អ្នកវិភាគខ្លះផ្អាកធ្វើបទវិភាគ​ដោយ​សារ​បារម្ភពីបញ្ហាសុវត្ថិភាព សម្ពាធ​គ្រួសារ​និង​កន្លែង​​ការងារ​

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា រៀបចំកិច្ចពិភាក្សា​ក្រោម​ប្រធាន​បទ «អ្នកវិភាគ​និង​សេរីភាព​នៃការ​បញ្ចេញ​មតិ​នៅ​កម្ពុជា»​ កាលពីព្រឹក​ថ្ងៃសៅរិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។

អ្នកវិភាគ​និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​មួយចំនួន​លើកឡើង​ថា ពួកគេបាន​ផ្អាក​ផ្តល់​បទសម្ភាសន៍​ឬធ្វើ​ការ​អ្នកវិភាគ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដោយ​សារបារម្ភ​ពី​បញ្ហា​សុវត្ថិភាព។

ក្នុង​កិច្ចពិភាក្សា​ពិសេស​មួយ​រៀបចំ​ដោយ​វិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា ​ក្រោមប្រធាន​បទ​ «អ្នកវិភាគ​និង​សេរីភាព​នៃការ​បញ្ចេញ​មតិ​នៅ​កម្ពុជា»​ នាថ្ងៃ​សៅរិ៍​នេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា បានលើក​​ត្រង់ៗ​ថា លោកបាន​ផ្អាកធ្វើ​បទវិភាគ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​រយៈ ក្រោយ​​ពី​មានការ​គំរាមកំហែង​លោក​បណ្ឌិតសេង សារី  និងលោកបណ្ឌិត មាស នី។ លោកបន្ត​ថា ធ្វើជា​អ្នកវិភាគ​មិន​ទទួល​បាន​ប្រាក់កំរៃអ្វី​ឡើយ ហើយ​ត្រូវ​ប្រឈម​នឹងការរើសអើងពីមិត្តភក្តិ ខណៈបុគ្គលខ្លួនឯង និងក្រុមគ្រួសារវិញ ក៏មិនមានសុវត្ថិភាពដែរ។

លើសពី​នេះ លោក ឯម សុវណ្ណារ៉ា បានបង្ហើបឱ្យដឹង​ថា ការធ្វើបទសម្ភាសន៍​កន្លង​មក លោកមិន​ហ៊ាន​និយាយ​ឱ្យ​អស់​ឡើយ។ មានន័យថា បើលោកដឹង១០ ឬ៥ចំណុច​ គឺលោកហ៊ាននិយាយ​តែ ២ ទៅ ៣ ចំណុច​ប៉ុណ្ណោះ ហើយជួនកាល លោកមិនហ៊ាននិយាយឱ្យចំទៀតផង។ លោកកត់​សម្គាល់​ថា សិទ្ធិ​សេរីភាព​​ក្នុងការបញ្ចេញមតិ​បច្ចុប្បន្ន មានការ​រឹតត្បិត​ខ្លាំង ដែល​មិនអាច​និយាយ​ពាក្យពិត​បានទាំងអស់​ឡើយ។

លោកថា៖​«បើនិយាយ​ឱ្យស្មោះត្រង់​ទៅ​កុំឱ្យ​ខាតពេល សេរីភាព​និយាយ​ស្ដី​និង​សម្ដែង​មតិរឹតត្បិត​ខ្លាំងមែន​ទែន ដែល​គេហៅ​ថា សេរីភាព​នៅក្នុង​សេរីភាព​ ហើយ​មិន​អាច​ឈរ​លើ​ទស្សនៈ​មួយ​ឱ្យយុវជន​ពិចារណា​បានគ្រប់ជ្រុង​ទេ ទាល់​គាត់​ព្យាយាម​ស្ដាប់ដោយ​យក​ទៅ​គិត​ទៀត​។ ក​ន្លែងខ្លះ​ទាំង​ខ្ញុំ និង​អ្នកវិភាគ​ផ្សេងទៀត​ មិនហ៊ាន​លើកគ្រប់ជ្រុង​ទេ ​កាលណា​យើង​លើកគ្រប់ជ្រុង​យើង​ប្រឈម​ ហើយកាល​ណាយើង​លើកមិន​គ្រប់ជ្រុង វាបាត់​តុល្យភាព នៃការ​វិភាគឱ្យ​ស៊ីជម្រៅ លម្អិត​ ឬ​បាត់ឯករាជ្យ​ទៅ​ហើយ ​ក៏ប៉ុន្តែយើង​បានជួយ​ចំណុច​ខ្លះ​ឱ្យ​យុវជនពិចារណា​កុំឱ្យ​ពិបាក​គិត​ពេក​»

ចំណែក​ប្រធាន​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជាលោក ប៉ា ចន្ទរឿន ​បានរំលឹក​ពី​ប្រសាសន៍របស់​សពលោក​បណ្ឌិត កែម ឡី ដែល​តែងតែ​លើកឡើង​ថា រាល់​ពេល​ដែល​លោក​វិភាគ​ម្ដងៗ លោក​មិន​ដែល​គិត​ថា លោក​នឹង​នៅ​មាន​ជីវិត​នោះទេ ​ខណៈអតីត​អ្នកស្រាវជ្រាវ​ផ្នែក​សិទ្ធិមនុស្ស​និង​ច្បាប់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុក​លោក កែម ឡី ថា ជា​និមិត្តរូប​នៃ​អ្នក​វិភាគ។

លោក ឡៅ ម៉ុងហៃ បន្តថា  បើលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកមាន​អំណាច​ធំៗ​នៅ​កម្ពុជា​ទទួល​ស្គាល់​ការពិត​ ទទួលយក​ទស្សនៈ​របស់​អ្នកវិភាគ​យក​ទៅ​ធ្វើការ​ពិចារណា ​ដូច​ករណីរបស់​លោក​បណ្ឌិត សេង សារី នោះថា វានឹងនាំ​មកនូវ​សន្តិភាព​ពិត​ប្រាកដ និង​ជា​ប្រភព​នៃយុត្តិធម៌។

លោកថា៖ «បើសិន​ជា​សម្ដេច​ ហើយ​នឹង​អ្នក​មាន​អំណាច​ផ្សេងទៀត​ទទួល​ស្គាល់កា​រពិត​ គាត់លែងចោទ​ប្រកាន់​លើលោក​បណ្ឌិតសេង សារី។ ​បើសិន​ជា​ទស្សនៈ​ឬ​ជំហរ ​ចិត្តថ្លើម​របស់​អ្នកនោះ ​និយមការពិត ហើយធ្វើសេចក្ដី​សម្រេច​អី​ក៏​ដោយ ដែល​ផ្អែក​លើការពិត​ និង​ហេតុការណ៍ជាក់ស្ដែង ហើយ​ហេតុការណ៍​ហ្នឹង​ហើយ ជា​ប្រភព​នៃ​យុត្តិធម៌​ ឬជាខឿន​យុត្តិធម៌នៅក្នុងសង្គម​។ ដូច្នេះវា​អាស្រ័យ​សង្គម​ហ្នឹង និយមការ​ពិត និយម​យុត្តិធម៌ ហើយ​យុត្តិធម៌​ហ្នឹង​ហើយ​ គឺជាមូលដ្ឋាន​សន្តិភាព​»

កិច្ចពិភាក្សា​របស់​ក្រុម​អ្នក​វិភាគ​នៅ​ថ្ងៃសៅរ៍​នេះ បានធ្វើឡើង​បន្ទាប់​ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៧ ខែ​កញ្ញា បាន​ព្រមានធ្ងន់ៗនិងចំៗ​ទៅលើ​បញ្ញាវន្តមួយ​ចំនួន ពិសេស​លើកចំៗឈ្មោះ​របស់​លោកបណ្ឌិត មាស នី កុំឱ្យព្រហើនពេក ចំពោះការ​ធ្វើបទ​វិភាគ​ដោយ​រិះគន់​គោលនយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​កម្ពុជា និង​បាន​ព្រមាន​ចាប់ខ្លួនលោកបណ្ឌិត សេង សារី ថែមទៀត។ ប៉ុន្តែ​ក្រោយ​មក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅ​តុលាការ​ឱ្យ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​លោក​បណ្ឌិត​ សេង សារី​ វិញ ដោយ​ថា ការ​អត្ថាធិប្បាយ​បែប​​វិភាគ​របស់​បណ្ឌិត​រូបនេះជាការវិភាគ​បែបសេណារីយ៉ូ​មិនមែន​គាំទ្រ​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួប​​បង្រួម​ជាតិ​ដែលផ្តួចផ្តើម​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នោះទេ។

បើផ្អែក​តាមការលើកឡើង​របស់​វាគ្មិន​នៅក្នុងកិច្ច​ពិភាក្សា​នេះ បាន​លើកឡើង​ថា អ្នក​ធ្វើបទវិភាគ​គឺមិន​ទទួល​បាន​ប្រាក់​កំរៃ​អ្វី​ឡើយ។ ក៏ប៉ុន្តែ​អ្វី​ដែលជួយ​ជំរុញ​ឱ្យ​ពួកគេ​ធ្វើបទវិភាគ ​គឺ​ចង់ចែករំលែក​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ ក្នុងនាម​ជាអ្នក​ជំនាញ​ និងជា​អ្នកដែល​មាន​បទពិសោធន៍តែប៉ុណ្ណោះ ដើម្បី​ឱ្យប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​យក​ធ្វើជា​មូលដ្ឋាន​ទៅគិត​និងពិចារណា​ក្នុងការសម្រេច​ចិត្តតែ​ប៉ុណ្ណោះ។ កាលពីថ្ងៃទី២១ ខែកញ្ញានេះ ក្រុមអង្គការ​សង្គមស៊ីវិល​ចំនួន ២៨ បានចេញ​សេចក្តីថ្លែងការណ៍រួម​គ្នា​មួយ​ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការគំរាមកំហែង​ទៅ​លើ​អ្នក​វិភាគ។ ពួកគេ​បាន​ចាត់​ទុក​ថា ការគំរាមកំហែង​ទៅលើ​អ្នកវិភាគ​ គឺជាការ​គំរាមកំហែង​ទៅ​លើ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ