បណ្ណា​ល័យ​ចល័ត​របស់​អង្គការ​មួយ​បំពេញ​តម្រូវ​ការ​អប់រំ​របស់​កុមារ​ជាង​១១​ម៉ឺន​នាក់​នៅ​ក្នុង​សហគមន៍

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ភ្នំពេញ៖ អង្គការទស្សនៈ​ពិភព​លោក (World Vision) បានផ្តួចផ្តើមបង្កើតបណ្ណាល័យចល័ត ដើម្បីឆ្លើយតបនឹងតម្រូវការនៃការសិក្សា និងជំរុញទម្លាប់ការអានដល់កុមារកម្ពុជា​ជាង១១ម៉ឺននាក់ និងសាលាចំនួន៥៣២ អំឡុងពេលបិទខ្ទប់ជំងឺកូវីដ-១៩។ នេះបើយើងតាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

កុមារា មករា​ វ័យ១២ឆ្នាំ សិស្សថ្នាក់ទី៦ នៅសាលាបឋមសិក្សាភ្នំពិត ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បង្ហាញអារម្មណ៍សប្បាយរីករាយនិងមោទកភាពជាខ្លាំងដែលអាចខ្ចីសៀវភៅច្រើនប្រភេទយកទៅអានតាមរយៈគម្រោងបណ្ណាល័យចល័តនេះ។​​​

មករា ត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ​ទស្សនៈ​​ពិភពលោកថា៖ «ពេលអានច្រើនទៅ ចេះដឹងច្រើន ហើយចេះប្រកប ចេះពាក្យច្រើនទៀត។ សប្បាយចិត្ត [ព្រោះ] អត់ហត់ទៅខ្ចី [ឬ] ត្រូវដើរទៅយក។ បានបងៗ [ក្រុមយុវជនស្ម័គ្រចិត្ត] គាត់ចុះមកឱ្យ [សៀវភៅ] អ៊ីចឹងស្រួល»។

អ្នកស្រី ឈិត ឆ័យ ដែលជាអ៊ុំស្រីរបស់កុមារា មករា បាននិយាយថា៖ «ខ្លួនមានអារម្មណ៍រីករាយណាស់ដែល មករា នៅផ្ទះអានសៀវភៅច្រើនជាងមុន ពេលខ្លះអានរឿងឱ្យគាត់ស្ដាប់ ហើយមិនសូវដើរលេងទៅក្រៅជាមួយមិត្តភក្តិទេ។ អត់សូវចេះអក្សរ អ៊ីចឹង​ខ្ញុំចូលចិត្តពេល មករា អាន [សៀវភៅ] ឱ្យស្ដាប់។ ឥលូវខ្ញុំឧស្សាហ៍ហៅ [មករា] ឱ្យជួយអានរឿងឱ្យស្ដាប់សឹងរាល់ថ្ងៃ»។

លោក សុខ ឧត្ដម បណ្ណារក្សនៃសាលាបឋមសិក្សាភ្នំពិត លើកឡើងថា កុមារក្នុងសហគមន៍ចាប់ផ្ដើមចូលរួមនិងកែទម្លាប់ច្រើនមករកការអានសៀវភៅ លែងសូវដើរលេង និងមើលទូរទស្សន៍ឬលេងទូរសព្ទ។

លោក ឧត្ដម បន្ថែមថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពេលសាលាយើងជួយរៀបចំគម្រោងបានជោគជ័យបែបហ្នឹង។ មិនត្រឹមតែចំពោះកុមារក្នុងសហគមន៍ដូច មករា ទេ កម្មវិធីនេះក៏ជួយយុវជនស្ម័គ្រចិត្តក្នុងគម្រោងឱ្យទទួលបានបទពិសោធន៍ក្នុងការធ្វើការងារសង្គមទៀត។ វាក៏ជួយវិស័យអប់រំយើង ជាពិសេសខាងអំណាន ព្រោះកុមារនៅជនបទ ពួកគាត់ខ្សោយច្រើនខាងការអាន»។

តាមរយៈការតាមដានពិនិត្យការខ្ចីសៀវភៅ លោក ឧត្ដម សង្កេតឃើញចំនួនសៀវភៅដែលត្រូវបានខ្ចីមានការកើនឡើង ហើយកុមារក៏បានដឹងនិងស្គាល់រឿងច្រើនជាងមុនដែរ ព្រោះពេលក្រុមការងាររបស់លោកអានរឿងថ្មីឱ្យស្ដាប់ មានកុមារខ្លះពោលថា ខ្លួនបានអានរឿងនោះរួចហើយ។

ប្រធានបច្ចេកទេសកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោក លោក វ៉ា សុរិន និយាយថា៖ «បណ្ណា​ល័យ​ចល័ត បាន​និង​កំពុង​ជួយ​ជំរុញដល់ការអាននិងស្វ័យសិក្សារបស់កុមារ ជាពិសេសកុមារដែលមិនមានសម្ភារសិក្សាគ្រប់គ្រាន់។ ពួកគេអាចខ្ចីសៀវភៅរឿង សៀវភៅចំណេះដឹងទូទៅ ដើម្បីយកទៅអានឬរៀននៅផ្ទះ»។

លោក សុរិន បន្តថា៖ «គម្រោងនេះបានជួយទៅដល់កុមារបានយ៉ាងច្រើន ដោយកុមារអាចទទួលបានសៀវភៅរឿងនិងសម្ភារសិក្សាផ្សេងៗ ដើម្បីបានអានបន្ថែមនៅផ្ទះពេលទំនេរ ឬអានជាមួយ​មិត្តភក្តិដែលនៅជិត​ផ្ទះ។ ហើយជាពិសេសទៅទៀត កុមារអាចអានជាមួយឪពុកម្តាយនៅពេលទំនេរ ដែលអាចបង្កើនភាពរីករាយក្នុងគ្រួសារ និងជួយកាត់បន្ថយបានមួយចំនួនទៀតទៅលើការបាត់បង់ការ​រៀនសូត្ររបស់កុមារមួយចំនួនដែលមិនបានរៀនតាមអនឡាញឬតាមបណ្តុំតូចៗ»។

លោកបន្ថែមថា បណ្ណាល័យចល័តដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើននៃកម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក ត្រូវបានផ្តួចផ្តើមឡើងចាប់ពីខែមីនា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការសិក្សារបស់កុមារ ក្នុងអំឡុងពេលសាលារបស់ពួកគេត្រូវបានបិទដោយសារការរាត​ត្បាតនៃជំងឺ​កូវីដ-១៩។

សកម្មភាពបណ្ណាល័យចល័តរបស់អង្គការ បានសហការជាមួយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍និងបណ្ណារក្សរបស់​សាលាគោលដៅចំនួន​៥៣២ ដើម្បីលើកស្ទួយទម្លាប់នៃការអានរបស់កុមារប្រមាណជាង១១ម៉ឺននាក់ នៅស្រុកចំនួន៣០ ក្នុងបណ្តាខេត្តចំនួន៩។ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍និងបណ្ណារក្សបានចុះតាមភូមិក្នុងសាលាគោលដៅក្នុងមួយសប្តាហ៍ម្តង ដើម្បីយកសៀវភៅទៅឱ្យកុមារនៅក្នុងភូមិខ្ចី ហើយពួកគេក៏ជួយជំរុញឱ្យឪពុកម្តាយរបស់កុមារតាមដាន ជួយបង្រៀន និងលើកទឹកចិត្តកូនរបស់ខ្លួនឱ្យរៀននៅពេលទំនេរពីការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ