ពលរដ្ឋ​នៅ​កោះកុង​ជិត​១​ពាន់​គ្រួសារ​រក​អន្តរា​គមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ដី​ធ្លី

ពលរដ្ឋមកពីខេត្តកោះកុង មកតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​អន្តរាគមន៍ករណីជំលោះដីធ្លី ដែលពួកគេថា​ជាប់ពាក់ព័ន្ធជាមួយនឹង​ក្រុមហ៊ុន​ស្កអំពៅ​របស់លោក​ឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ប្រជាពលរដ្ឋជិត១ ០០០គ្រួសារ នៅស្រុកចំនួន៣ ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយ​ដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា​ លី យ៉ុងផាត់។ 

ក្នុងញត្តិចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋ៨៤៣គ្រួសារ និងដីសរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង បានរកកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់លោកឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា​​។

ក្នុងញត្តិនេះ​ ក្រុមពលរដ្ឋអះអាងថា ដីធ្លីនោះ​ពួកគេបានកាន់កាប់និងចូលអាស្រ័យផល ដោយខ្លះធ្វើចម្ការ អ្នកខ្លះធ្វើស្រែចិញ្ចឹមជីវិតតាំងពីឆ្នាំ១៩៧៩ ហើយអ្នកខ្លះទៀតបានកាន់កាប់នៅ​​ឆ្នាំ២០០០ ប៉ុន្តែនៅឆ្នាំ២០០៦ ក្រុមហ៊ុន​រប​ស់លោកឧកញ៉ា លី យ៉ុងផាត់​​ បានដាក់គ្រឿងចក្រឈូសឆាយផលដំណាំរបស់ពួកគាត់​អស់ ដើម្បីយកដីដាំអំពៅ។

ក្នុងញត្តិបន្ថែម​ថា ក្រោយក្រុមហ៊ុនឈូសឆាយផលដំណាំរបស់​ពួកគេអស់ ខាង​តំណាងក្រុមហ៊ុន​បាន​បង្ខំឱ្យ​ប្រជាពលរដ្ឋ​យកសំណងបន្តិចបន្តួច​ ប៉ុន្តែមានពលរដ្ឋខ្លះទទួលយក និងខ្លះទៀត​មិន​ទទួលយកទេ ទើប​បង្កឱ្យ​មានជាវិវាទដល់បច្ចុប្បន្ន។

អ្នកស្រី ជឹម ថន ដែលអះអាងថា​ជាតំណាងពលរដ្ឋនៅស្រុកស្រែអំបិល ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ជុំវិញជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់​ នេះ គឺ​ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ស្រុកនិងខេត្ត​ជាច្រើនដងហើយ ប៉ុន្តែមិនទទួលបានការដោះស្រាយនោះទេ។ អ្នកស្រីបន្តថា ការពន្យារពេលមិនដោះស្រាយនេះ បានធ្វើឱ្យពួកគាត់ជួបការលំបាកគ្មានដីធ្លីបង្កបង្កើនផល និង​សម្រេចរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិបន្តទៀត។

អ្នកស្រីបន្ថែមថា៖ «បើនិយាយពីជីវភាពវិញ យើងពិបាកក្នុងការរស់នៅណាស់ ដោយសារយើងបានបាត់បង់ដីអាស្រ័យផលជាក់ស្តែង។ យើងអត់បានដាំដុះអាស្រ័យផល ហើយសេដ្ឋកិច្ចឥលូវពិបាករកស៊ីទៀត បើរឿងជំពាក់បំណុលធនាគារវិញសឹង​៩៩ភាគរយហើយ។ និយាយពីកូនចៅវិញ គ្មានបានរៀនសូត្រអីទេ ជីវភាពគ្រួសារយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃហើយ»

ពលរដ្ឋម្នាក់នៅស្រុកបទុម​សាគរ អ្នកស្រី រុន ភាព និយាយថា ដីធ្លីរបស់ពួកគាត់ដែលក្រុមហ៊ុនបាន​​​រំលោភយក​កាលពី១៥ឆ្នាំមុននោះ ពេលនេះកំពុងត្រូវបានទុកចោល ដោយពុំមានការអភិវឌ្ឍ​ដាំអ្វីនោះទេ។ 

ពលរដ្ឋរូបនេះបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយដោះស្រាយ ដោយប្រគល់ដីនោះជូនពលរដ្ឋបានបង្ក​បង្កើន​ផលវិញ និងឱ្យក្រុមហ៊ុនផ្តល់សំណងដែលពួកគាត់បានខាតបង់ពេលវេលា មិនបានអាស្រ័យផល និងការខូចខាតផលដំណាំផងដែរ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលពន្លឿននូវការដោះស្រាយជូនពួកខ្ញុំឱ្យបានឆាប់ ពីព្រោះអាជ្ញាធរ​ពាក់​ព័ន្ធ​ហ្នឹងគាត់បានបដិសេធពួកខ្ញុំជាច្រើនលើកច្រើនសារហើយ។ ពួកខ្ញុំជាកសិករកំពុងជួបការលំបាកច្រើន ដោយសារខ្វះដីធ្វើកសិកម្មសម្រាប់បង្កបង្កើនផល។ ខ្ញុំចង់​បាន​​ដីពួកខ្ញុំមកវិញ និងបានសំណងខ្លះដែលយកទៅជាច្រើនឆ្នាំមកនេះ ពួកខ្ញុំបានខាតបង់ច្រើនដោយសារគ្មានដីធ្វើកសិកម្ម»

ពលរដ្ឋម្នាក់ទៀត លោក ឈឹម សាផាន បានឱ្យដឹងថា ប្រសិនបើក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធនៅតែពន្យារពេលមិនដោះស្រាយជូនពលរដ្ឋទៀត នោះ​ពួកគាត់នឹងនាំគ្នា​ចូលទៅរស់​នៅ​លើទីតាំងដីរបស់ខ្លួនដែលធ្លាប់អាស្រ័យផលវិញហើយ។

ពលរដ្ឋរូបនេះបន្តថា កន្លងមក អាជ្ញាធរភូមិឃុំបានបញ្ជាក់រួចហើយថា ពួកគាត់ពិតជាបានបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុនចម្ការអំពៅរបស់លោក លី យ៉ុងផាត រំលោភមែន ប៉ុន្តែការដោះស្រាយនៅតែមិនមានលទ្ធផល។

លោកបន្ថែមថា៖ «បើអត់ដោះស្រាយជូនប្រជាពលរដ្ឋខ្ញុំជាង៨០០គ្រួសារនេះទេ ក្នុងរយៈពេល១ខែទៀត ពួកខ្ញុំនឹងទៅរស់នៅលើដីរបស់ពួកខ្ញុំវិញ ដើម្បីឱ្យក្រសួងមកជជែកជាមួយពួកយើងនៅលើដីនេះ។ បើយើងមិនធ្វើអ៊ីចឹង ក្រសួងគេមិនមកជជែករកដំណោះស្រាយជាមួយពួកយើងទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ នៅថ្ងៃសុក្រនេះ។

ចំណែកអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាល​ខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់ថា កំពុងជាប់រវល់ចុះដោះស្រាយ​វិវាទដីធ្លីនៅស្រុកបទុមសាគរ មិនអាចឆ្លើយតបបាន។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា កន្លងមក អាជ្ញាធរបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់​ បានប្រហែល៥ក្រុមរួចមកហើយ។ ប៉ុន្តែលោកថា ក្រោយមកក៏មាន​​មួយក្រុមផ្សេង​ទៀតបានអះអាងថា ពួកគេក៏បាត់បង់ដីធ្លីដោយសារក្រុមហ៊ុន​នេះ​រំលោភយក​ ហើយ​បានផ្ទុះការតវ៉ាដើម្បីទាមទារសំណងដែរ។

លោកបន្ថែមថា៖ «បើសិនជាពួកគាត់ពិតជាប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដីស្រែដីចម្ការដោយ​សារ​ក្រុមហ៊ុនរំលោភយកមែន អាជ្ញាធរ​មិនបាច់គិតថាពួកគាត់ជាអ្នកតវ៉ាមុនឬអ្នកតវ៉ាក្រោយទេ បើសិនជាពួកគាត់ជាជនរងគ្រោះពិតប្រាកដ គួរតែមានដំណោះស្រាយណាមួយសមរម្យជូនពួកគាត់ដែរ ដើម្បីឈាន​ទៅរកការដោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅក្នុងខេត្តកោះកុង»

បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ រយៈពេល២ឆ្នាំចុងក្រោយនេះ ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្តកោះកុង មិនមានការកើនឡើងនោះទេ​ ប៉ុន្តែលទ្ធផល​នៃ​ការ​ដោះ​ស្រាយហាក់​មិនបានល្អច្រើននោះឡើយ។

យ៉ាងណា លោកថា មួយរយៈនេះ លោកសង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធបានចាប់ផ្តើមដំណើរការ​ដោះស្រាយ​ជាថ្មីទៀត ដូចជា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនញូញៀន ដែលរំពឹងថា ការដោះស្រាយនេះនឹងអាចទទួលយកបានទាំងគ្នាសម្រាប់ភាគីដែលពាក់ព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ