លោក ហ៊ុន សែន ទទួលស្គាល់ថា ធ្វេស​ប្រហែស​ឱ្យ​ពលរដ្ឋបា្ររព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ

ក្រុមគ្រូពេទ្យបានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តនួនមណីរាម ហៅវត្តថាន់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ពក ពន្លឺ)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ បាន​ទទួល​ស្គាល់​ថា លោក​មាន​ការ​ធ្វេសប្រហែស​តាំងពី​ដើម​ទី ដែល​បណ្តែត​បណ្តោយ​ឱ្យរៀបចំ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​ ខណៈដែល​លោក​មាន​ការ​ភ្ញាក់ផ្អើល​ថា ត្រឹមរយៈពេល​៣​ថ្ងៃ វត្តពាក់កណ្ដាល​នៅ​រាជធានីភ្នំពេញ ​បាន​ឆ្លង​ជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​តាមរយៈសារសំឡេង​ពិសេស​មួយ​នៅ​ថ្ងៃសៅរ៍​នេះថា អំឡុង​ពេល​ដែល​ជំងឺកូវីដ-១៩ កំពុង​ឆ្លងរីករាលដាល លោកបែរ​ជា​ឱ្យបា្ររព្ធ​ពិធី​បុណ្យកាន់បិណ្ឌ និង​បុណ្យភ្ជុំបិណ្ឌ​ទៅ​វិញ។ លោកបន្តថា ការ​អនុញ្ញាត​ឱ្យបា្ររព្ធពិធី​បុណ្យនេះ​ ធ្វើឱ្យចំនួន​អ្នកឆ្លង​ជំងឺកូវីដ-១៩ បាន​កើន​ឡើង។

លោកថា៖ «នៅក្នុង​ជំងឺរាលត្បាត​កើត​ឡើង​ ខ្ញុំព្រះករុណាខ្ញុំ​បែរ​ជា​មាន​ការ​ធ្វេសប្រហែលដោយ​យល់​យោគ​ទៅលើ​សភាពការណ៍​ដែលមាន​ការ​ស្រុតចុះបន្តិច​នូវ​ជំងឺកូវីដ​នេះ ​យើង​ក៏បានចាប់​ផ្ដើម​ឱ្យមានការ​ធ្វើបុណ្យ​ធ្វើទាន​តាមទំនៀមទម្លាប់​ឡើងវិញ ក៏ប៉ុន្តែ​ត្រឹមតែ​រយៈពេល៣ថ្ងៃ​ប៉ុណ្ណោះ ​ចំនួន​ឆ្លងតាមទី​អារាម​មួយចំនួន​បាន​កើន​ឡើង ធ្វើឱ្យចំនួន​អ្នកឆ្លង​ដែល​មានត្រឹម​៤០០ ទៅ៥០០ នាក់ បានកើន​លើស​៨០០នាក់ ​និង​ចំនួនស្លាប់​ឡើង​ជាង​២០​នាក់​ ក្នុងដំណាក់​ចុងក្រោយ​នេះ»។

លោកបន្តថា ការកើន​ឡើង​ចំនួន​អ្នកឆ្លង និង​ស្លាប់នេះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចោទ​សួរ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃការ​ចាក់​វ៉ាក់សាំង​រួច​ហើយ ហេតុអ្វី​នៅតែ​ឆ្លង។ ​លោកបញ្ជាក់​ថា ការ​ចាក់វ៉ាក់សាំង​តែ​មួយមុខ មិន​អាច​កាត់​បន្ថយ​ការ​ឆ្លងជំងឺកូវីដ-១៩ បានទេ បើសិន​ជា​ប្រជាពលរដ្ឋនៅតែ​ជួបជុំគ្នា ដោយ​មិន​អនុវត្ត​តាម​វិធាន​សុខាភិបាល​នោះ។

លោក ហ៊ុន សែន ថា ការ​ធ្វេសប្រហែល​របស់លោក​ឱ្យបា្ររព្ធពិធី​កាន់បិណ្ឌ​និង​បុណ្យភ្ជុំបិណ្ឌនេះ បាន​ធ្វើឱ្យវត្តអារាម​ពាក់កណ្ដាល​នៅក្នុង​រាជធានី​ភ្នំពេញ​ឆ្លង​ជំងឺកូវីដ-១៩។ ករណី​នេះលោកថា វាជា​ហានិភ័យ​ខ្ពស់​ណាស់ ប្រសិន​បើបន្តមានការ​ជួបជុំប្រារព្ធពិធី​បុណ្យកាន់បិណ្ឌ និង​បុណ្យភ្ជុំបិណ្ឌ​បន្តទៅ​ទៀត។

លោកបន្ត​ថា៖ «​ប្រសិនបើខ្ញុំព្រះករុណាខ្ញុំ​បណ្ដោយ​ឱ្យមានការ​កាន់បិណ្ឌ​បន្តទៀត ​វត្តដែលយើង​មិន​បាន​ឃើញ​មុន​នេះ ​យើង​បាន​ឃើញ​តែ​វត្តចំពុះក្អែក និង​វត្តនាគវ័ន្តទេ ក៏ប៉ុន្តែ​សូម្បី​វត្តឧណ្ណាឡោម ដែល​សម្ដេច​ព្រះសង្ឃរាជ​គង់នៅ ​ក៏មាន​អ្នក​កើត​កូវីដ-១៩ ក្នុងនោះ និង​វត្ត​មួយចំនួន​ផ្សេង​ទៀត ពាក់​កណ្ដាល​នៃ​ចំនួន​វត្ត​សុទ្ធតែមាន​អ្នកឆ្លង​កូវីដ។ ដូច្នេះ​បើសិន​ជា​ចាប់ពីបិណ្ឌ៤ រហូតទៅ​ដល់​បុណ្យភ្ជុំ សភាពការណ៍នេះ ​មហន្តរាយធំប៉ុណ្ណា​ ពិតជាធ្ងន់ធ្ងរ​មែន​ទែន ហើយ​ពិតជា​មហន្តរាយ​មួយសម្រាប់​សុខភាព​សាធារណៈ និង​ជីវិត​ប្រជាជន ជាពិសេស​កូវីដ-១៩ វាយ​លុក​មនុស្ស​ចាស់​លោក​យាយលោកតា អាយុ៦០ ឡើងទៅ ច្រើនទៅវត្ត»។

កាលពី​ថ្ងៃទី២៣ ខែកញ្ញា រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​បន្ទាន់​មួយ ដោយ​ផ្អាកការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ​ចាប់​ពី​បិណ្ឌទី៤​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែ​កញ្ញា​នេះតទៅ ក្រោយ​រកឃើញ​ព្រះសង្ឃ​និង​អ្នក​ស្នាក់​នៅវត្ត​មួយចំនួនដូចជា ​វត្ត​ចំពុះ​ក្អែក​ និង​វត្ត​នាគ​វ័ន្ត​ឆ្លងជំងឺកូវីដ-១៩​តែក្នុង​រយៈពេល​២ថ្ងៃ។

ក្រោយរក​ឃើញ​មាន​ព្រះសង្ឃ​និង​អ្នកស្នាក់​នៅវត្តអារាម​ឆ្លងកូវីដ-១៩​នោះ អាជ្ញាធរ​និង​មន្ត្រីសុខាភិបាល​សហការ​ជាមួយ​មន្ទីរ​ធម្មការ​រាជធានីភ្នំពេញ ​បាន​ចុះ​យកសំណាក​ ព្រះស​ង្ឃនិង​អ្នកស្នាក់នៅវត្តអារាម​ចំនួន១៥១​វត្ត ដែល​មានព្រះសង្ឃ និងអ្នក​ស្នាក់​នៅក្នុងវត្ត​ប្រមាណ​ជាង​២ម៉ឺន​អង្គ/​នាក់ ក្នុង​រាជធានី​ភ្នំពេញ ដើម្បីធ្វើ​តេស្តរក​វីរុស​កូវីដ-១៩។

បើតាមលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើទោះបី​ជា​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិ​ណ្ឌផ្អាក​មែន ក៏​ប៉ុន្តែការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យភ្ជុំបិណ្ឌ​នៅ​រក្សា​ទុក​ដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ