សង្គមស៊ីវិលស្នើឱ្យផ្តល់សំណងតាមតម្លៃទីផ្សារជូនពលរដ្ឋរងផលប៉ះពាល់ដីធ្លីដោយសារព្រលានយន្តហោះថ្មី

ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរខេត្តកណ្តាល ប៉ះទង្គិចជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងរបស់ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) ខណៈប្រជាពលរដ្ឋប្រមាណជាច្រើននាក់បានព្យាយាមបិទផ្លូវចេញចូលទៅទីតាំងដីមានទំនាស់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លី។ (ហ៊ី ឆាយ)

ក្រុម​អង្គការសង្គមស៊ីវិលជាង៣០ បានស្នើដល់ស្ថាប័នពាក់ព័ន្ធ​ ផ្តល់​សំណង​តាម​តម្លៃ​ទីផ្សារ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុ​ងរងផលប៉ះពាល់ដីធ្លី ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ នៅខេត្តកណ្តាល ក្រោយ​ផ្ទុះហិង្សា និងមានការចាប់ខ្លួនប្រជាពលរដ្ឋ ៣០​នាក់។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន ៣១ស្ថានប័ន បានចេញសេចក្តីថ្លៃការណ៍មួយ​ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញថ្មី រវាង​ក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋម្ចាស់ដី។ អង្គការសង្គមស៊ីវិលទាំងនោះ រួម​មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) អង្គការសម្ព័ន្ធភាពការពារសិទ្ធិកម្ពុជា(CHRAC) អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងអង្គការផ្នែកសិទ្ធិមនុស្ស និងការងារជាង២០ទៀត។

ក្រុមអង្គការសង្គមស៊ីវិល បានឱ្យដឹង​ក្នុងសេចក្តីថ្លៃការណ៍នោះ​ថា វិវាទដីធ្លីរវាងក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋម្ចាស់ដី​ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ ក្នុង​ខេត្តកណ្តាល មានស​ភា​ព​ធ្ងន់ធ្ងរ​ទៅៗ ដោយពុំ​មាន​ការដោះស្រាយសមស្របជូនពលរដ្ឋឡើយ ហើយបានឈានដល់មានការប៉ះទង្គិចគ្នា ដោយហិង្សាទ្រង់​ទ្រាយ​ធំ​ រវាង​​សមត្ថកិច្ច និងប្រជាពលរដ្ឋម្ចាស់ដី រហូតពលរដ្ឋម្នាក់របួសធ្ងន់ថែមទៀត។

សេចក្តីថ្លៃការណ៍ដដែល បន្តថា ហេតុការណ៍​​ប៉ះទង្គិចគ្នា​នោះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋម្ចាស់​ដី​ ៣០នាក់ ប៉ុន្តែបានដោះលែងវិញ ២១នាក់ ខណៈ៩នាក់ទៀត​បញ្ជូនទៅឃុំនៅពន្ធនាគារមួយរយៈ ក្រោម​បទចោទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោស»។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ​បានលើកឡើងថា ការ​ជម្លោះដ៏ធ្ងន់ធ្ងរ​នេះកើតឡើង​ ដោយសារតែ​ក្រុមហ៊ុន​ អម​ដោយកម្លាំងអាជ្ញាធរ បានដាក់គ្រឿងចក្រឈូសឆាយដីធ្វើព្រលានយន្តហោះថ្មី ​ប៉ះពាល់លើដី​កម្មសិទ្ធិ​ស្រប​ច្បាប់របស់ប្រជាពលរដ្ឋ ខណៈមិនទាន់ឯកភាពគ្នាលើតម្លៃសំណងផលប៉ះពាល់សមស្រ​ប​មួយ នៅឡើយ ​ហើយ​តម្លៃសំណងដែលកំណត់ដោយ​​ឯកតោភាគី ដោយ​ក្រុម​ហ៊ុន និងអាជ្ញាធរ​ជូនពលរដ្ឋនោះ ខុសឆ្ងាយពីតំម្លៃទីផ្សារបច្ចុប្បន្ន។

សេចក្តីថ្លៃការណ៍នោះ ​បញ្ជាក់ទៀត​​ថា តម្លៃសំណងដែលកំណត់ដោយក្រុមហ៊ុន និងអាជ្ញាធរនោះ មិនអាចជួយ​ឱ្យប្រជាពលរដ្ឋយកទៅទិញ​ដី​បានទំហំប៉ុន​គ្នានឹ​ងដី​ដែល​បាត់​បង់ ស្ថិត​នៅក្នុងឃុំ​ ដែលពួកគាត់រស់នៅ ឬ​នៅ​ជិតព្រលានយន្តហោះអន្តរជាតិថ្មីបានឡើយ។

ករណីនេះ ​ក្រុមអង្គការសង្គមស៊ីវិល បានស្នើដល់ស្ថានប័នពាក់ព័ន្ធ ផ្តល់សំណងដល់ម្ចាស់កម្មសិទ្ធិឱ្យបានសមស្របតាមតំម្លៃទីផ្សារ និងចៀសវាងនូវកិច្ចព្រមព្រៀងដោយមានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្ស ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះ ក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​ដីធ្លី​នេះ តាម​នីតិវិធី​ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នាដោយ​ឈរ​លើ​ផល​ប្រយោជន៍ និង​សេចក្តីត្រូវកា​រ​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់ និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា។

ក្នុងសេចក្តីថ្លៃង​ការណ៍ បញ្ជាក់ថា៖ «យើងខ្ញុំជឿជាក់ថា ការការដោះស្រាយដោយឈរលើផលប្រយោជន៍ ឬសេចក្តីត្រូវការគ្រប់ភាគី នឹងនាំឱ្យបញ្ហានេះ ត្រូវបានដោះស្រាយដោយសន្តិភាព។ ​អង្គការសង្គមស៊ីវិលយល់​ឃើញថា ដំណោះស្រាយដោយអហិង្សាពីគ្រប់ភាគី និងការសម្របសម្រួលដោយឈរលើគតិយុត្តិ ការធានាដល់​សិទ្ធិម្ចាស់​កម្មសិទ្ធិ និង​សំណងសមរម្យ​ ដល់សហគមន៍ដែលប៉ះពាល់ ជាមធ្យោបាយល្អបំផុតសម្រាប់ការដោះស្រាយករណីទំនាស់នេះ»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍បន្ថែម​លើសេចក្តីថ្លៃងការណ៍នៅថ្ងៃពុធ​នេះ​ថា រាល់​គម្រោងអភិវឌ្ឍន៍នានា​ដែល​ប៉ះពាល់ដីធ្លី ឬកន្លែងពលរដ្ឋរស់នៅ គឺម្ចាស់គម្រោង និងរដ្ឋាភិបាល មានកាតព្វ​កិច្ច​​ទទួល​ខុស​ត្រូវ​ក្នុង​ការដោះស្រា​យសំណងជូនពលរដ្ឋទៅតាមតម្លៃទីផ្សារ ឬសំណងសមរម្យ​ណាមួយ ដែលពួកគេអាចទទួលយកបាន។

មន្ត្រីសិទ្ធិមនុស្សរូបនេះ លើកឡើងថា ប្រសិនជាម្ចាស់គម្រោង និងរដ្ឋាភិបាល មិនបានដោះស្រាយសំណងជូនពលរដ្ឋបានសមស្របទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុនមាត់គម្រោងសាងសង់នោះ និងរដ្ឋាភិបាល ដោយថា ការអភិវឌ្ឍនោះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោកបន្ថែមថា៖ «ប្រសិនបើការអភិវឌ្ឍន៍ហ្នឹង ពោរពេញ​ទៅដោយភាពចម្រូងចម្រាស ហើយការទទួលខុសត្រូវលើការដោះស្រាយសំណងហ្នឹង​ អត់បានត្រឹមត្រូវ និងមានយុត្តិធម៌ទេ ហើយមានការតវ៉ាទាមទារជាបន្តបន្ទាប់បែបហ្នឹង ខ្ញុំយល់​ថា រឿងហ្នឹងមិនអាចជារឿងមួយដែលជួយលើកមុខលើមាត់ប្រទេសជាតិទេ។ ផ្ទុយទៅវិញ វាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសផង និងប៉ះពាល់ដល់មុខមាត់គម្រោងហ្នឹងផងដែរ អីចឹង​គួរតែមានការពន្លឿងក្នុងការដោះស្រាយដោយសន្តិវិធី​ កុំមានការបង្ខិតបង្ខំ កុំមានការដាក់សម្ពាធ កុំមានការធ្វើទុកបុកម្នេញផ្សេងលើពលរដ្ឋដែលរងគ្រោះទាំងហ្នឹង»

វីអូឌី មិនអាចសុំការឆ្លើយពីអភិបាលខេត្តកណ្តាល ​លោក គង់ សុភ័ណ្ឌ បានទេនៅថ្ងៃពុធនេះ ។ ប៉ុន្តែលោកប្រាប់វីអូឌីជុំវិញបញ្ហានេះ​កាលពីម្សិលមិញថា ការកំណត់តម្លៃក្នុងការដោះស្រាយសំណងជូនពលរដ្ឋដែលកំពុងរងផលប៉ះពាល់នោះ គឺគណៈកម្មការអន្តរក្រសួង​ បានសិក្សា និង​កំណត់​តម្លៃដោះស្រាយ​ជូនពលរដ្ឋតាំងពីមុនគម្រោងចាប់ផ្តើមម្លេះ។ លោកថា តម្លៃដី​នៅតំបន់​ព្រលានយន្តហោះថ្មីនេះ កាលណោះមួយម៉ែត្រ​ការ៉េមិនដល់​ ៨ដុល្លារផង។

លោកបន្ថែមថា៖ «តម្លៃ៨ដុល្លារនេះ បើយើងនិយាយពីមិនទានចាប់ផ្តើមធ្វើព្រលានយន្តហោះ កាលមិនធ្វើ តម្លៃដីនៅតំបន់ហ្នឹងនៅក្រោមហ្នឹងទេ។ កន្លែងប្រហាក់ប្រហែលហ្នឹង កន្លែងខ្លះទៀតក្រោមហ្នឹង ប៉ុន្តែក្រោយមកពេលដែលឃើញក្រុមហ៊ុនបើកសម្ភោធធ្វើព្រលានមែន ដីនៅតំបន់នោះចាប់ផ្តើមឡើងថ្លៃភ្លាម អីចឹងរដ្ឋធ្វើការកំណត់មួយថា ដោះស្រាយ​ក្នុងតម្លៃទីផ្សារសមរម្យនៅពេលនោះ ហើយប្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋគាត់អញ្ជើញ​មក ដល់ពេលគាត់អត់មកយក ក្នុងពេលវេលាហ្នឹងដីវាកាន់តែឡើងថ្លៃទៀត»

មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ បានចែងថា ពលរដ្ឋកម្ពុជា​គ្រប់រូប ទោះជា​បុគ្គល​ក្តី ជាសមូហភាពក្តី គឺមានសិទ្ធិជាម្ចាស់​កម្ម​សិទ្ធិ។ កម្មសិទ្ធិ​ឯកជន​ស្របច្បាប់ស្ថិតនៅ​ក្រោមការ​គាំពារ ​នៃច្បាប់នេះ ដែល​នឹងដកហូត ដើម្បី​​​ជាប្រយោជន៍​សាធារណៈបាន លុះត្រាតែមានការផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

ចំពោះមាត្រា​២២ នៃច្បាប់អស្សាមិករណ៍ បានចែង​ថា ប្រាក់​សំណង​​ដែលត្រូវ​ផ្តល់ឱ្យម្ចាស់អចលនវត្ថុ ឬ​ម្ចាស់​​កម្មសិទ្ធិ ត្រូវគិត​តាមថ្លៃ​ទីផ្សារ ឬ​​ថ្លៃជំនួស​នូវ​កាល​បរិច្ឆេទ ​នៃការចេញ​សេចក្តី​ប្រកាស​ ស្តី​ពី គម្រោង​អស្សាមិ​ករណ៍។ ពិសេសជាង​​នេះ​ទៅ​ទៀតនោះ គឺសំណង​ត្រូវ​ទូរទាត់​​​ជា​សាច់ប្រាក់ ជាទ្រព្យ ឬ​ជា​សិទ្ធិ​ជំនួស​​ទៅ​តាម​​ភាព​ជាក់​ស្តែង ដោយ​មានការយល់​ព្រមពីម្ចាស់​អចលនវត្ថុ ឬម្ចាស់កម្មសិទ្ធិ និងពីគណៈ​កម្មការ​អស្សាមិករណ៍ តាមមាត្រា២៤ នៃច្បាប់ដដែលនេះផងដែរ។​

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហរមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ។

ក្រុមពលរដ្ឋអះអាងថា ផល​ប៉ះពាល់​នៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុន និង​អាជ្ញាធរ ផ្តល់សំណង់ជូនពួកគេត្រឹមតែ ៨ដុល្លារ ក្នុងមួយ​​ម៉ែត្រការ៉េប៉ុណ្ណោះ ដែលសំណងនេះពួកគេ មិនអាចទទួលយកបានទេ ខណៈដីនៅក្បែរនោះ មានតម្លៃរហូតដល់ ២០ ទៅ ៣០​ដុល្លារ ក្នុងមួយម៉ែត្រ ហើយ​ថា សំណង​ត្រឹម​ ៨ដុល្លារនេះ ក៏មិនអាចទៅដោះដូរ ឬទិញលក់ នៅកន្លែង​​ផ្សេង​​បាន​​ដែរ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ