អ្នក​ឃ្លាំ​មើល​ថា​ជំនួប​​លោក​ ហ៊ុន​ ម៉ាណែត​ និង​មន្ត្រី​​​យោធា​​អាមេរិក​ ជា​​សញ្ញា​វិជ្ជ​មាន​​​នៃ​​ដំណើរ​​​ការ​​ប្រជា​​ធិប​តេយ្យ​

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ​នៃកងយោធពលខេមរភូមិន្ទ ដើម្បីណែនាំលោកវរសេនីយ៍ឯក Jacky Ly អនុព័ន្ធ​យោធាថ្មី​របស់សហរដ្ឋអាមេរិក ដោយបានពិភាក្សាគ្នាអំពីការខិតខំរួមគ្នា ដើម្បីប្រឆាំងនឹងមេរោគរាតត្បាត និងសារៈសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាត្រូវមានអធិបតេយ្យ​ភាព ឯករាជ្យ​ភាព និងលទ្ធិប្រជាធិបតេយ្យ។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

អ្នកតាមដានសង្គមមួយចំនួនមើលឃើញថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ា​ណែត ជាមួយ​​​អនុព័ន្ធយោធាសហរដ្ឋអាមេរិក ជាសញ្ញាវិជ្ជមានមួយឈាន​ទៅបើក​លំ​​ហ​ប្រជាធិបតេយ្យមុន​ការបោះឆ្នោតមកដល់។

នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បាននាំអនុព័ន្ធ​យោធាថ្មី​របស់ខ្លួន គឺលោក Jacky Ly ជួបជាមួយ​មេ​បញ្ជាការកងទ័ពជើងគោក​​នៃកងយោធពលខេ​​មរភូមិន្ទ​កម្ពុជា លោក ហ៊ុន ម៉ាណែត។

ក្រោយជំនួបនោះ​ សហរដ្ឋអាមេរិកតាមរយៈគេហទំព័រស្ថានទូត​របស់​ខ្លួនប្រចាំ​កម្ពុជា បានបង្ហោះរូបថតនិងជាអក្សរខ្លីថា៖ «ពួកគេបានពិភាក្សាគ្នាអំពីការខិតខំរួមគ្នា ដើម្បីប្រឆាំងនឹងមេរោគរាត​ត្បា​ត និងសារៈសំ​ខា​ន់​ដែល​ព្រះរាជាណាចក្រកម្ពុជា ត្រូវមានអធិបតេយ្យ​ភាព ឯករាជ្យ​ភាព និងលទ្ធិ​ប្រជាធិបតេយ្យ»

ចំណែកលោក ហ៊ុន ម៉ាណែត វិញ បានសរសេរសារ​បង្ហោះលើបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ដែរ​ថា៖ «លោកបាន​ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា» ។ 

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញ​ថា ជំនួបនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា​ ក្នុងការបង្កើនទំនាក់ទំ​នងផ្នែកវិស័យយោធាជាមួយប្រទេសមហាអំណាច ដើម្បីបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា​គ្មានភាព​​លម្អៀង ខណៈតំបន់អាស៊ានកំពុង​ស្ថិ​​ត​ក្នុង​តំបន់​ប្រទាញ​ប្រទង់រវាង​មហាអំណាច​ចិននិងសហរដ្ឋអាមេរិក។

លោកបន្តថា​ ជាង​៣០ឆ្នាំមកនេះ ការរីកចម្រើនរបស់កម្ពុជាបានកើតឡើងពីការខិតខំប្រឹងប្រែង​របស់​មេដឹកនាំ​កម្ពុជា​មួយ​ផ្នែក និងមានការជួយជ្រោមជ្រែងពីប្លុកលោកសេរី រួមទាំង​សហរដ្ឋអាមេរិក ដែលពួកគេចង់ឱ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។

លោកគូសបញ្ជាក់ថា ជំនួប​រវាងអនុព័ន្ធយោធាអាមេរិក និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជានេះ ក៏​ជាសារ​នយោបាយដ៏សំខាន់មួយដែល​កើតចេញពីឥស្សរជន​នយោបាយវ័យក្មេ​ង​ដ៏មានឥទ្ធិពល​នៅក្នុងគណបក្សកាន់អំណាចរបស់កម្ពុជា ដែលលោកសង្ឃឹមថា ខ្លឹមសាររួមនេះនឹងជំរុញដល់ការបើកលំហប្រជាធិបតេយ្យឡើងវិញមុនការបោះឆ្នោតមកដល់។

លោកថា៖ «ខ្ញុំគិតថា ខ្លឹម​សារនេះ​ឆ្លុះបញ្ចាំងថា សហរដ្ឋអាមេរិកនៅតែខ្វល់ខ្វាយចំពោះកម្ពុជាក្នុងការវិលទៅរកដំណើរការប្រជាធិបតេយ្យ […] ជំរុញឱ្យមានភាពប្រសើរឡើងនូវសិទ្ធិសេរីភាពក្នុងការចូលរួមវិស័យ​នយោ​បាយ ពិសេសការបោះឆ្នោតខាងមុខនេះ»។

តែយ៉ាងណា លោក​គិត​ថា ល្បឿននៃការវិលទៅស្តារប្រជាធិបតេយ្យវិញ ក៏​អាស្រ័យ​ទៅលើការប្តេ​ជ្ញាចិត្ត​របស់​អ្នក​នយោបាយ​កាន់​អំណាច និង​ការ​យល់ដឹង​របស់​ពលរដ្ឋកម្ពុជាផងដែរ។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត មាស នី និយាយថា ជំនួបបែបការទូតនេះជាការទាញយក​ប្រយោជន៍ទាំង​សងខាង ប៉ុន្តែគោលបំណងសំខាន់នៃភាគីទាំងពីរស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។

យ៉ាងណា លោកគិតថា ការនាំប្រជាធិបតេយ្យត្រលប់មកវិញជារឿង​លំបាកមួយ បើរដ្ឋាភិបាលកម្ពុជាយ​​កជំនួបនេះធ្វើជារូបភាព​ដើម្បីទាក់ទាញការ​ចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ហើយព្យាយាមបំ​ភ្លេចបញ្ហាជាច្រើនដែលបានកើតឡើងនៅកម្ពុជានាប៉ុន្មានឆ្នាំមកនេះ។

លោកថា៖ «ប៉ុន្តែទោះបីយ៉ាងនេះ ក៏ខ្ញុំគិតថា វាជាដំណើរការវិជ្ជមានមួយដែរដែលគូភាគីបានជួបគ្នា ទោះ​​​​បី​ជាដោះស្រាយរឿងផ្សេងក៏ដោយ ក៏ប៉ុន្តែវាក៏ជាដំណើរការមួយដែលឈានទៅរកការបង្កើនភាពទុ​​​ក​ចិត្តគ្នាឡើងវិញរវាងសហរដ្ឋអាមេរិកនិងកម្ពុជាផងដែរ»។

យ៉ាងនេះក្តី លោកបារម្ភថា កម្ពុជាអាចនឹងក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរក្នុងតំបន់អាស៊ីពីឥទ្ធិពលរប​ស់​មហាអំណាច លើការប្រកួតប្រជែង​ភូមិសាស្ត្រនយោបាយ បើកម្ពុជាលម្អៀងទៅរកភាគីមហាអំណា​​ចណាមួយមែននោះ។

ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍​ថា រដ្ឋាភិបាលកម្ពុជាមិនលម្អៀង​ទៅរកមហាអំណាចណាមួយនោះទេ ដោយថា កម្ពុជា​អនុវត្តគោលនយោបាយការបរទេស​ពហុនិយម ដើម្បីឆ្លើយតបនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផង និង​គោលនយោបាយអាស៊ាន​ផងដែរ។

លោកថា៖ «អាស្រ័យដូច្នេះ បានយើងឃើញថ្នាក់ដឹកនាំរបស់យើងជួបគ្រប់ទាំងអស់ មិនមែនជួប​តែប្លុកលោកខាងលិច ខាងកើត ខាងជើង ខាងត្បូង អត់ទេ! តែសម្តេចលោកថា យើងត្រូវបង្កើន​មិត្ត​ទាំងអស់ អាហ្នឹងជាទិសដៅរបស់រាជរដ្ឋាភិបាល និងជាគោលនយោបាយបរទេសរបស់កម្ពុជា គឺពហុភាគីនិយម»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ជំនួបនេះជាកាយវិការថ្មីមួយទៀ​​ត​ជំរុញដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា បើទោះជាលោកគិតថា កូនសោរនៃការស្តារស្ថានកា​រណ៍នយោបាយស្ថិតនៅលើដៃមេដឹកនាំកម្ពុជាក៏ដោយ។ លោកបន្តថា សហរដ្ឋអាមេរិក​ទំនងជាមិនបណ្តែតបណ្តោយឱ្យកម្ពុជាចេះតែបោះជំហានចាកឆ្ងាយទៅៗពីគន្លងប្រជាធិបតេយ្យនោះទេ ។

លោកថា៖ «កាយវិការហ្នឹង វាជាការជួយជំរុញប្រទេសកម្ពុជាហ្នឹងឱ្យងាកមករកគន្លងនៃការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរ។ ខ្ញុំគិតថា ជាការជួយកម្ពុជាមួយចំណែកដែរ»។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មើលឃើញថា ជំនួបនេះបានធ្វើឡើងមុនតែប៉ុន្មានថ្ងៃនៃការមកដល់​របស់រដ្ឋមន្ត្រីការប​រទេសចិ​ន លោក វ៉ាង យី ដែលលោកគិតថា វាជាការប្រកួតប្រជែងឥទ្ធិពល​របស់មហាអំណាចលើភូមិ​សាស្ត្រនយោបាយ។ លោកថា បញ្ហានេះ សហរដ្ឋអាមេរិកមិនត្រឹមតែផ្ញើសារ​នៅលើគេហទំ​ព័របស់ស្ថានទូតប្រចាំកម្ពុជាប៉ុ​ណ្ណោះ​​ទេ ថែមទាំងធ្វើច្បាប់ថវិកាជាតិ ឆ្នាំ២០២២ ដាក់បញ្ចូលបញ្ហាកម្ពុជា ដើម្បីបិទខ្ទប់ជំនួយដល់កម្ពុជា​ផងដែរ ដើម្បីទប់ស្កាត់ឥទ្ធិពលចិនផងដែរ។

លោ​កថា៖ «ក្នុងចំណោម៤ចំណុចហ្នឹង មានចំណុចមួយនិយាយអំពីអធិបតេយ្យភាពនិងឯករាជ្យភាពរប​ស់​កម្ពុជា ដែលអាចពាក់ព័ន្ធនឹងវត្តមានមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា។ ហើយបើសិនជាកម្ពុជាមិន​ព្រមកែសម្រួលនៅក្នុង៤ចំណុច​ដែលមានចែងក្នុងច្បាប់ថវិកាជាតិរបស់សហរដ្ឋអាមេរិកទេ កម្ពុជានឹង​ពិ​បាក​ទទួលជំនួយពីសហរដ្ឋអាមេរិកណាស់នៅឆ្នាំ២០២២ ហើយវានឹងក្លាយជាបន្ទុកថ្មីមួយទៀតសម្រា​​ប់រដ្ឋាភិបាលកម្ពុជា»។

យ៉ាងណា កាលពីថ្ងៃទី១ ខែ​មិថុនា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់អនុរដ្ឋមន្រ្តីក្រ​សួ​ង​ការបរទេសសហរដ្ឋអាមេរិក លោ​កស្រី Wendy Sherman ​បាន​សុំការ​បំភ្លឺពីនាយករដ្ឋមន្ត្រីកម្ពុជា ​លោក ហ៊ុន សែន លើការ​វាយកម្ទេចអគារចំនួន២ នៅ​​រាម ខេត្តព្រះសីហនុ ដែល​ជាជំនួយថវិកា​ពីសហរដ្ឋអាមេរិក ដោយគ្មានការជូនដំណឹងជាមុន។ បន្ថែមពីនេះ លោកស្រីក៏បាននិយាយពីការព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក ថាអាចនឹងមានមូលដ្ឋា​ន​យោ​ធាចិនណា​មួយ​នៅលើទឹកដី​កម្ពុជា ដែលអាមេរិកថា នោះជាការគំរាម​កំហែង​សន្តិសុខតំបន់និង​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំន​ង​​រវាង​អាមេរិកនិង​កម្ពុជា។

មួយវិញទៀត លោកស្រី Wendy Sherman ក៏​ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបើកឡើងវិញ​នូវ​លំហ​នយោ​បាយ និង​លំ​ហ​​សម្រាប់​ពលរដ្ឋ​ធ្វើ​សកម្មភាពនៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ