CMH​ គាំទ្រ​ឱ្យ​ស្ថាប័ន​រដ្ឋ​ឈប់​ទទួល​យក​សម្ភារ​ផ្សេងៗ​ក្នុង​ន័យ​​ផ្សព្វផ្សាយ​​ផលិត​​ផល​​​​ពី​ក្រុម​ហ៊ុន​​​​​ថ្នាំ​ជក់​

បុរសម្នាក់កំពុងជក់បារី។ (ហ៊ុយ ឧស្សាហ៍)

អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) គាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យ​ក្រុម​ហ៊ុន​ថ្នាំជក់ បញ្ឈប់ជាបន្ទាន់នូវការឧបត្ថម្ភជាសម្ភារផ្សេងៗ ក្នុងន័យ​ផ្សព្វផ្សាយ​ផលិត​ផល​​ថ្នាំជក់របស់​ខ្លួនដល់​ក្រសួងស្ថាប័នឬរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដែលសកម្មភាពនេះជាការ​ល្មើសទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។   

សេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ​ចលនាដើម្បីសុខភាពកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែ​កញ្ញានេះ បាន​លើកឡើងថា កាលពីថ្ងៃទី០៨ ខែសីហាថ្មីៗនេះ មន្ត្រីក្រសួងសុខាភិបាលបាន​ស្នើ​​សុំ​ការ​សហការ​ពីក្រសួងនិង​ស្ថាប័នពាក់ព័ន្ធ​ទាំង​​ថ្នាក់​​ជាតិនិង​​ថ្នាក់​ក្រោម​ជាតិ​ទាំង​អស់ មិន​ត្រូវ​ទទួល​យក​ជំនួយ​ឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ដែលមាន​បង្ហាញពីឈ្មោះផលិតផល ឬ​ឈ្មោះ​​ក្រុម​ហ៊ុន​ផលិត​ផល​ថ្នាំ​ជ​ក់នោះ​​ទេ ដោយហេតុថា ការឧបត្ថម្ភនេះមិនមែនជាកិច្ចការសប្បុរសធម៌ដែលចូលរួមចំណែកជួយសង្គមនោះឡើយ។

សេចក្តីប្រកាសព័ត៌មានដដែលបានស្រង់​ប្រសាសន៍មន្ត្រីរូប​នេះបន្ថែមថា ផ្ទុយទៅវិញ ទង្វើទាំង​នេះគឺជាការផ្សព្វផ្សាយក្នុងគោលបំណងទាក់ទាញការចាប់អារម្មណ៍ និងឆ្លៀតឱកាសផ្សព្វ​ផ្សាយ​លើក​តម្កើងកេរិ៍្តឈ្មោះ និងដើម្បីផលប្រយោជន៍ក្រុមហ៊ុនថ្នាំជក់តែប៉ុណ្ណោះ ហើយនេះជាទង្វើល្មើសច្បាប់។

ករណីនេះ អង្គការ​ចលនាដើម្បីសុខភាពកម្ពុជា បានគាំទ្រ​ចំពោះចំណាត់ការនេះ ដើម្បីបញ្ចៀស​​ហានិភ័យ​ខ្ពស់​ដល់ការ​ឆ្លងជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៅដល់អ្នកប្រើប្រាស់​ផលិត​ផល​ថ្នាំជក់។

អង្គការនេះបានលើកឡើងថា៖ «សកម្មភាព​ទាំងអស់នេះផ្ទុយទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ។ បើក្រុមហ៊ុនថ្នាំជក់មានបំណងរួមចំណែកកាត់បន្ថយជំងីកូវីដមែន ក្រុមហ៊ុនគួរតែបញ្ឈប់ការផ្សាយលក់បារីនិងបង្ហាញសកម្មភាពក្រុមហ៊ុនរបស់ខ្លួនដើម្បីបិទបាំងការពិតទៀតទៅ»។

មាត្រា៣ នៃអនុក្រឹត្យស្តីពីការបង្កើតនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិត​ផលថ្នាំជក់ បានចែងហាមសមាជិករបស់ខ្លួនមិនឱ្យមានទំនាស់ផលប្រយោជន៍ឬទំនាក់ទំនងជាមួយឧស្សាហកម្មថ្នាំជក់។ ក្រសួងស្ថាប័នមួយចំនួន និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ជាសមាជិកនៃគណៈកម្មាធិការនេះ។

បើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា ដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់​ បាន​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ និង​ខាតបង់សេដ្ឋកិច្ចជាតិប្រមាណ៦៤៩លាន​ដុល្លារសហរដ្ឋអាមេរិក​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ