រដ្ឋ​មន្រ្តី​ថា ការ​ឃាត់​ទុក​រថយន្ត​ដឹក​លើស​ទម្ងន់​គ្មាន​ការ​លើកលែង​ជា​លើក​ទី២

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​លោក ស៊ុន ចាន់ថុល កាលពីពេលកន្លងទៅ (លី បេទ្បា)

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាស​ថា ក្រសួងនឹងដកហូតទុករថយន្ត​ដែល​ផ្ទុកទំនិញ​លើសទម្ងន់កំណត់​ ដោយគ្មា​នការលើកលែ​ង​ជា​លើកទី២ និងធ្វើការផា​​​​កពិន័យម្ចាស់ទៅតាមច្បាប់ដោយគ្មានការយោគយល់ បើពួកគេនៅបន្តល្មើស​ច្បាប់​។

ការប្រកាសនេះ ធ្វើឡើងក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃម្សិលមិញ បានបញ្ជាឱ្យក្រសួងប្រគល់រថយន្តដឹកទំ​និញ​​លើសទម្ងន់ចំ​នួ​ន២២៩គ្រឿងដែលបានឃាត់ទុករយៈពេល១ឆ្នាំនាពេល​កន្លងមក បើទោះជាម្ចា​ស់រ​ថយន្ត​ទាំងនោះ​​មួយចំនួន ផ្ទុះការប្រមូលផ្តុំគ្នាតវ៉ាស្នើសុំបន្ធូរការផាកពិន័យ​កាលពីខែកក្កដា​យ៉ាងណាក្តី។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន​ក្នុងអំឡុងសន្និសីទសារព័ត៌មាន​នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងថា កន្លងមក ក្រសួង​មិ​ន​ដែល​ដោះលែងរថយន្ត​ដឹកទំនិញ​លើសទម្ងន់ ក្រោមកិច្ចអន្តរាគមន៍របស់បុគ្គលមានអំណាចឬម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន​នោះ​​ទេ។

លោកថា៖ «នេះជាលើកទី១ និងលើកចុងក្រោយហើយ ដែលយើងអនុញ្ញាតដោះលែងរថយន្តដែលបាន​ឃាត់ទុកក្នុងរយៈពេល១ឆ្នាំនេះ ក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែររបស់យើង និងការរីកចម្រើនឡើងវិញ​នូវសេដ្ឋកិច្ចជាតិយើ​ង។ យករថយន្តនោះ​មកធ្វើអាជីវកម្ម ដើម្បីជួយទ្រទ្រង់ការរីកចម្រើនសេដ្ឋកិច្ចជាតិរបស់យើង»

លោកបានថ្លែងបន្ថែមថា អ្នកបើកបរណាដែលបន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់ នឹ​ងត្រូវរង​កា​រផាកពិ​​ន័យធ្ងន់ធ្ងរ មានការដកហូតបណ្ណឬសិទ្ធិបើកបរ​ដែលតម្រូវឱ្យម្ចាស់ត្រូវប្រឡងយកបណ្ណសារជាថ្មី ឬអាចឈានទៅដល់ការបិទក្រុមហ៊ុន​ដឹកជញ្ជូនដោយគ្មានការយោ​គយល់។ 

ម្ចាស់រថយន្តដឹកទំនិញប្រភេទ២៥តោន​មួយរូប​នៅខេត្តត្បូងឃ្មុំ លោក ហួត បូរិន គាំទ្រការរឹតបន្តឹងវិធាន​ការច្បាប់លើរថយន្តដឹ​កលើ​សទម្ងន់នេះ ប៉ុន្តែលោកស្នើឱ្យការផាកពិន័យមានភាពស្មើភាពនិងតម្លាភាព ដោ​យមិនត្រូវធ្វើតែលើពលរដ្ឋអ្នកដឹកទំនិញតូចតាច។

បុរសវ័យ៣៥ឆ្នាំ​ដែលប្រកបរបរដឹកទំនិញអស់រយៈពេលជិត២០ឆ្នាំរូបនេះ បន្ត​ថា ម្ចាស់រថយន្ត​ខ្លះចង់​ចំណេញច្រើន ក៏ព្យា​យា​​​​មកែច្នៃរថយន្តឱ្យអាចដឹកលើសចំណុះ តែសម្រាប់លោក គឺមិនហ៊ាននោះទេ ដោយសារមិនចង់ប្រឈមការផាកពិន័យ និងធ្វើឱ្យរថយន្តងាយខូច​ខា​ត។ 

លោក ហួត បូរិន និយាយថា៖ «រាជរដ្ឋាភិបាល គាត់ធ្វើអ៊ីចឹងល្អហើយ សំខាន់ឱ្យតែធ្វើទៅស្មើភាពនិងតម្លាភាព។ ហើយអ្នករកស៊ីឡានជាទូ​ទៅ គេមិនចង់ដឹកលើសប៉ុន្មានទេ វាឆាប់ខូចឡាន ហើយកង់ក៏វាប្រើប្រាស់មិនបានយូរអង្វែងដែរ។ បើសិនជាមានអ្នកខ្លះដឹកធ្ង​ន់បាន​ អ្នកខ្លះដឹកធ្ងន់មិនបាន វានៅតែពិបាក»

ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់មួយរូបទៀតនៅរាជធានី​ភ្នំពេញ លោក ហ៊ុត វុត្ថា គាំទ្រ​ឱ្យ​មាន​​​ការ​អនុវត្តច្បាប់​លើ​រថយ​ន្ត​ដឹកលើសទំនិញឱ្យ​​​មាន​ប្រសិទ្ធ​ភាព។ បុរសវ័យ៤២ឆ្នាំរូបនេះជឿថា នៅពេល​​រថ​យន្តនានា​ដឹកទំនិញតាមការកម្រិតរបស់ច្បាប់ នោះវានឹងជួយបង្កើនការងារដឹកជ​ញ្ជូនទំនិញ និងជំរុញ​ការប្រកួតប្រជែង​ដោយស្មើភាពគ្នាសម្រាប់អ្នកប្រកបរបរដឹកជញ្ជូនត្រឹមត្រូវ និងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់។

លោក ហ៊ុត វុត្ថា និយាយថា៖ «តែដឹកស្មើគ្នា គ្មានអ្នកណាគេជ្រែតម្លៃអីកើត! ណាស់តែអារឿងមួយដាក់បានតិច មួយដាក់បានច្រើនរឿ​ងហ្នឹង ទៅអត់រួចមែន? តែបើថាគេឱ្យដឹកស្មើគ្នា ២០តោន ២០តោនទាំងអស់គ្នាទៅ រឿងអីទៅមិនកើត! ចំណេញតិច ចំណេញទាំ​​​ងអស់គ្នា ចំណេញច្រើន ចំណេញច្រើនទាំងអស់គ្នា»

ពាក់ព័ន្ធបញ្ហានេះ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ លោក ជា ចាន់ដារ៉ា​ លើកឡើងថា ការដឹកលើសទម្ងន់កំណត់បា​នក្លា​យជាទម្លាប់សម្រាប់ម្ចាស់រថយន្តមួយចំនួនដែលខ្វះការយល់ដឹងពីច្បាប់ និង​អ្នកដែលចង់ទទួលបានប្រាក់ចំណេញច្រើន។ លោកថា ពួកគេភាគច្រើនជារថយន្តដឹកដីនិង​ខ្សាច់។

លោ​​ករំពឹងថា តាមរយៈការពង្រឹងវិធានការច្បាប់ ម្ចាស់រថយន្តដឹកទំនិញទាំងអស់នឹងពិចារណាបន្ថយ​ប្រាក់​ចំ​ណេញ ដើម្បីចូលរួមកាត់បន្ថយថវិការដ្ឋចំណាយលើថ្លៃជួសជុលផ្លូវ បញ្ចៀសការរងពិន័យ និងហានិភ័យគ្រោះថ្នាក់ផ្សេងៗ។

លោក ជា ចាន់ដារ៉ា​ មានប្រសាសន៍ថា៖ «ខ្ញុំសូម​អំពាវនាវសុំឱ្យពួកគាត់គិតសារឡើងវិញ​ពីបញ្ហាដឹកលើសទម្ងន់ហ្នឹង វាមិនល្អ! ប៉ះពាល់ទៅលើការខូចខាតអី ការខូចខាតហ្នឹងទៀតសោត តម្លៃនៃការពិន័យ វាមិនស្មើនឹងការជួសជុល មានន័យថា​ យើងពិន័យបានមកតិចតួច ប៉ុន្តែ​ការជួសជុលវាអស់ច្រើន អ៊ីចឹង​រដ្ឋក៏គាត់មានផលវិបាករបស់គាត់ដែរ»

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង លើកឡើងថា បញ្ហារថយន្តដឹកលើសទម្ង​ន់​កើតឡើង​ដោយសារការមិនគោរពច្បាប់របស់ប្រជាពលរដ្ឋ និងកង្វះប្រសិទ្ធ​ភាពក្នុងការអនុវត្តវិធានការពិន័យរបស់មន្រ្តីមានសម​ត្ថ​កិច្ច ដែល​នាំឱ្យមានការចោទប្រកាន់ថា បក្សពួកនិយមនិងប្រព្រឹត្តអំពើពុករលួយ​ជាដើម។

យ៉ាងណា លោកថា ប្រសិនបើក្រសួងមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានេះ ដោយមានការ​គាំទ្រ​គោល​នយោបាយពីរដ្ឋាភិបាល នោះបញ្ហាផ្លូវថ្នល់ដែលរងការខូចខាត​ដោយសាររថយន្តដឹកលើសទម្ងន់ នឹងអាចទប់ស្កាត់បាន។

លោក យង់ គិមអេង ថ្លែងថា៖ «ប្រសិនជាក្រសួងមានការប្តេជ្ញាចិត្តខ្ពស់ ហើយនិងមានការគាំទ្រខាងនយោបាយទៀត ខ្ញុំថា នោះអាចនឹងធ្វើឱ្យវិធានការនោះមានប្រសិទ្ធភាព។ ប៉ុន្តែបើវិធានការនោះធ្វើឡើង​តែមួយឆាវៗទេ គ្រាន់តែជាការកម្លាទេ នោះផ្លូវនៅតែខូច វិធានការនៅតែនិយាយអំពីប្រសិទ្ធភាពមិនចេះចប់ បាទ»

តាមរបាយការណ៍គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ ក្នុងចំណោមយានយន្តដែលបានត្រួ​តពិនិត្យសរុបចំនួន១ ៨៣០ ៦៣១គ្រឿង សមត្ថកិច្ចបានរកឃើ​ញយានយន្តផ្ទុកទំនិញលើសទម្ងន់ជិត៦០ម៉ឺន​គ្រឿង (៥៧៨ ១០៣គ្រឿង​) ស្មើនឹងជាង៣១ភាគរយ, ដឹកលើសទម្ងន់កម្រិតអនុ​គ្រោះ​​មាន​ជិត៦០ម៉ឺន​​គ្រឿង (៥៧៥ ៨៥៦គ្រឿង​) ស្មើនឹងជាង៣០ភាគរយ, យានយន្តត្រូវរងពិន័យមានចំនួន២ ២៤៧គ្រឿង, យានយន្តផ្ទុកលើសទម្ងន់ត្រូវបានឃាត់ទុករយៈពេល១ឆ្នាំ មាន២២៩គ្រឿង និងទឹកប្រាក់ពិន័យសរុបមានចំនួនជាង៣ ៨០០​លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ