កម្ពុជានឹងអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ជាសកល ក្នុងស្មារតីមនុស្សធម៌ និងកុំយករឿងនយោបាយនៅពីក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយនៅបន្ទប់ការងារនាគេហដ្ឋានរបស់លោក។ (ហ្វេសប៊ុក៖ លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​​អំពាវនាវឱ្យមានការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ជាសកល ក្នុងស្មារតីមនុស្សធម៌ស្មោះត្រង់ និងគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ដើម្បីអាចចាប់ផ្តើមដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញប្រកបដោយសុវត្ថិភាព ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ញើសុន្ទរកថា ជាលាយលក្ខណ៍អក្សរចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យប្រសើរឡើងវិញ» ដែលរៀបចំឡើងដោយប្រធានធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការចាក់វ៉ាក់សាំងបង្ការដល់ពិភពលោក ការជួយសង្គ្រោះជីវិត ការកសាងសន្តិសុខសន្តិភាពឱ្យកាន់តែប្រសើរឡើង និងការធ្វើសកម្មភាព ដើម្បីវឌ្ឍភាព និងការឯកភាពលើសេចក្តីព្រាងគោលដៅ ។

ក្រសួងការបរទេសកម្ពុជា បន្តថា ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​គូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្នុងស្មារតីមនុស្សធម៌ស្មោះត្រង់ និងគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ដើម្បីអាចចាប់ផ្តើមដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញប្រកបដោយសុវត្ថិភាព ។

អ្វីដែលគួរឱ្យកត់សម្គាល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កាត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលវ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ ដែលជាយុទ្ធសាស្ត្រសកលដ៏ល្អ ដោយគ្មានការរើសអើទៀតផង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹង​ប្រាប់ទៅសម័យប្រជុំកំពូលពីវិធានការប្រកបដោយសុវត្ថិភាព និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពង្រឹងភាពធន់ និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​ដំណាក់​កាល​ក្រោយ​វិបត្តិ​កូវីដ-១៩ផងដែរ ។

សេចក្តីប្រកាសព័ត៌មាន​នោះ បញ្ជាក់ដូចនេះថា ៖​ «សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​​ឆ្លុះបញ្ចាំងពីសាមគ្គីភាព និងប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងស្មារតី «គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ដរាបមនុស្សគ្រប់គ្នាមិនមានសុវត្ថិភាព»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ