ក្រសួង​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ចម្លង​ជំងឺ​កូវីដ-១៩​ និង​ពុល​ចំណី​អាហារ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ

ពុទ្ធបរិស័ទជិតឆ្ងាយមកប្រគេនចង្ហាន់ព្រះសង្ឃនៅវត្តមួយកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃដាក់បិណ្ឌទី១ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លងវីរុសកូវីដ-១៩ និងពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ បានឱ្យដឹងថា នៅអំឡុងពេលពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវជួបជុំគ្រួសារតែនៅក្នុងខ្នងផ្ទះឬគេហដ្ឋានតែមួយ មិនត្រូវទៅជួបជុំឬអញ្ជើញសាច់ញាតិឬអ្នកដទៃស្នាក់នៅគេហដ្ឋានផ្សេង មកជួបជុំគ្នាលេងល្បែងស៊ីសង ច្រៀងរាំ ឬពិសាអាហារ និងគ្រឿងស្រវឹង ដែលមានហានិភ័យងាយនឹងឆ្លងជំងឺកូវីដ-១៩នោះទេ។ ប៉ុន្តែត្រូវជំនួសមកវិញនូវការជួបជុំនិងជជែកគ្នាតាមរយៈអនឡាញ ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។

ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីនោះ​ ក្រសួងបាន​ណែនាំ​ដល់​​បុគ្គល​គ្រប់រូប គ្រួសារ និងសហគមន៍ ត្រូវតែបន្តរួបរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ករណីនេះ ក្រសួងបាន​អំពាវនាវនិងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តការការពារនូវការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ​វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។

ចំណែកវិធានការបង្ការពុលចំណីអាហារអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវិញ ក្រសួងបានណែនាំ​ដល់​​អាជ្ញាធរ​ភូមិ ឃុំ ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ត្រូវពិនិត្យឱ្យបានដិតដល់តាមដានលើពុទ្ធបរិស័ទដែលចេញចូលក្នុងវត្តអារាម វិហារ សាលាឆាន់ និងកុដិ ហើយពលរដ្ឋគ្រប់រូបក៏ត្រូវ​អនុវត្តវិធានការសុវត្ថិភាពចំណីអាហារ រក្សាភាពស្អាត ទុកដាក់អាហារឆៅនិងឆ្អិននៅដាច់ដោយឡែកពីគ្នា ចម្អិនអាហារឱ្យឆ្អិនល្អ ពិសេសសាច់សត្វ ស៊ុត និងគ្រឿងសមុទ្រ និងទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពសុវត្ថិភាពត្រជាក់តិចជាង៥អង្សាសេ និងក្តៅលើសពី៦០អង្សាសេ ឬចម្អិនអាហារតែមួយពេលសម្រាប់តែមួយពេលកាន់តែល្អ។

ចំពោះការធ្វើដំណើរវិញ សេចក្តីណែនាំដដែលបន្ថែមថា កុំឱ្យប្រើប្រាស់មធ្យោបាយសាធារណៈ​ផ្ទុកមនុស្សច្រើន រាល់​ពេលធ្វើដំណើរត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាព បាញ់អាល់កុល និងសាប៊ូលាងដៃ បើកកញ្ចក់រថយន្តឱ្យមានខ្យល់ចេញចូល​ ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងបើកបរត្រូវគោររពច្បាប់។ ​ប៉ុន្តែបើអំឡុងពេលធ្វើដំណើរនោះ មានអ្នកក្អក ផ្តាសាយ ក្តៅខ្លួន ត្រូវទៅមន្ទីរពេទ្យរដ្ឋពិនិត្យសុខភាពជាបន្ទាន់ ចៀសវាងចម្លងជំងឺផ្តាសាយ ឬជំងឺកូវីដ-១៩ ទៅបុគ្គលដទៃផងដែរ។

គិតត្រឹមព្រឹកថ្ងៃពុធម្សិលមិញ​ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៩៦ ៩៣៥នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩២ ០១៥នាក់ អ្នកស្លាប់កើនដល់​ចំនួន​១​ ៩៨៧​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៦ ៣១០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ