សហជីព​បារម្ភ​ពី​ការ​រក​ឃើញ​ករណី​សង្ស័យ​ពាក់ព័ន្ធ​វីរុស ​​ដែលតា​ នៅ​តាម​រោងចក្រ​

ក្រុមគ្រូពេទ្យជំនាញធ្វើការយកសំណាកពីកម្មការិនីម្នាក់ដែលធ្វើការនៅរោងចក្រ ឌីន ហាន ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅទីតាំងរោងចក្រផ្ទាល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រុម​សហជីពបារម្ភពីការរកឃើញជាបន្តបន្ទាប់អំពីករណីឆ្លង​ជំងឺ​កូវីដ-១៩ក្នុង​ចំណោម​កម្មករ​រោងចក្រ សង្ស័យ​ពាក់ព័ន្ធ​ប្រភេទ​បំប្លែងថ្មី​​​ ដែ​​លតា ដែលអាចនឹងផ្ទុះ​ការចម្លងក្នុងទ្រង់ទ្រាយធំសារ​ជាថ្មី បើភាគីពា​ក់ព័ន្ធមិនមានវិធានការឆ្លើយតបនិងចូលរួមសហការឱ្យ​​បានម៉ឺងម៉ាត់។

ការបារម្ភនេះធ្វើឡើងស្របពេលរោងចក្រកាត់ដេរក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញករណីវិជ្ជ​មាន​កូវីដ-១៩ សង្ស័យពាក់ព័ន្ធវី​រុសបំប្លែងថ្មីប្រភេទ “ដែលតា” ជាបន្តបន្ទាប់ ខណៈក្រសួងសុខាភិបាល​ប្រកាស​​នៅថ្ងៃម្សិលមិញ ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីនេះ ជិត៧​០​០ករណីថ្មីប​ន្ថែ​ម​ទៀត ដែលធ្វើឱ្យតួលេខឆ្លងស​រុប​កើ​នដល់ជាង៣ ០០០ករណី (៣ ៣២៣នាក់​)។

ប្រធានសហព័ន្ធសហជីពជាតិកម្ពុជា លោក ហ្វា សាលី មើលឃើញថា វីរុសបំប្លែងថ្មីកំពុង​រាល​ដាលចូល​ដល់​សហគមន៍រោងច​ក្រ​កាត់ដេរ ដែលជាសញ្ញាណមួយគួរឱ្យព្រួយបារម្ភ។ លោកថា ភាគីពាក់ព័ន្ធ ជាពិសេសក្រ​សួង​សុខាភិបាលនិ​ងអាជ្ញាធរដែនដី ត្រូវរួមសហការគ្នា​ចាត់​វិធាន​ការ​បង្ការនិង​ទប់ស្កាត់​ឱ្យបា​ន​ទាន់​ពេលនិងម៉ឺងម៉ាត់ ដើម្បីបញ្ចៀសការផ្ទុះការចម្លងក្នុងទ្រង់ទ្រាយធំសារជាថ្មី។

យ៉ាងណា លោកបន្ថែមថា ក្រសួងសុខាភិបាលគឺជាភាគីដែលមានសិទ្ធិក្នុងការសម្រេចថា ត្រូវតម្រូវឱ្យ​រោងចក្រណា​ត្រូវផ្អាក ឬមិនត្រូវផ្អាកការងារបណ្តោះអាសន្ន ឬត្រូវបញ្ជូនអ្នកពាក់ព័ន្ធចំនួនប៉ុន្មានឱ្យធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរដែនដីមានតួនាទីសំ​ខា​​​ន់ក្នុងការត្រួ​តពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធទៅតាមការណែនាំរបស់មន្រ្តីក្រសួងសុខាភិបាល។

លោក ហ្វា សាលី មានប្រសាសន៍បន្ថែមថា៖ «វាអាចនឹងធ្ងន់ធ្ងរ អាចនឹងគ្រប់គ្រងលែងបាន ហើយបើសិនជាយើងអាច​គ្រប់គ្រ​​ងបានទាន់ពេលវេលា នោះរោងចក្រអាចប្រកបដោយអចិន្រ្តៃយ៍ទៅមុខទៀត។ តែបើយើងធ្វេសប្រហែស អាចចម្លងតៗគ្នា អ៊ីចឹងទៅពីរោងចក្រមួយទៅរោងចក្រមួយ នោះវាជាផលលំបាក​ខ្លាំង​ណាស់ ហើយយើងមានការព្រួយបារម្ភ ដោយសារតែដែលតានេះបា​នហើបឡើងវិញនៅតាមបណ្តារោងចក្រ»

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន និងអភិ​បាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានទេ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

យ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ថ្លែងឱ្យដឹងតាមប្រព័ន្ធ Telegram ថា ចំ​ពោះករណីរកឃើញមានវិជ្ជមានជំងឺកូវីដ-១​៩ ក្នុងចំណោមកម្មករនិយោជិតនៅតាមរោងចក្រ ទោះជាប្រភេទបំប្លែងថ្មីក្តី គឺត្រូវអ​នុវត្តតាមវិធានការបញ្ជូនអ្នកជំងឺទៅព្យាបាល។ លោកបញ្ជាក់ថា សម្រាប់ការសម្រេចផ្អាកឬមិនផ្អាកប្រតិបត្តិការរោងចក្រជាបណ្តោះអាសន្ន អាស្រ័យទៅលើ​​កម្រិតហានិភ័យនៃការចម្លង។

លោក ហេង សួរ បានលើកឡើងថា​៖ «អនុវត្តតាមការវាយតម្លៃកម្រិតហានិភ័យ និងសម្រេចរបស់មន្ត្រីមានសមត្ថកិច្ច»

តាមសេចក្តីប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតចាប់ពីចុងខែសីហាមក អាជ្ញាធរ​បានរកឃើ​ញរោងចក្រក្នុ​ងរាជធានីភ្នំពេញចំនួន​៣ រួមមាន រោង​ចក្រ​ Top Summit, ស៊ីន​ ហាវ​ ស៊ុន​ ខេមបូឌា, និងរោងចក្រ ជីអេធី មានករណីឆ្លងកូវីដ-១៩ សរុប៤៥ករណី ក្នុងចំណោមកម្មករ-កម្មការិនីជាង៦ ០០០​នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងវីរុសដែលតា។

ពាក់ព័ន្ធបញ្ហានេះ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ​(CATU) លោកស្រី​ យ៉ាង សោភ័ណ្ឌ ឱ្យដឹងថា អ្នកស្រី​បានទទួលព័ត៌មានពីសមាជិកមូលដ្ឋាននៅរោងចក្រ ជីអេធី មកថា ពិតជាមានករណីពាក់ព័ន្ធឆ្លងវីរុសបំប្លែងថ្មី “ដែលតា” ពិតមែន តែភាគីថៅកែមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយ។

អ្នកស្រីមានប្រសាសន៍ថា៖ «ឥលូវហ្នឹងកំពុងតែពិនិត្យកម្មករនៅឡើយ ហើយបើតាមព័ត៌មានក្រៅផ្លូវការ ដូចជារកឃើញកម្មករនៅហ្នឹង ៤នាក់ហើយដែលបានឆ្លង។ ប៉ុន្តែគ្រាន់តែព័ត៌មាននេះមិនទាន់ពិត១០០​ភាគរយ ថាយ៉ាងម៉េចទេ! យើងកំពុង​តែតាមដានរឿងហ្នឹងដែរ ហើយក្រុមហ៊ុនមិនទាន់មានវិធានការចេញជាមធ្យោបាយមួយណាឱ្យកម្មករសម្រាកឬក៏អត់ឱ្យស​ម្រាកទេ»

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួនជិត១០ម៉ឺននាក់ (៩៧ ៥២៤នាក់) ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួនជាង៩ម៉ឺននាក់ (៩២ ៤៩៥នាក់) និងករណីស្លាប់កើនដល់​ចំនួន​ជាង២ពាន់នាក់ (២ ០០៧នាក់​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ