នាយក​រដ្ឋ​មន្ត្រី​ប្រាប់​កសិករ​ថា​ ទីផ្សារ​ចិន​​នឹង​ដោះ​ស្រាយ​វិបត្តិ​កសិផល​នៅ​ពេល​ឆាប់ៗ​

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានផ្ញើសារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-ចិនដែលនឹង​ចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះ នឹងដោះស្រាយវិបត្តិទីផ្សារកសិផល​ដែល​កំពុងជួបប្រទះបាន។ 

​ការលើកឡើងរបស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន នេះ​ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាទទួលជំនួយ និងកិច្ចសហការទ្វេភាគីផ្សេងទៀតជាមួយរដ្ឋមន្ត្រីការបរទេស​ចិន កាលពីម្សិលមិញ នៅរាជធានីភ្នំពេញ។

ក្នុងពិធីនោះ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែល​បាន​ធ្វើកន្លងទៅ នឹងត្រូវចូលជាធរមានឆាប់ៗនាពេលខាងមុខ។ លោក​បញ្ជាក់​ថា ក្រោយកិច្ចព្រមព្រៀងនេះ​ចូលជា​ធរមានហើយ កម្ពុជានឹងអាចប្រើប្រាស់ទីផ្សារ​របស់ចិនជាផលប្រយោជន៍សម្រាប់ជាទីផ្សារនាំចូលផលិតផលកសិកម្មរបស់កម្ពុជា។

ចំណុចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារទៅកាន់កសិករកម្ពុជាថា រដ្ឋាភិបាលនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយការប្តេជ្ញាចិត្តរបស់មិត្តចិនដែលចង់ជួយដល់កសិ​ក​​​រកម្ពុជា ដែលថា ក្នុងនោះមានទាំងបញ្ហាទីផ្សារផ្លែមៀន​ដែលកំពុងមានវិបត្តិផងដែរ។

លោកថា៖ «ខ្ញុំសូមជម្រាប ដូចជាផ្លែមៀន​ ៣មុខ ដែលយើងកំពុងមានវិបត្តិ»។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាន​ថ្លែងក្នុងពិធីនោះថា ចិននឹង​ជំរុញការនាំចូល​ផលិត​​ផល​​កសិកម្មឱ្យ​កាន់​តែច្រើននិង​មានប្រសិទ្ធភាពខ្ពស់ពីកម្ពុជា។

លោកថា៖ «យើងនឹងជំរុញបញ្ហានេះ ដើម្បីផ្តល់ប្រយោជន៍កាន់តែច្រើនដល់កសិករកម្ពុជា»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ការរំពឹងទីផ្សារចិនដើម្បីដោះ​ស្រាយ​វិបត្តិទីផ្សារក​សិផល​របស់កម្ពុជាទៅថ្ងៃអនាគត ជារឿងល្អមួយ។ តែលោក​ថា វានឹងមិនអាចដោះ​ស្រាយ​បញ្ហា​កសិករ​បាន​ទេ បើ​ក្រសួងពាក់ព័ន្ធរបស់រដ្ឋមិនអាចដោះស្រាយបញ្ហាបច្ចុប្បន្ន ដែលវិស័យកសិកម្មកំពុងជួបប្រទះ ដូចជា បញ្ហាបច្ចេកទេស ទុនបម្រុង ឃ្លាំងស្តុប ជាដើម ដើម្បីធានាគុណភាពតាមស្តង់ដារអន្តរជាតិដូចប្រទេសជិតខាងនោះ។

លោកថា៖ «បើសិនជាមានថវិកាជាតិ គួរបញ្ចេញដើម្បីជួយដល់កសិករ ជាប្រាក់កម្ចី ឬជួយស្វះស្វែងរកដៃ​​​គូក្នុងការកែច្នៃផលិតផល ឬក៏ទាក់ទាញឱ្យមានសហគ្រាសវិនិយោគក្នុងការសម្អាតអនាម័យ ដែលភាគច្រើន​យើងពឹងផ្អែក​តែលើប្រទេសថៃ ដោយថៃមានរោងចក្រសម្អាត។ អ៊ីចឹងយើងក៏គួរតែ​​មានបែបនេះដែរ ដើម្បីអាចដោះស្រាយបញ្ហាចំពោះមុខបាន»។

កសិករ​ដាំបន្លែ​ម្នាក់​នៅស្រុង​ស្អាង ខេត្តកណ្តាល លោក តៃ សុង និយាយថា លោក​ហាក់​គ្មាន​ជំនឿ​លើ​សារនយោ​បាយ​នេះ​ទេ ដោយថា កន្លងទៅ អាជ្ញាធរ​ពាក់ព័ន្ធ​​របស់​រដ្ឋ​មួយ​ចំនួនក៏​បាន​មក​សន្យា​បែប​នេះជា​មួយលោក​ដែរ​ ដោយធានាពីការរកទីផ្សារលក់កសិផល។ ប៉ុន្តែលោកថា ទីបំផុត បន្លែ​ដែល​លោកដាំ​​បា​ន​នៅ​តែ​ជួបវិបត្តិ​ទីផ្សារ រហូតពេលខ្លះធ្វើឱ្យ​លោកសម្រេចចិត្តឈូសសាលាដ​អស់​ជា​ច្រើន​ហិកតា​ចោល ដើម្បីយកដីដាំបន្លែផ្សេងទៀត។

លោកថា៖ «២០ឆ្នាំហើយ ឮតែអ៊ីចឹងរហូត […] ដូចអត់បានផលអីសម្រាប់ខ្ញុំមួយទេ [មន្ត្រីរដ្ឋាភិបាល]កុហក​ខ្ញុំរហូតអ៊ីចឹង ហើយខ្ញុំអត់មានជំនឿអីទៀតទេ។ ឥលូវគិតតែទីពឹងខ្លួនឯងរហូត រឿងក្រសួងគាត់ចា​ត់ចែងម៉េច​ចាត់ចែងទៅ អត់មានសង្ឃឹមលើគាត់ទេ រកវិធីដោះស្រាយខ្លួនឯងរហូត ខ្លួនទីពឹងខ្លួនហើយ»។

តែយ៉ាងណា កន្លងទៅ រដ្ឋាភិបាលធ្លាប់​បញ្ជា​ឱ្យ​មន្ត្រី​ចុះ​ទិញ​ផ្លែមៀនពី​កសិករ​នៅ​ខេត្ត​ប៉ៃលិន​ ក្រោយ​ពួកគេ​អះអាងថា ថៃបិទព្រំដែនបង្កឱ្យ​មានវិបត្តិទីផ្សារក្នុងការនាំចេញ។

តែយ៉ាងណា កសិករម្នាក់ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនតាមការចោទប្រកាន់របស់អាជ្ញាធរ ខណៈបុរសនោះប្រើប្រាស់បណ្តាញសង្គម និយាយថា អាជ្ញាធរបានបញ្ជាទិញហើយតែមិនយកវិញ។

ក្រៅពីនេះ ក្នុងជំនួបជាមួយមេដឹកនាំចិនកាលពីម្សិលមិញនេះដែរ ភាគីចិនក៏បានផ្តល់ហិរញ្ញប្បទានឬជំនួយឥតសំណងប្រមាណ២៧០លានដុល្លារ ជួយដល់ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាចំនួន២,៥លានដុល្លារ និងកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង និងសន្យាជួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣លានដូសបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ