃាត់​ខ្លួន ក្រោយ​ពីម្ចាស់​រថយន្ត​ដឹក​ឈើ​ប្តឹង​បក​វិញពីបទ«​កំហែងយក ឬជំរិតទារប្រាក់» ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។ (រូបភាពផ្សព្វផ្សាយដោយហ្វេសប៊ុកផេក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា)

យ៉ាងហោចណាស់ អ្នកសារព័ត៌មាន៩នាក់ត្រូវ​កង​រាជអាវុធ​ហត្ថខេត្តស្ទឹងត្រែង​ចាប់ឃាត់​ខ្លួន ក្រោយ​ពីម្ចាស់​រថយន្ត​ដឹក​ឈើ​ប្តឹង​បក​វិញពីបទ«​កំហែងយក ឬជំរិតទារប្រាក់»។

ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី បានប្រាប់ VOD នៅថ្ងៃពុធ​នេះថា អ្នកសារព័ត៌មាន​អនឡាញ៩នាក់ ត្រូវកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែលោកពុំបាន​បញ្ជាក់​លម្អិត​ពីស្ថាប័នដែលអ្នកសារព័ត៌មាន​ទាំងនោះធ្វើការបាន​នៅឡើយទេ។ លោក​បន្តថា ការចាប់ឃាត់ខ្លួននេះ ក្រោយពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តដឹកឈើចំនួន២គ្រឿង ហើយទារលុយ៤ ០០០ដុល្លារ។

តែយ៉ាងណា ​លោកថា ក្រោយពីទារមិនបានសម្រេច អ្នកសារព័ត៌មានទាំងនោះបានទូរសព្ទប្រាប់​កង​រាជអាវុធហត្ថ​ប្រចាំ​ខេត្ត​នេះឱ្យមានវិធានការផ្លូវច្បាប់ ប៉ុន្តែ​ពេលកងកម្លាំងអាវុធហត្ថទៅពិនិត្យ​រកឃើញថា នៅលើរថយន្តនោះជាប្រភេទឈើដែលរុះពីផ្ទះចាស់ៗដែលពលរដ្ឋលក់ឱ្យ និងមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

ប្រធានមន្ទីររូបនេះបន្តថា ករណីនេះ ម្ចាស់រថយន្តដឹកឈើបានប្តឹងចោទប្រកាន់ទៅលើ​អ្នកសារព័ត៌មាន​ទាំង​នោះ​​វិញ ពីបទ ឃាត់រថយន្តទុក ដើម្បីជំរិតទារប្រាក់ពី៤ ០០០ដុល្លារ ទៅ៥ ០០០​ដុល្លារ​ និងត្រូវបាន​កង​រាជ​អាវុធ​ហត្ថ​ខេត្តស្ទឹងត្រែង ចាប់ខ្លួនបាន​ជាបន្តបន្ទាប់។ 

លោក អ៊ុក ធាវី គូសបញ្ជាក់ថា​៖ «អាទារលុយ វាមួយផ្នែកហើយ! តែគាត់ [អ្នកកាសែត] ជាអ្នកប្តឹងមកអាវុធហត្ថ ដល់អ៊ីចឹងទៅ​ វាត្រូវរឿងហ្នឹង អ្នកឡានដឹកឈើហ្នឹង វាប្តឹងវិញថា​ ពួកហ្នឹងទារលុយវានិងឃាត់ឡានវាទុកអ៊ីចឹងទៅ។ អាមួយនោះ​ជិះ​លុចស៊ីស៤៧០ទៀត អ្នកសារព័ត៌មានហ្នឹង»។

បើតាម​លោក អ៊ុក ធាវី អ្នកកាសែត២នាក់ក្នុង​ចំណោម៩នាក់​អាចត្រូវបានដោះ​លែងវិញ ព្រោះពួកគេ​​ត្រូវ​បា​ន​ចាប់ខ្លួន ​បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនេះមុនគេ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី សុំមិនធ្វើអត្ថាធិប្បាយជុំវិញចំណាត់ការចាប់ខ្លួនអ្នកសារព័ត៌មានទាំងនោះទេ ដោយបង្វែរឱ្យសួរទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍​ថា មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងកំពុងធ្វើការសាកសួរ​​អ្នកសារព័​ត៌មានទាំងនោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកថា៖ «ឃាត់ខ្លួន៧រូប ហើយពាក់ព័ន្ធដើមបណ្តឹងរដ្ឋប្បវេណី ៥រូប ដែលគាត់មកប្តឹង ​[គាត់​ជាប់​ចោទ​ពីបទ​អីបង?] អត់ដឹងទេ! ព្រោះអាវុធហត្ថមិនមានសិទ្ធិចោទទេ គ្រាន់តែកសាងសំណុំរឿងទៅឱ្យអយ្យការ​ទេ [អ៊ីចឹង​គេសង្ស័យលើអីបានចាប់?] មកពីពួកគាត់ប្រព្រឹត្តអំពើល្មើសច្បាប់»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទេ នៅថ្ងៃពុធ​នេះ។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី យល់ថា ការដែលអ្នកសារព័ត៌មាន ទៅទារប្រាក់ពីបុគ្គលណាមួយ​ដែលពួកគេមើលឃើញថាមានបទល្មើស ជាកំហុស​វិជ្ជា​ជីវៈ ដែល​ករណីនេះ សមត្ថកិច្ចគួរយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្ត​ មិនមែនចោទប្រកាន់ពី​ប​ទព្រហ្មទណ្ឌនោះទេ។

មួយវិញទៀត លោកថា សមត្ថកិច្ចក៏ត្រូវបង្ហាញតម្លា​​ភាពផ​ងដែរ ចំពោះការ​​ស៊ើបអង្កេតណាមួយដែល​បញ្ជាក់​​ថា ភាគីដើមបណ្តឹងពិតជាមិនជាប់ពាក់ព័ន្ធ​នឹងបទល្មើសដូចអ្នកកាសែតរាយការណ៍ ដើ​ម្បី​​​កុំឱ្យ​មាន​ការរិះគន់ថា ចំណាត់ការនេះ​មានភាពលម្អៀង និង​មិនបានលើកទឹកចិត្តដល់អ្នកចូលរួម​លាតត្រដា​ង​បទល្មើសនានាដែលកំពុងកើតឡើងនៅក្នុងខេត្តនេះ។

លោកថា៖ «ព្រោះយើងដឹងហើយថា កិច្ចការងាររបស់អ្នកសារព័ត៌មាន លើកលែងតែគាត់ទៅប្រព្រឹត្តកំហុស​ព្រហ្មទណ្ឌ​ ទៅគំរាម​កំហែង ឬមួយក៏ទៅបង្ក​ឱ្យមានរបួស​ស្នាម ឬក៏សម្លាប់​គេ អាហ្នឹងបាន​វា​ចូ​​ល​ទៅក្នុងប​ទល្មើសព្រហ្មទណ្ឌ។ តែបើនៅក្នុងអ្នកសារព័ត៌មានមានកំហុសឆ្លងផ្នែកវិជ្ជាជីវៈ​តិចតួច ខ្ញុំគិតថា វាគួ​រ​តែ​​ត្រូវ​បាន​សម្របសម្រួលនិងដោះស្រាយក្នុងក្របខណ្ឌវិជ្ជាជីវៈ»។

កាលពីថ្ងៃទី៤ ខែ​​មិថុនា ឆ្នាំ២០២១ អ្នកសារព័ត៌មានអនឡាញចំនួន៨នាក់ ក្នុងនោះមានទាំងស្ត្រី២នាក់ផង ត្រូវបានសមត្ថកិច្ច​ខេត្តព្រះវិហារ​ ចោទ​ពី​បទ «កំហែងយក» បន្ទាប់ពីពួកគេរងការចោទថា បាន​ទារប្រាក់​​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្រោយមក តុលាការខេត្តនេះបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ប៉ុន្តែសមត្ថកិច្ចមិនបានស៊ើបអង្កេតលើ​ម្ចាស់សិប្បកម្មឈើនោះទេ។

ក្រោយមកទៀត នៅថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០២១ អ្នកកាសែតអនឡាញ៤នាក់ទៀតត្រូវបានតុលាការខេ​​ត្ត​​កណ្តាល ចោទពីបទ «កំហែងយក» ពាក់ព័ន្ធនឹងទារប្រាក់១០០ដុល្លារពីម្ចាស់ហាងកាហ្វេមួយកន្លែង​ស្ថិត​នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជាថ្នូរនឹងមិនឡាយផ្ទាល់រឿងដែលម្ចាស់ហាងនោះបើកល្បែ​ងជល់មាន់ខុសច្បាប់តាមអនឡាញ។ ប៉ុន្តែករណីក្រោយនេះ ម្ចាស់ហាងកាហ្វេត្រូវបានចាប់ខ្លួននិងត្រូវបានតុលាការ​​ផ្តន្ទា​ទោសផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ