ភូមិ​ជិត​១០​ នៅ​ខេត្ត​តាកែវ ត្រូវ​បាន​បិទ​ខ្ទប់ ក្រោយ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែង​ថ្មី

អាជ្ញាធរនិងក្រុមគ្រូពេទ្យមកទទួលយកបុរសដែលមានវិជ្ជមានកូវីដ-១៩ នៅគេហដ្ឋានផ្ទាល់ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ (អាជ្ញាធរស្រុកព្រៃកប្បាស)

អាជ្ញាធរ​ខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិជិត ១០ ដែលស្ថិតនៅ​​ក្នុង​ស្រុកអង្គរ​បូរី ក្រោយ​រក​ឃើញ​​មាន​ការ​ឆ្លងរាលដាល​នៃមេរោគ​កូវីដ-១៩ បំប្លែងថ្មី ប្រភេទ​​​ដែលតា(Delta) ចាប់​ពី​ថ្ងៃទី២១ ខែកញ្ញា រហូត​ដល់មានការ​ជូនដំណឹងជាថ្មី។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ចុះថ្ងៃទី២១ ខែកញ្ញា បាន​សម្រចបិទ​​ខ្ទប់ភូមិ​មួយចំនួន ​រួម​មាន ភូមិសាមគ្គី ភូមិស្ទឹងកំបុត ភូមិព្រៃសំបួរ ភូមិទួលសាំង(ក) ភូមិទួលសាំង​(ខ) ឃុំអង្គរបូរី និង​បិទ​ខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រ​ភូមិ​ធ្លក​យុល ភូមិ​អំពិល ឃុំ​ពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក ក្នុងស្រុកអង្គរបូរី​ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ទៅកាន់តំ​បន់ផ្សេងទៀត។

សេចក្តីសម្រេច​របស់​រដ្ឋបាលខេត្ត បន្តថា ក្នុងកំឡុងពេល​នៃការអនុវត្តវិធានការបិទខ្ទប់នេះ អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យមានការ​​​ធ្វើដំណើរចេញចូលលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន និងការជួបជុំក្នុងកម្មវិធីផ្សេងៗ លើកលែងតែក្នុងករណីចាំបាច់មួយចំនួន ដូចជា ការទៅទទួលសេវាព្យាបាល​សុខភាព​បន្ទាន់ ការ​ទៅ​យក​សំណាក​​កូវីដ-១៩ ​ការរៀបចំបុណ្យសព​ដែលត្រូវ​​គោរពតាមការកំណត់របស់អាជ្ញាធរ ការជួបជុំមន្ត្រីសុខាភិបាលក្នុងការយកសំណាកប្រជាជន ការទៅបំពេញការងារ ឬ​ធ្វើអាជីវកម្មក្នុងភូមិ​សាស្រ្តបិទ​ខ្ទប់ និងទីកន្លែងមិនមានការហាមឃាត់ ត្រូវភ្ជាប់មកនូវលិខិតបញ្ជាក់ពីការងារ និងអាជីវកម្មជាដើម។

អាជ្ញាធរខេត្តតាកែវ បញ្ជាក់ផងដែរថា ចំពោះបុគ្គលណាដែលមិនអនុវត្តន៍តាមវិធានការ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីដែលតា(delta) និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ