គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​បោះ​ដៃ​រក​ការ​រួបរួម​ ដើម្បី​ជំរុញ​តម្លាភាព​ការ​បោះឆ្នោត

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៣​ បានបោះដៃរកគ្នា​ ដើម្បីស្វែងរក​ជំហររួមនិង​​លទ្ធភា​ព​កសាង​​ប្រព័ន្ធប្រជាធិបតេ​យ្យ​​ឡើងវិញ ក្រោយពីអ​តីតបក្សប្រ​ឆាំងធំមួយត្រូវ​​បានតុលាការកំពូលរំលាយចេញពី​ឆាកន​យោបាយជាង៤​ឆ្នាំមកនេះ។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មាន​ប្រសាសន៍​​​នៅថ្ងៃសុក្រនេះថា កាលពីថ្ងៃ​ម្សិលមិញ កិច្ចពិភាក្សាទល់មុខគ្នា​​មួយ​​បានធ្វើឡើង រវាងគណបក្សចំនួន​៣ ក្នុង​នោះមាន «គណបក្សឆន្ទៈខ្មែរ» របស់លោក គង់ មុនីកា គណបក្សរបស់​លោក (គណបក្សកែទម្រង់កម្ពុជា) និងភាគី​មក​ពី«គណប​ក្ស​ប្រជាធិបតេយ្យមូលដ្ឋាន» របស់លោក យ៉េង វីរៈ។ លោកបន្តថា កិច្ចពិភាក្សានោះជាគោលដៅរួមចង់ឱ្យគណបក្សដែលនៅក្រៅរដ្ឋាភិបាលរួមគ្នាឬអាចប្របាច់បញ្ចូលគ្នា ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាច។

តែយ៉ាងណា លោកថា កិច្ចពិភាក្សានោះមិនទាន់បានឯកភាពគ្នាទាំងស្រុងទេ ហើយដកឃ្លា ដើម្បីរកពេ​​ល​ជួបគ្នានៅពេលក្រោយទៀត។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ជាលទ្ធផលបណ្ដោះអាសន្នបានឯកភាពលើយុទ្ធសាស្ត្រមួយចំនួ​ន រួមទាំង​យន្តការ​​រួមគ្នាជំរុញឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត។

លោកថា៖ «យើងដឹងហើយ បើកាលណាកម្លាំងវារប៉ាត់រប៉ាយ យើងមិនអាចមានកម្លាំងធំទៅប្រកួតប្រជែង​បាន​ទេ»។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន ថ្លែង​ថា បើទោះបី​ការ​តស៊ូ​ម​តិជំរុញឱ្យកែទម្រង់សមាសភាព គ.ជ.ប នេះ ស្ថិតលើផ្លូវដ៏លំបាកក៏ដោយ ក៏ប៉ុន្តែលោកថា វាជាជម្រើស​ចាំ​បាច់ត្រូវតែសាកល្បង ដើម្បីបង្ហាញទៅសហគមន៍ជាតិនិងអន្តរជាតិឱ្យដឹងថា ភាពត្រឹមត្រូវនិងយុត្តិធម៌នៃការបោះឆ្នោត វាផ្តើមចេញពីចំណុចណា។

លោកថា៖ «យើងជាគណបក្សដែលមិន​មែន​ជាអ្នកកាន់អំណាច ​ហើយយើងចង់ឱ្យមានការផ្លាស់ប្តូរ វាមិនមែនជាការងាយស្រួយទេ។ ប៉ុន្តែបើយើងសម្ងំនៅ​ស្ងៀម ​មិនស្រែកទាមទារសោះ វាមិនកាន់តែ​លែង​បាននូវអ្វីដែល​យើង​គិតថា​ត្រឹមត្រូវដែរ។ អ៊ីចឹងយើ​ងត្រូវតែធ្វើការសាកល្បង​ទាមទារ បន្លឺសំឡេង បង្ហាញពីឆន្ទៈ បង្ហាញ​ពីគំនិតរបស់​យើង ដើម្បីឱ្យគណបក្សកាន់អំណាចហ្នឹងគាត់មើលឃើញ ព្រោះគាត់ក៏ចង់បានការទទួលស្គាល់ពីមហាជនពីសហគមន៍អន្តរជាតិដែរ»។

បើតាមលោក ​សាម អ៊ីន កំណែទម្រង់ដែលក្រុមលោកចង់​បាន គឺសមាជិក គ.ជ.ប ត្រូវស្មើគ្នា ក្នុងនោះ សមាជិក៤រូបមកពីស្ថាប័នឯករាជ្យ និង៤រូបទៀត​មកពីគណបក្សប្រជាជនកម្ពុជា ខណៈបច្ចុប្បន្នសមាជិក គ.ជ.ប ចំនួន៩រូប មាន​៨រូបកូតាមកពីគណបក្សកាន់អំណាច។

អតីត​មន្ត្រីជាន់ខ្ពស់​របស់គណបក្សប្រឆាំងមួយរូប លោក មាជ សុវណ្ណារ៉ា យល់ថា បុគ្គល​ដែលបានដើរចេញ​ពី​អតីត​គណបក្សសង្គ្រោះជាតិ ទៅ​បង្កើតបក្សថ្មី ខណៈមេដឹកនាំកំពុងជាប់បណ្ដឹងនៅតុលាការនោះ បា​ន​រងនូវការស្តីបន្ទោសពីអ្នកគាំទ្រច្រើនណាស់មកហើយ។ លោកបន្ត​ថា សារ​នយោបាយពីការស្វែងរក​ការច្របាច់​បញ្ចូលគ្នា ដើម្បីប្រកួតជាមួយគណប​ក្ស​​កាន់អំណាច​ បង្កើតជាចម្ងល់ថា ​តើពលរដ្ឋជឿថាពួកគេពិតជាហ៊ានលះបង់ដើម្បីស្តារប្រជាធិបតេយ្យ​ឡើងវិញ ឬក៏ជាល្បែងកំដរឆាកបក្សកាន់អំណាច។

លោកថា៖ «សំខាន់នៅត្រង់ថា ពួកគាត់ពិតជាមានឆន្ទៈពិតក្នុងការរួបរួម ឬក៏គាត់បានជាប់ចំណងដោ​យ​បក្សកាន់អំណាចហើយ ដែលគាត់បង្ខំចិត្តដើម្បីទៅរួបរួមដើម្បីឆ្ពិនភ្នែកម្ចាស់ឆ្នោត»។

មួយវិញទៀត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនក​ម្ពុជា គ្មានការព្រួយបារម្ភពី​ចរន្តរួប​រួម​នេះទេ​ ហើយថា ការចង់ទាមទារឱ្យផ្លាស់ប្តូរសមាសភាព គ.ជ.ប ក៏មិនអាចទៅរួចដែរ។

លោកថា៖ «យើងដឹងហើយថា សមាសភាព គ.ជ.ប ត្រូវធ្វើការតែងតាំងតាមនីតិវិធីត្រឹមត្រូវដែលមានចែ​ង​នៅក្នុ​ង​រដ្ឋធម្មនុញ្ញផង និងនៅក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនឹង គ.ជ.ប ផង។ អ៊ីចឹងខ្ញុំគិតថា ​​សំណើរបស់គាត់គ្មានអីគួរឱ្យចាប់អារម្មណ៍ មិនមានអីប្រែប្រួលទេ»។

អ្នកស្រាវ​ជ្រាវ​សង្គម លោកបណ្ឌិត សេង សារី សាទរចំពោះ​​​សារ​នយោបាយ​របស់គណបក្សនៅក្រៅរដ្ឋាភិបាល​នេះ ប៉ុន្តែលោកថា ដោ​យ​សា​​​រតែពួកគេ​គ្មានកម្លាំងនយោបាយ ការទាមទារ​ឱ្យធ្វើកំ​ណែទ​ម្រ​ង់ គ.ជ.ប នឹងក្លាយ​​ជាឧបសគ្គ ហើយការប្រឹងប្រែងនេះនឹងក្លាយជាចរន្តបំបែក​កម្លាំង​អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បម្រាមទៅវិញទេ។

អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសន្លឹកឆ្នោតគាំទ្រជាង៤៣ភាគរយនោះ ត្រូវបានតុ​លាកា​រ​​រំលាយចោ​លតាំងពីចុង​ឆ្នាំ២០១៧​មក តាមបណ្តឹងរបស់បក្សកាន់អំណាច។ តាមសាលដីកា​តុលាការ​កំពូលនេះ អាសនៈ​ទាំងអស់​របស់អ​តីតគណបក្សប្រឆំាងដែលមាន​ប្រហាក់ប្រហែលបក្សកា​ន់​​អំ​ណាចដែរនោះ ត្រូវ​យក​ទៅចែកឱ្យគណបក្សផ្សេងដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ។

បរិបទនេះបានធ្វើឱ្យ​ប្រធានអតីត​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវជាប់ពន្ធនាគារ ហើយសិទ្ធិធ្វើ​ន​យោ​បាយរបស់លោកត្រូវបានដកហូត​ជាង៤ឆ្នាំ​ដែរគិត​មកដល់ពេល​នេះ​ ខណៈមន្ត្រីចំនួន​១១៨នាក់ ត្រូវ​បានហាមធ្វើន​យោបា​យ​៥ឆ្នាំចាប់ពីពេលនោះមក។

តែយ៉ាងណា បច្ចុប្បន្ននេះ មន្ត្រីជាង២០រូបដែលជាប់បម្រាមបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងខ្លះទៀតបានបង្កើតគណបក្សថ្មីៗ ដើម្បីត្រៀម​ប្រកួតការបោះឆ្នោតជាមួយបក្សកាន់អំណាចឡើ​ងវិញ នៅពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ