ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ ស្នើ​​អាជ្ញាធរ​​​ពន្លឿន​ការ​​ដោះ​ស្រាយ​រឿង​ដីធ្លី

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋ៤នាក់ តំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ហេង វិចិត្រ)

ពលរដ្ឋ៤នាក់ តំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។

វ័យ៦១ឆ្នាំ អ្នកស្រី អ៊ឹវ ម៉ាច ដែលអះអាងថា ជាអ្នករងផលប៉ះពាល់​ពីគម្រោង​អភិវឌ្ឍន៍ផ្លូវដែក ថ្លែងប្រាប់ វីអូឌី នៅ​ថ្ងៃចន្ទនេះថា ដើម​ចម​ដែល​នាំឱ្យពួកគាត់នាំគ្នាដាក់ញត្តិនេះ ដើម្បីស្នើ​ឱ្យ​អាជ្ញាធរ​ជួយពន្លឿនការដោះស្រាយបញ្ហា​ដីធ្លីនិងផ្ទះសម្បែង​រ​បស់​ពួកគាត់ឱ្យបានឆាប់ ព្រោះនៅទីតាំងនោះកំពុងប្រឈមនឹងការ​រុះរើ​ដោយ​អាជ្ញាធរ​ខណ្ឌ​​ ដើម្បី​​​​ស្ថាបនា​​ផ្លូវ​​បេតុង និង​​អាងស្តុក​​ទឹក​។

អ្នកស្រីនិយាយថា៖ «ពួកខ្ញុំអ្នកដែលមកដាក់ញត្តិ គឺអ្នកដែលអស់ដី ហើយចង់បាន [ដំណោះស្រាយពីសាលាក្រុង] នៅជិតត្រឹម៥គីឡូម៉ែត្រ [ពីទីតាំងដីចាស់] ទៅវត្តទួល។ ហើយបើអ្នកប៉ះពាល់ពាក់កណ្តាល គឺសុំតម្លៃទីផ្សារសមរម្យកុំឱ្យរុះ [ផ្ទះ] ដោយខ្លួនឯង។ ខ្ញុំលុយរុះក៏គ្មាន ហើយប៉ះផ្ទះក៏ចង់អស់ ហើយគ្រួសារខ្ញុំច្រើននាក់គិតទាំងកូន ក្មួយ និងចៅ ទាំងអស់៣០នាក់ជាង។ ឥលូវខ្លះទៅនៅផ្ទះជួល ខ្លះទៅនៅកន្លែងធ្វើសំណង់ នៅអត់អស់គ្នាទេ ចង្អៀត ពិបាក! ខ្លះគេរុះរើ ហើយអត់ឱ្យសំណង»។

តំណាងសហគមន៍អភិវឌ្ឍន៍ថ្មី លោក ប៊ូ ចាន់ថន រស់នៅភូមិ១៦ ឱ្យដឹងថា ​រដ្ឋបាលរាជធានីភ្នំពេញ បានទទួលយកញត្តិរបស់ពួកគាត់​ហើយ ប៉ុន្តែ​មន្ត្រីនៅទីនោះ​ថា នឹងឱ្យ​មន្ត្រីទាក់ទងទៅប្រជាពលរដ្ឋ ដើម្បីផ្តល់ព័ត៌មាននៅពេលក្រោយ។ តែយ៉ាងណា លោក​ថា មន្ត្រីដែលទទួលឯកសារមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់​ទេ ខណៈតំណាងសហគមន៍ស្នើសុំជួបជជែកគ្នារកដំណោះស្រាយជុំវិញករណីនេះ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

លោកបន្តថា កន្លងមក អាជ្ញាធរមូលដ្ឋាននិងមន្ត្រីនៅរដ្ឋបាល​​រាជធានី​ភ្នំពេញ ធ្លាប់ប្រាប់ពលរដ្ឋថា នឹងផ្តល់ដីនៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន 7NG ដែល​ស្ថិត​នៅ​ខេត្តកណ្តាល និង​នៅ​គោកខ្សាច់។ ប៉ុន្តែពួកគេបានបដិសេធ​​ទទួល​យក​ដី​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន 7NG ដោយពួកគេ​​ស្នើ​សុំ​ដី​​នៅ«​វត្តទួល​អស់​លោក» ឬដី​ក្នុង​ខណ្ឌទួលគោកវិញ ដើម្បីងាយស្រួលប្រកបមុខរបរចិញ្ចឹមជីវិត ម្យ៉ាងកូនៗ​ស្រួលទៅរៀនផងដែរ។

លោកនិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ សូមចូលរួមដោះស្រាយបញ្ហាជូនបងប្អូនយើងទាំងអស់គ្នាឱ្យបានលឿនផង ព្រោះយើងដឹងស្រាប់ហើយ បញ្ហាកូវីដ-១៩ កំពុងតែវាយលុកផង ជីវភាពក៏យ៉ាប់ដែរ។ បើសិនជាគាត់ [អាជ្ញាធរ] ជួយដោះស្រាយបញ្ហាហ្នឹងជូនបងប្អូនយើងឱ្យបានលឿន ពួកគាត់ក៏ងាយស្រួលដែរ។ ដូចក្នុងលិខិត យើងសុំទៅនៅក្រោយវត្តទួលអស់លោក បើសិនជាបាននៅទីនោះ ពួកយើងងាយស្រួល ត្រូវធ្វើផ្ទះ ប្រកបមុខរបរស្រួល»។

ចំណែកអ្នកស្រី មាស ស្រីភាព ជាពលរដ្ឋម្នាក់​ទៀតដែលរងផលប៉ះពាល់​លើគម្រោង​នោះ​ដែរ បាន​​ព្រមានថា បើរដ្ឋបាលរាជធានីភ្នំពេញមិនព្រមដោះស្រាយសងសំណងសមរម្យដល់ពលរដ្ឋ​​ទេ ពួកគេនឹងបន្តតវ៉ារហូតដល់​មានដំណោះស្រាយ។

អ្នកស្រីព្រមានថា៖ «ខ្ញុំនៅតែបន្តសុំជួបចរចាជាមួយលោកពូ ឃួង ស្រេង ឱ្យគាត់ជួយដោះស្រាយជូនពួកខ្ញុំ ឱ្យមានដំណោះស្រាយឱ្យសមរម្យសម្រាប់ពួកខ្ញុំ ព្រោះឥលូវហ្នឹងពួកខ្ញុំរស់នៅទាំងភ័យខ្លាច មិនដឹងពេលណាគេឱ្យរើចេញពេលណាអាចគេបណ្តេញពួកខ្ញុំចេញ។ ខ្ញុំនឹងតវ៉ារហូតមានដំណោះស្រាយ ឱ្យមានសំណងសមរម្យដល់ពួកខ្ញុំ។ បើមិនអ៊ីចឹងទេ ឱ្យពួកគាត់អភិវឌ្ឍនៅនឹងកន្លែងឱ្យពួកខ្ញុំ»។

នាយករដ្ឋបាលរាជធានីភ្នំពេញ លោក សេង វណ្ណៈ សុំមិនបកស្រាយជុំវិញករណីនេះ ខណៈ​អ្នកនាំពាក្យ​ លោក ម៉េត មាសភក្តី ប្រាប់ថាជាប់រវល់។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរត្រូវរកវិធីដោះស្រាយសំណងសមរម្យដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ជាជាងដល់ថ្ងៃអភិវឌ្ឍហើយបែរ​ដាក់ថ្ងៃឱសាន​វាទ​រុះរើ ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋដែលរងផលប៉ះពាល់។

លោកថា៖ «ផលវិបាកជាបទពិសោធន៍កន្លងមក បើមិនមានដំណោះស្រាយ ពួកគាត់នៅតែបន្តទាមទារដាក់ញត្តិ ឬក៏គាត់អាចធ្វើការតវ៉ា ឬក៏ចុងក្រោយ នៅពេលដែលតម្រូវការចាំបាច់ អាជ្ញាធរជូនដំណឹងក្នុងការរុះរើចេញ។ បើមិនអ៊ីចឹង​ទេ ​ការប្រើប្រាស់កម្លាំងក្នុងការរុះរើ ឬការបណ្តេញចេញ។ អាហ្នឹងផលវិបាកប៉ះពាល់វាច្រើន ប៉ះពាល់ទីមួយដល់ជីវភាពរស់នៅប្រជាពលរដ្ឋ ទីពីរវាអាចធ្វើឱ្យមានការរិះគន់ទាក់ទងនឹងការរំលោភលើសិទ្ធិលំនៅឋាន ឬសិទ្ធិមនុស្សជាដើម»។

បើតាមញត្តិរបស់ពលរដ្ឋដាក់ទៅរដ្ឋបាល​រាជធានីភ្នំពេ​ញ នៅថ្ងៃ​ទី១៣ ខែកញ្ញានេះ ពលរដ្ឋដែល​រងផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​ទាំង​​ស្រុងមានចំនួន២៥​គ្រួសារ និងចំនួន៥​គ្រួសារទៀតប៉ះពាល់មួយ​ផ្នែកតែប៉ុណ្ណោះ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ