៦ខែឆ្នាំនេះកម្មករ ៣៣នាក់ស្លាប់ និងជាង១ពាន់នាក់ របួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកថ្ងៃទី១៣ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនេះ បានកើតឡើងនៅចំណុច​​ផ្លូវ​លេខ១៣៧ ស្ថិត​ក្នុង​ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ (ហ្វេសប៊ុក៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)

កម្មកររោងចក្រចំនួន ៣៣នាក់ បានស្លាប់ និង​ជិត ១ ៥០០នាក់ បាន​រងរបួស​ធ្ងន់ និងស្រាល​ក្នុង​ករណី​​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងរយៈពេល៦ខែដើមឆ្នាំ​​​២០២១។

តាមរបាយការណ៍ពីបេឡារបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស ឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្នុងរយៈពេល៦​ខែ​ដើមឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតលើកម្មករនិយោជិតធ្វើការក្នុងវិស័យរោងចក្រកាត់ដេរ អំឡុងធ្វើដំណើរក្នុងម៉ោងការងារតាមមធ្យោបាយផ្សេងៗរាប់ទាំងម៉ូតូ និងរថយន្តសរុបមាន ១ ៣៣៣ ករណី ក្នុងនោះស្លាប់ ៣៣នាក់​ របួសធ្ងន់មាន ៣២៨នាក់ និងរ​បួសស្រាល​​មាន ១ ១៦៣នាក់​។

តែយ៉ាងណា របាយការណ៍ពី ប.ស.ស ដដែល បញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍​លើកម្មករ​​នៅក្នុងរយៈពេល៦ខែដើមឆ្នាំ​នេះ បានថយចុះ ៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

របាយការណ៍ដដែល ឱ្យដឹងដែរថា​ ក្នុ​ងចំណោម​ករណីគ្រោះថ្នាក់ចរាចរណ៍នោះ កម្មកររោងច​ក្រចំនួន ២៧៦នាក់ ដែលភាគច្រើនជាស្រ្តី បានរងរបួស ក្នុងពេលធ្វើដំណើរតា​មរថយន្តរួមគ្នាច្រើន ក្នុងនោះមាន ៣២នាក់​រងរបួសធ្ងន់។

មន្រ្តីប.ស.ស មួយរូប ដែលប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ភាគច្រើន​នៃ​គ្រោះថ្នាក់ គឺកើតនៅតាមប​ណ្តោ​​យផ្លូវ​ដែលមានបណ្តុំរោងចក្រច្រើន ដូចជា ក្នុង​ខេត្តកំពង់ស្ពឺ តាកែវ និងស្វាយ​រៀង។ លោកថា បញ្ហានេះភាគច្រើន កើតឡើងដោ​យសារអ្នកបើកបរមិនគោរព ឬមិនយល់ដឹងពីច្បាប់ចរាចរណ៍ច្បាស់លាស់ និងកត្តាយានយន្ត ខណៈរថយន្តខ្លះផ្ទុកកម្មកររហូតដល់ ៥០នាក់ ទៅ៦០នាក់។

ប្រភពដដែលនិយាយថា៖ «កត្តាមនុស្សហ្នឹងគឺសំខាន់ណាស់ ហើយយើងព្យាយាមផ្សព្វផ្សាយទៅគាត់គឺចង់ឱ្យគាត់ផ្លាស់ប្តូរឥ​រិយាបថពីការបើកបរដោយប្រថុយប្រថាន មកការបើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

ប្រធានអង្គការមូលនិធិរបួសអាស៊ី លោក គឹម បញ្ញា លើកឡើងថា បញ្ហាករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មកររោងចក្រដែលធ្វើដំណើររួមគ្នាច្រើនតាមរថយន្តប្រភេទដឹកទំនិញ បានកើតឡើងស្ទើររៀងរាល់ខែ ហើយករណីខ្លះឈានដល់ការបាត់បង់អាយុជី​វិត និងពិការ។ លោកបន្ថែមថា​ ដូចជា​ករណីកើតឡើង​នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីខែសីហាកន្លងទៅ ដែលធ្វើឱ្យកម្មករចំនួន៤នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលជាង ២០នាក់

លោកថា បញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មកររងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយក៏បានធ្វើឱ្យខាតបង់ដល់ភា​គីថៅកែរោងចក្រ និងបង្កើនបន្ទុករបស់រដ្ឋាភិបាល តាមរយៈបេឡារបបសន្តិសុខសង្គម ដែលត្រូវចំណាយលើថ្លៃព្យាបាល និ​ង​ការធានារ៉ាប់រងផ្សេងទៀត ដោយមិនទាន់គិតពីបញ្ហាប្រឈមចំពោះគ្រោះថ្នាក់សុខភាព បញ្ហាជំងឺឆ្លង ពិសេសជំងឺរាតត្បាតកូវីដ-១៩ ដោយសារការធ្វើដំណើរប្រច្រៀតគ្នាច្រើនក្នុងរយៈពេលយូរ។

ប្រភពដដែលបន្ថែមថា បញ្ហានេះទាមទារឱ្យមានការចូលរួមវិភាគទានទាំង​ភាគីកម្មករ ភាគីថៃកែ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋា​​ភិបាល ក្នុងការជំរុញឱ្យភាគីម្ចាស់រថយន្តដឹកកម្មករផ្លាស់ប្តូរពីការប្រើប្រាស់ប្រភេទ​រថយន្តដឹកទំនិញ មករថយន្តក្រុង ឬកែស​ម្រួលលក្ខខណ្ឌ​សុវត្ថិភាព​រថយន្តដោយដាក់កៅអី និងកាត់បន្ថយចំនួនអ្នកជិះ តាមរយៈការបង្កើនថ្លៃសេវាដឹកជញ្ជូនជាដើម។   

លោកមានប្រសាសន៍ថា៖ «បញ្ហាគេថាអត់មានលុយដើម្បីប្តូរទេ វាផ្តោតអីចឹងថា អត់មានលុយសម្រាប់ប្តូរទេ ទាំងអ្នកបើកបរក្តី ទាំ​ងស្ថាបនពាក់ព័ន្ធក្តី។ ប៉ុន្តែ ខ្ញុំចង់ឱ្យយល់ឃើញថា លុយវាសំខាន់ហើយ ប៉ុន្តែ យើងអាចមានវិធីសាស្រ្តដែលអាចកៀរគរយ​ក​ធនធាន យកលុយហ្នឹងយកមកប្រើប្រាស់បាន ប្រសិនបើយើងមានការប្តេជ្ញាចិត្ត យើងមានព័ត៌មានច្បាស់លាស់ យើងមានយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាក់លាក់»

​ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា អ្នកស្រី ​យ៉ាង សោភ័ណ្ឌ មើលឃើញថា ស្ថានភាពគ្រោះថ្នាក់ពេលធ្វើដំណើរតាមរថយន្តរួមគ្នារប​ស់កម្មករ មិនមានភាពល្អប្រសើរនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារខ្វះការចូលរួមដោះស្រាយពីភាគីរដ្ឋាភិបាល និងថៅកែនិយោជក។ 

អ្នកស្រីថា ស្ថិតក្នុងស្ថានភាពកូវីដ-១៩ កម្មករកំពុងជួបបញ្ហាប្រឈមផ្នែកជីវភាព ដោយសារមិន​សូ​វ​មាន​ការងារថែមម៉ោង មិនអាចបង្កើនថ្លៃឈ្នួលធ្វើដំណើរដែលមានពី១០ដុល្លារទៅ១៨ដុល្លារ​ក្នុងមួយខែនោះទេ។ 

ប្រភពដដែល បន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ដែលកើតឡើងកន្លងមក ភាគច្រើនដោយសារអ្នកបើកបរជាបុគ្គលិកឯកជន ដែ​លមិនមានការបណ្តុះបណ្តាលត្រឹមត្រូវ ខ្វះការគ្រប់គ្រង ហើយខ្លះបើកបរបានប្រើប្រាស់គ្រឿងស្រវឹងមុនពេលដឹកកម្មករថែមទៀត។

តំណាងសហជីពកម្មកររោងចក្ររូបនេះ បន្តថា និយោជក ឬរដ្ឋាភិបាល គួរតែប្រមែប្រមូលអ្នកបើកបរមកធ្វើការបណ្តុះបណ្តាល និងគ្រប់គ្រងពួកគេដោយផ្ទាល់ទើបអាចដោះស្រាយបញ្ហាបាន។

អ្នកស្រី យ៉ាង សោភ័ណ្ឌ មានប្រសាសន៍ថា៖ «ប្រសិនណាយើងអត់បានធ្វើអីចឹងទេ ខ្ញុំគិតថា បញ្ហាវានៅតែកើតមានអីចឹង ហើ​យប្រសិនណាទាំងរដ្ឋ ទាំងក្រុមហ៊ុននៅតែព្រ​ងើ​យកន្តើយចំពោះរឿងពាក់ព័ន្ធនឹងការធ្វើដំណើររបស់កម្មករហ្នឹង ខ្ញុំគិតថា វានៅតែជាបញ្ហាហ្នឹង តែបើយករឿងហ្នឹងជារឿងរួម ហើយយើងគ្រប់គ្រងពួកគាត់វិញ ហើយសុខចិត្តការធ្វើដំណើរហ្នឹងស្ថិតនៅក្រោ​មការគ្រប់គ្រងរបស់និយោជក ការគ្រប់គ្រងរ​បស់រដ្ឋវិញ ខ្ញុំគិតថា ចង់មិនចង់ក៏មានការកែប្រែមួយចំនួនដែរ»

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងនាយនគរបាលចរាចរណ៍ផ្លូវគោក លោក ថី វិសាល បានទេនៅថ្ងៃអង្គារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ