រដ្ឋា​ភិបាលប្រកាស​​​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​​ដល់​កុមារ​​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ

គ្រូពេទ្យម្នាក់លើកស៊ីរាំងបូមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រៀមចាក់ជូនដល់បុគ្គលដែលមកទទួលការចាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលប្រកាសបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងការ​ពារ​ជំងឺកូវីដ-១៩ ​ជូនកុមារ​អាយុចាប់ពី៦ឆ្នាំដល់​១២ឆ្នាំ ចាប់​ពីចុងសប្តាហ៍នេះទៅ​ ដើម្បីឈានទៅបើក​ដំណើរការ​សាលា​រៀន​កម្រិតបឋម​សិក្សា​ឡើង​វិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងតាមរយៈសារជាសំឡេងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២១នេះថា គិតមកដល់​ពេលនេះ រដ្ឋាភិបាលបានចាក់​វ៉ាក់សាំង​ដល់​កុមារ​និងយុវវ័យ​ចាប់​ពីអាយុ១២ឆ្នាំដល់​១៨ឆ្នាំ បានប្រមាណ១លាន៧សែននាក់រួច​ហើយ។ លោក​បន្តថា ​ជំហាន​បន្ទាប់ រដ្ឋាភិបាលបាន​​សម្រេច​បើកយុទ្ធនាការ​ចាក់​វ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩ ដល់​កុមារ​អាយុចាប់​ពី៦ឆ្នាំដល់១២​ឆ្នាំបន្ថែមទៀត ចាប់​ពីថ្ងៃសុក្រ ទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១នេះទៅ ដើម្បីឈានទៅបើកសាលាបឋមសិក្សា​ឡើងវិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «ប្រសិន​បើ​យើងមិនចាក់ជូនកុមារពីអាយុ៦ឆ្នាំ​ទៅ​១២​ឆ្នាំ​ទេ​ យើង​មិនអាចឈាន​ទៅ​បើក​សាលា​​បឋមសិក្សា​បានទេ ព្រោះអាយុ​​នេះគឺ​អាយុ​នៅ​ក្នុង​ក្រប​ខណ្ឌ​បឋម​សិក្សា​ ហើយ​​យើង​បែរ​ជា​​បើ​កតែអនុវិទ្យាល័យនិងវិទ្យាល័យ ដូច្នេះធ្វើ​ឱ្យ​មាន​បញ្ហា​​លំបាក។​ ម្យ៉ាងទៀត វ៉ាក់​សាំង​ក៏​បាន​សិក្សា​នៅ​តាម​ប្រទេស​នានា​ ហើយ​គេក៏​បាន​ចាក់​​ប្រើ​ប្រាស់​សម្រាប់ក្មេងដែលមានអាយុ​ក្រោម១២ឆ្នាំ​រួច​មក​ហើយ។ ដូច្នេះ ​បញ្ហា​វ៉ាក់សាំងមិន​មែន​ជា​បញ្ហា​លំបាក​ទេ ម្ខាង​គឺវ៉ាក់សាំងអនុញ្ញាតឱ្យចាក់ ឯម្ខាងទៀត​យើងមានវ៉ាក់សាំង​ក្នុងដៃរួចជាស្រេច​»។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុមារ​ដែលមានអាយុចន្លោះ​ពី៦ឆ្នាំទៅ១២ឆ្នាំ មាន​ចំនួ​ន​ប្រមាណ​ជាង១លាន ៨សែននាក់។​

លោក​ក៏បានណែនាំដល់​ក្រសួងពាក់ព័ន្ធនិងអាជ្ញាធររាជធានី-ខេត្តត្រូវរៀបចំ​​ការបែងចែក​​វ៉ាក់​​សាំង ដើម្បីអនុវត្តការចាក់ដល់កុមារចាប់ពីអាយុ៦ឆ្នាំដល់​១២ឆ្នាំផងដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហើបឱ្យដឹងដែរថា រដ្ឋាភិបាលក៏កំពុងពិចារណា​ជំហាន​​​បន្ទាន់​​ក្នុងការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ដល់កុមារអាយុចន្លោះពី៣ឆ្នាំដល់​៦ឆ្នាំ​ ស្ថិតក្នុងកម្រិតមត្តេយ្យសិក្សា ក្រោយពីអនុវត្ត​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់កុមារ​អាយុ៦ឆ្នាំដល់១២​ឆ្នាំ​រួច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ