រដ្ឋា​ភិបាល​ប្តេជ្ញា​បន្ត​អភិវឌ្ឍន៍​ធនធាន​​មនុស្ស​តាម​រយៈ​កម្មវិធី​សិក្សា​អក្ខរកម្ម​​ ទោះ​ជួប​វិបត្តិ​កូវីដ-១៩

សកម្មភាព​នៃ​ការ​ថត​វីដេអូ​បង្រៀន សម្រាប់​ចាក់​ផ្សាយ​ក្នុង​វេទិកា​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក២ និង App របស់​ក្រសួង​ព័ត៌មាន ក្នុង​គោលដៅ​លើក​កម្ពស់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK)

រដ្ឋាភិបាលដាក់ចេញគោលនយោបាយ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត» ដើម្បីបណ្តុះបណ្តាលដល់យុវជនកម្មករនៅក្នុងនិងក្រៅប្រទេស រួមទាំងអ្នកជាប់ឃុំក្នុងពន្ធនាគារ បានសិក្សាពីចំណេះជំនាញក្នុងការលើកស្ទួយជីវភាពឱ្យបានកាន់តែប្រសើរ នៅពេលកម្ពុជា​ស្តារឡើងវិញនូវសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩ផុតរលត់ទៅ។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ក្នុងឱកាសនៃការប្រារព្ធ «ទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០២១» ថារដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ជូនយុវជនគ្រប់រូបនូវការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបាននូវ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»

លោកបន្តថា ចំណែកសិស្សានុសិស្ស និស្សិត កម្មករ-កម្មការិនីនៅក្នុងនិងក្រៅប្រទេស រួមទាំងអ្នកជាប់ឃុំឃាំងនៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគារនៅតាមរាជធានី-ខេត្តទាំងអស់ ក៏បានរៀនសូត្រនៅក្នុងកម្មវិធីថ្នាក់ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត» ដើម្បីជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយ ហើយទទួលបាននូវចំណេះដឹង ជំនាញ មុខរបរ ចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ បន្ទាប់ពីទទួលបានសេរីភាពនិងការធ្វើសមាហរណកម្មទៅក្នុងសង្គមវិញ និងក្រោយពេលដែលកម្ពុជាស្តារឡើងវិញនូវសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩ផុតរលត់ទៅ។

បន្ថែមពីនេះ រដ្ឋាភិបាលក៏បានជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយក្របខណ្ឌច្បា​ប់ លិខិត​បទ​ដ្ឋាន និងយន្តការចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្ត​ឱ្យមានប្រសិទ្ធភាព គុណភាព ធានាបាននូវការសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ចំណែកអ្នកដែលបោះបង់ការសិក្សាឬមិនបានរៀនសូត្រ រដ្ឋាភិបាលប្រាប់ទៅដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សហគ្រាស ម្ចាស់រោងចក្រ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គាំទ្រឱ្យបានខ្លាំងក្លាថែមទៀត តាមរយៈការលើកទឹក​ចិត្តដល់ពលរដ្ឋទាំងនោះឱ្យទទួលបានការអប់រំ ការសិក្សារៀនសូត្រ ប្រកបដោយសមធម៌ ដើម្បី​ទទួលបាលផលវិជ្ជមានទាំងអស់គ្នា ទើបធ្វើឱ្យសង្គមកម្ពុជារីកចម្រើនបន្ថែមទៀតនាពេលខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា កម្មវិធីថ្នាក់ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត» ដែលរដ្ឋាភិបាលដាក់ចេញជាគោលនយោបាយអនុវត្តនេះ មានភាពល្អប្រសើរខ្លាំង ដើម្បីជួយដល់ប្រជាពលរដ្ឋគ្រប់រូបទទួលបានការអប់រំ ចំណេះ ជំនាញពិតប្រាកដ ដើម្បីងាយស្រួលរកការងារនិងទទួលបានប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ និងធ្វើឱ្យសង្គមសេដ្ឋកិច្ចរីកចម្រើនជាដើម។

លោក​​បញ្ជាក់ថា ក្រសួងក៏បានដាក់ចេញនូវការបង្រៀនតាមបែបបច្ចេកវិទ្យាឌីជីថល​បន្ថែមទៀត ស្របតាមបរិបទកូវីដ-១៩កំពុងរីករាលដាល ដើម្បីឱ្យកម្មវិធីថ្នាក់ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត» ទទួលបានផលវិជ្ជមានខ្ពស់ផងដែរ។

លោកមានប្រសាសន៍ថា៖ «នៅក្នុងសតវត្សរ៍ទី២១នេះ គឺយើងចូលទៅដល់ដំណាក់កាលថ្មីមួយទៀត ដែលយើងហៅថា អក្ខរកម្មឌីជីថល។ អក្ខរកម្មឌីជីថលនេះ ក៏មានអក្ខរកម្មប្រពៃណីដែលយើងធ្លាប់អនុវត្តរួចមកហើយ ក៏ប៉ុន្តែក៏ទាមទារឱ្យអ្នកសិក្សាត្រូវប្រើប្រាស់បច្ចេកវិទ្យា រៀននូវបច្ចេកវិទ្យា ហើយផ្តល់នូវសេវាអប់រំក៏ត្រូវរៀបចំឱ្យប្រព័ន្ធឌីជីថល ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ថ្មី ដែលទាមទារឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសអប់រំឱ្យយុវជនជំនាន់ក្រោយយើង»។

លោកប​ន្ថែមថា៖ «ជាការពិតណាស់ បើសិនជាយើងមានតែអក្ខរកម្មប្រពៃណី គឺការរកការងារធ្វើនៅក្នុងយុគសម័យថ្មីនេះក៏ពិបាក។ ដូច្នេះហើយ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញជាគោលដៅថា ប្រែក្លាយមណ្ឌលសិក្សាសហគមន៍មួយចំនួនឱ្យទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជាពិសេសត្រូវបញ្ចូលនូវបច្ចេក​វិទ្យា ដើម្បីអាចឱ្យយុវជនប្រើប្រាស់នូវបច្ចេកវិទ្យាបាន ក្នុងគោលដៅពង្រឹងនូវឱកាសទទួលបានូវការងារសម្រាប់យុវជនយើង»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត» របស់រដ្ឋាភិបាលនៅអំឡុងពេលជួបវិបត្តិកូវីដ-១៩ ទំនងជាមិន​មាន​ប្រសិទ្ធភាពនោះទេ ដោយសារពលរដ្ឋគ្រប់រូបកំពុងជួបបញ្ហាប្រឈមនឹងជីវភាព សេដ្ឋកិច្ចគ្រួសារ ហើយពួកគេប្រហែលជាមិនមានពេលសម្រាប់សិក្សាចំណេះជំនាញនោះទេ។

ទោះជាបែបនេះក្តី លោកស្រី​ផ្តល់ជាអនុសាសន៍ថា ដើម្បីឱ្យគោលនយោបាយនេះ​ទទួលបានផលវិជ្ជមានខ្ពស់ លុះត្រា​តែ​រដ្ឋាភិបាលបង្កើត​ការងារ​នៅ​ក្នុង​ស្រុក រកការងារឱ្យពលរដ្ឋខ្លួនឯងធ្វើឱ្យបានគ្រប់គ្នា និង​ផ្តល់ប្រាក់ខែខ្ពស់ ជាដើម ។

លោកស្រីផ្តល់ជាអនុសាសន៍ថា៖ «បើសិនជាបង្កើតជាមុខរបរ បង្កើតជាកន្លែងការងារឱ្យគាត់ធ្វើនៅក្នុងស្រុក មានប្រាក់ចំណូលច្រើន អាចរស់បាន នេះជាកត្តាមួយដ៏សំខាន់ ហើយអាចជួយដល់ប្រទេសជាតិយើង ក៏ដូចជាក្រុមប្រជាពលរដ្ឋទាំងអស់ អត់ឱ្យគាត់មានចំណាកស្រុក»។

ក្នុងរបាយការណ៍ដែលចេញផ្សាយលើទំព័រហ្វេសប៊ុកអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា មុនពេលមានការឆ្លងរាលដាល​ជំងឺកូវីដ-១៩ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ឬ SDG​ ទី៤ ស្តីពីការរៀនសូត្រប្រកបដោយគុណភាពនិងចីរភាព។ ប៉ុន្តែ​ចាប់តាំងពីខែមីនា ឆ្នាំ​២០២០ ដែលមានការ​ឆ្លង​​រីករាលដាលនៃជំងឺ​កូវីដ-១៩​មក សិស្សចំនួន៣,២លាន​​នាក់ បានរងផលប៉ះពាល់ការរៀនសូត្រ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទសាលារៀនរយៈពេលជាង២០០​ថ្ងៃ។

អង្គការសហប្រជាជាតិ បន្តថា ការប៉ះពាល់នេះបានជំរុញឱ្យវិស័យអប់រំ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍមនុស្ស (HDI) នៅកម្ពុជា ​សម្រាប់​ឆ្នាំ២០២០ ដោយ​ធ្លាក់​ចុះ​ជិត៤ភាគរយ ​(៣,៩៣%) បើប្រៀបធៀបពីឆ្នាំ២០១៩ ​ឬស្មើនឹងការលុបបំបាត់រាល់ការរីកចម្រើនលើវិស័យអប់រំដែលបានធ្វើក្នុងរយៈពេល៤ឆ្នាំកន្លងម​ក។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្ដីពីការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិចក្នុងឆ្នាំសិក្សា២០២០-២០២១ ទាំងគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ ព្រមទាំងសម្រាប់គ្រឹះ​ស្ថាន​សិក្សា​ឯ​កជន ខណៈព្រឹត្តិការណ៍«សហ​គមន៍​​២០កុម្ភៈ» នៅមិនទាន់បញ្ចប់នៅឡើយ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ