អត្ថបទទស្សនៈ៖ ទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាមនិងអាមេរិកទល់នឹងការរះឡើងរបស់ចិន

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អនុប្រធានាធិបតីសហរដ្ឋអាមេរិក កាម៉ាឡា ហារីស (Kamala Harris) ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រី នៅទីក្រុងហាណូយ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខយុទ្ធសាស្ត្រ។ (ហ្វេសប៊ុក៖ U.S. Embassy in Hanoi)

ការវិភាគពីទំនាក់ទំនងវៀតណាម-អាមេរិក ជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលថ្មីៗនេះ ជាពិសេសចំពេលដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក កាម៉ាឡា ហារីស (Kamala Harris) នៅប្រទេសវៀតណាម។ ផលប្រយោជន៍នយោបាយ សន្តិសុខ និងយុទ្ធសាស្ត្រនិងការរះឡើងរបស់ចិន ជាកត្តាពន្យល់ពីទំនាក់ទំនងល្អរវាងវៀតណាមនិងសហរដ្ឋអាមេរិក។

អត្ថបទនេះនឹងបកស្រាយពីកត្តាដែលពន្យល់ពីទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀតណាម-អាមេរិក ចំពោះមុខនៃការរះឡើងរបស់ចិន។

ក្នុងន័យនយោបាយ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ប៊ីលគ្លីនតុន មកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០០០ បានចូលរួមចំណែកដ៏ធំធេងដល់ការធ្វើទំនាក់ទំនងផ្លូវការរវាងអាមេរិកនិងវៀតណាមដែលជាអតីតគូសត្រូវក្នុងសង្គ្រាមវៀតណាម។ ជាការពិត ដំណើរទស្សនកិច្ចនេះត្រូវបានគេចាត់ទុកថាជារឿងសំខាន់ ព្រោះវាជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់។ នៅខែសីហា ឆ្នាំ២០១៥ លោក ចនឃឺរី អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហាណូយ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខយុទ្ធសាស្ត្រ។

ជាមួយគ្នានោះដែរ មិនយូរប៉ុន្មាន លោក ង្វៀន ភូត្រុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានទៅបំពេញទស្សនកិច្ចនៅអាមេរិក ដែលជាមេដឹកនាំបក្សកុម្មុយនីស្តដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះទៅទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងតាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋឆ្នាំ២០១៦ របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកកាន់ទីក្រុងហាណូយ និងការលើកលែងការដាក់កំហិតលើការលក់អាវុធរបស់អាមេរិកដល់វៀតណាម។ សំខាន់ជាងនេះទៅទៀត ដំណើរទស្សនកិច្ចជាបន្តបន្ទាប់ពីរលើកទៀតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០១៧ ដឹកនាំដោយវៀតណាមនិងដំណើរទស្សនកិច្ចមួយផ្សេងទៀតនៅខែកុម្ភៈ ឆ្នាំ២០១៩ អំឡុងកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិកលើកទី២។

ថ្មីៗនេះ ដំណើរទស្សកិច្ចជាប្រវត្តិសាស្ត្ររបស់អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស (Kamala Harris) មកវៀតណាម ជាការបង្ហាញពីការឱ្យតម្លៃខ្ពស់ដល់វៀតណាមដែលជាប្រទេសកំពុងងើបឡើងនិងមានសារៈសំខាន់ខាងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គេជឿថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលអាមេរិកនេះ ដើម្បីលើកកម្ពស់ពីទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់អាមេរិកជាមួយវៀតណាម។

អ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩ គោលនយោបាយសន្តិសុខនិងការបរទេសចិនកាន់តែ “ជឿជាក់” “គឃ្លើន” “សាច់ដុំ” ឬ “រឹងមាំ” ជាពិសេសទាក់ទងនឹងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត។  បើយោងតាមលោក មៃឃើល អូស្លីន (Michael R. Auslin) ការត្រួតត្រាទំបន់មេឌីទែរ៉ាណេអាស៊ី មានន័យថា ជាការត្រួតត្រាអាស៊ី។ 

មេឌីទែរ៉ាណេអាស៊ី រួមមាន សមុទ្រលឿង សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ ដោយសារតែទីតាំងភូមិសាស្ត្រនយោបាយនេះមានសារៈសំខាន់យុទ្ធសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច ចិនចាត់ទុកសមុទ្រទាំងបីនេះជាដែនសមុទ្ររបស់ខ្លួន។ ជាការពិត ចិនមានមហិច្ឆតាចង់ស្តារមុខមាត់និងអំណាចរបស់ខ្លួនជាមហាអំណាចអនុត្តរភាពតំបន់ឡើងវិញ ហើយចង់ជំនួសអាមេរិកជាមហាអំណាចពិភពលោក។

អ្វីគួរឱ្យកត់សម្គាល់ ការរះឡើងចិន ជាពិសេសការទាមទារទឹកដី និងការកសាងមូលដ្ឋានយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ធ្វើឱ្យមានការព្រួយបារម្ភនិងជាការគំរាមកំហែងចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់វៀតណាម។ បញ្ហានេះជាចលកររុញច្រានឱ្យវៀតណាមទទួលស្គាល់សហរដ្ឋអាមេរិកថាជាកម្លាំងសំខាន់ក្នុងការរក្សាស្ថិរភាពនៅក្នុងតំបន់ (Nguyen, 2015) និងជាទម្ងន់ប្រឆាំងតែមួយគត់ដែលអាចជឿទុកចិត្តបានសម្រាប់ទប់ទល់នឹងប្រទេសចិន (Thayer, 2018)។

មេដឹកនាំវៀតណាមបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយសារការព្រួយបារម្ភអំពីឥទ្ធិពលកាន់តែរីកធំឡើងរបស់ចិននៅអាស៊ីអាគ្នេយ៍។ ទំនាក់ទំនងជិតស្និទ្ធខាងសន្តិសុខទ្វេភាគីរវាងអាមេរិកនិងវៀតណាមកាន់តែស្អិតល្មួត​ ដោយសារតែអាកប្បកិរិយាគឃ្លើនឥតឈប់ឈររបស់ចិននៅសមុទ្រចិនខាងត្បូងផង និងនយោបាយការបរទេសរបស់វៀតណាមចំពោះចិនផងដែរ (Nguyen, 2013)។

និយាយជារួម ភាពត្រួតស៊ីគ្នានៃផលប្រយោជន៍យុទ្ធសាស្ត្រនិងសន្តិសុខរបស់វៀតណាមនិងអាមេរិក ដើម្បីទប់ស្កាត់ការរះឡើងនៃអំណាចរបស់ចិនដែលកំពុងគំរាមកំហែងដល់សន្តិសុខនិងផលប្រយោជន៍ជាតិរបស់ពួកគេ បានរុញច្រានឱ្យវៀតណាមនិងសហរដ្ឋអាមេរិកកាន់តែខិតរកគ្នា ហើយបានលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរពីភាពជាដៃគូទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕


អត្ថបទវិភាគដោយបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។

សូមបញ្ជាក់ផងដែរថា រាល់ខ្លឹមសារអត្ថបទវិភាគទាំងស្រុងរបស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងពីទស្សនៈ និងគោលជំហររបស់ស្ថាប័ន វីអូឌី ឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ