ពលករ​ខ្មែរ​នៅ​ថៃ​ខ្លះ​ចាប់​មាន​ការងារ​ធ្វើ​វិញ​​បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូវីដ-១៩​ថយ​ចុះ

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ពលករខ្មែរនៅថៃមួយចំនួនចាប់ផ្តើមមានការងារធ្វើឡើងវិញ បន្ទាប់ពីស្ថានភាព​ឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ-១៩ក្នុងប្រទេសមួយនេះចាប់ផ្តើមថយចុះកាល​ពីដើមខែកញ្ញា ប៉ុន្តែ​ពួកគេនៅតែជួបបញ្ហាខ្វះខាត​ផ្នែក​ជីវភាព និងបារម្ភខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីពីកន្លែ​ងការងារ។

តាមរបាយការណ៍ពីក្រសួងសុខាភិបាលថៃ ចាប់ពីពាក់កណ្តាលខែសីហាមក ករណីវិជ្ជមានកូវីដ-១៩រកឃើញថ្មីប្រចាំថ្ងៃក្នុងប្រ​ទេសនេះ បានធ្លាក់ចុះជាបន្តបន្ទាប់ពីជាង២០ ០០០ករណី មកនៅក្រោម១៣ ០០០​ករណី គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ 

ពលករខ្មែរជាមេការសំណង់មួយរូ​បនៅខេត្តណាខនប៉ាធំ លោក មិត្ត សារ៉ា ប្រាប់ វីអូឌី នៅថ្ងៃ​ទី៨ ខែកញ្ញា​នេះ​ថា លោ​​​​​​​កនិងពលករខ្មែរមួយចំនួនទៀតទើបចាប់ផ្តើមមានការងារធ្វើខ្លះៗវិញកាល​ពីដើមខែកញ្ញា ក្រោយរង់ចាំអស់ជិត៥ខែ ដោយសារប​ញ្ហា​រាតត្បាតនៃជំងឺកូវីដ-១៩ប្រភេទ ដែលតា។

យ៉ាងណា​ បុរសដែលមានកូន៤នាក់ មានស្រុកកំណើតក្នុងខេត្តសៀមរាប រូបនេះ បន្ថែមថា រូបលោកនៅតែប្រឈមបញ្ហាខ្វះខាតផ្នែកជីវភាព និងមិនទាន់អាចរកលុយសន្សំផ្ញើមកផ្គត់ផ្គង់ក្រុមគ្រួ​សារ​នៅស្រុកកំណើតបាននៅឡើយ ដោយសារការងារមិនទា​ន់មានពេញលេញដូចដើម។ 

លោក មិត្ត សារ៉ា និយាយថា៖ «ខែមុននោះ គឺយ៉ាប់គ្រាន់មែនទែន! ប៉ុន្តែក្នុងរយៈពេល១ខែនេះ ដែលបានធ្វើការខ្លះហើយ ក៏អា​ចថាផ្គត់ផ្គង់ទៅមុខបានមួយខែទៀត […] បើសិនជាថៅកែគាត់ឆាប់បានការងារថ្មី ឬក៏យ៉ាងណានោះ។ អាចថាបើបានកា​រងារថ្មី ក៏អាចចាប់ផ្តើមធ្វើ OK ហើយតើ! គាត់ឆ្លើយថាបានហើយ»

ពលករផ្នែកសាងសង់មួយរូបទៀតនៅខេត្តណាខនប៉ាធំ ឈ្មោះ ហេង ស្រីណុប បានឱ្យដឹងថា អ្នកស្រីនិងស្វាមីរកការងារធ្វើនៅក្រុមហ៊ុនសំណង់ថ្មីបានហើយ បន្ទាប់ពីពួកគាត់ត្រូវដើររកត្រីនិងខ្ចៅខ្ចង​ ដើម្បី​លក់ដូរដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ អំ​ឡុងពេលគ្មានការងារធ្វើរយៈពេលជិត៤ខែ។ ស្រី្តវ័យ​២៦ឆ្នាំដែល​ចំណាកស្រុកទៅធ្វើការនៅថៃអស់រយៈពេល៣ឆ្នាំមកនេះ បន្ត​​ថា អ្នកស្រីលែងមានបញ្ហាទីទ័លផ្នែកជីវភាពទៀតហើយ។

អ្នកស្រី ហេង ស្រីណុប និយាយថា៖ «បានហើយបង បើអ្នកឯណោះគេនៅ​។ គ្មានអ្នកណាបានធ្វើការទេ អ្នកឯណោះនោះនៅដេក។ ខ្ញុំស៊ូអត់បាន ក៏សុំគេចេញ»

យ៉ាងណា ពលករខ្មែរមួយរូបធ្វើការនៅរោងចក្រកែច្នៃឈើក្នុងក្រុងបាងកក លោក កៅ យឺត ឱ្យដឹងថា ស្ថានភាពការងាររប​ស់លោកនៅតែមិនមានភាពល្អប្រសើរនៅឡើយ។​ លោកថា ជួនកាលលោកត្រូវសម្រាកនៅផ្ទះ ហើយត្រូវធ្វើតេស្តសំណាក១សប្តាហ៍ម្តង។ លោកបន្ថែមថា នៅកន្លែងការងាររបស់លោកនៅតែរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ជាហូរហែដដែល។ 

លោក កៅ យឺត និយាយថា៖ «ការងារ ធ្វើខានៗ ដូចតែគ្នាហ្នឹង! វាកូវីដផង ជួនកាលទៅ មួយអាទិត្យចាក់ច្រមុះម្តងអ៊ីចឹងទៅ។ ធ្វើខានៗ ចង់តែទៅផ្ទះអីដែរ តែបើទៅខ្មែរ មិនដឹងធ្វើអី ធ្លាប់នៅថៃអ៊ីចឹង»។ 

រដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ច្រកព្រំដែនគោកជាមួយប្រទេសថៃរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់លំហូរពលករខ្មែរត្រឡប់ពីប្រទេសក្បែរខាងមួយនេះ ដោយសារបញ្ហាបាត់បង់កា​រងារ និងបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីដែលចាប់ផ្ទុះឡើងពីខែឧសភា​។

បើតាមរបាយការណ៍ពីអង្គការអន្តរជាតិទេសន្តប្រវេសន៍ប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ពលករខ្មែរប្រមាណជាង២សែន៣ម៉ឺននាក់បានវិលត្រឡប់ពីប្រទេសថៃ ចាប់ពីខែមីនា ឆ្នាំ២០២០ ក្នុងនោះមានជិត១ម៉ឺន៧ពាន់នាក់ បានសម្រុកមកវិញក្នុងខែសីហា បន្ទាប់ពីព្រំដែនត្រូវបានបើកឡើងវិញ។

យ៉ាងណា អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាឌូ ឱ្យដឹងថា ចាប់តាំងពីដើមខែកញ្ញាមក លំហូរពលករពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់បានធ្លាក់ចុះជាមធ្យមមកនៅត្រឹមប្រមាណ១០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះ ករណីឆ្លងក៏មា​នការថមថយផងដែរ។ 

លោកមានប្រសាសន៍ថា៖ «ពេលដែលយើងទើបនឹងបើកថ្មីៗ គឺថា ពលករចូលរង្វង់៣០០នាក់​ជាង។ ប៉ុន្តែដើមខែកញ្ញានេះ យើងពិនិត្យឃើញមាននៅក្នុងរង្វង់១០០នាក់ទេ ហើយការឆ្លងកូវីដ-១៩ ដែលមន្រ្តីសុខាភិបាលយើងនៅព្រំដែនពិនិត្យលើពួកគាត់ហ្នឹង ក៏ឃើញថាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ថាក្នុងចំណោមពលករដែលត្រឡប់មកវិញតាំងពីដើមខែកញ្ញានេះ គឺក្នុងរង្វង់ពី១០នាក់ទៅ២០នាក់»។

បើតាមប្រភពពីក្រសួងការបរទេសកម្ពុជា ពលករខ្មែរប្រមាណ១លាននាក់កំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ខណៈតួលេខនេះគឺទាបជាងរបាយកា​រណ៍ពីអង្គការ«សង់ត្រាល់» ដែល​ថា ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្នុងប្រ​ទេស​នេះទាំង​ស្របច្បា​ប់និងមិនស្របច្បាប់ គឺមានប្រមាណ១លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ