អ្នក​ឃ្លាំ​មើល​ថា​អ្នក​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ប្រកួត​ប្រជែង​ដើម្បី​រក្សា​អំណាច

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

អ្នកឃ្លាំមើលសង្គមមួយចំនួនលើកឡើងថា ចាប់តាំង១៩៩៣ មកដល់បច្ចុប្បន្នអ្នកនយោបាយកម្ពុជាមិនទាន់ប្រកួតប្រជែងអំណាចដើម្បីការអភិវឌ្ឍពិតប្រាកដនោះទេ ប៉ុន្តែអ្នកនយោបាយ​ប្រកួតប្រជែងអំណាច ដើម្បីរក្សាអំណាចរបស់ខ្លួនកុំឱ្យបាត់បង់ច្រើនជាង។

ការលើកឡើងនេះ នៅក្នុងកិច្ចពិភាក្សាស្ដីពីប្រជាធិបតេយ្យក្រោមប្រធានបទ«សីលធម៌នយោបាយនៅកម្ពុជា» កាលពីថ្ងៃសៅរិ៍ម្សិលមិញ ដែលរៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។

អ្នកស្រាវជ្រាវការអភិវឌ្ឍ​សង្គម លោកបណ្ឌិត សេង សារី បានលើកឡើងថា ការអ្នកនយោបាយបច្ចុប្បន្ន បានងាកចេញពីក្រមសីលធម៌ ហើយកត្ដាដែលនាំឱ្យងាកចេញពីសីលធម៌នោះ ដោយសារ​តែ នៅពេលដែលមានអំណាចហើយ អ្នកនយោបាយទាំងនោះ បានប្រើប្រាស់អំណាច ក្នុងតាក់តែងច្បាប់ និងប្រើឥទ្ធិពលរបស់ខ្លួន ​ប្រាស់ចាកពីនីតិវិធី និងច្បាប់ជាដើម។

លោកបន្តថា ចាប់តាំងពីឆ្នាំ១៩៩៣មក អ្នកនយោបាយក៏បានខកខាន ក្នុងការពង្រឹងស្ថាប័នជាតិថែមទៀតផង។  ​

លោកថា៖«ឥឡូវវាខុស​ត្រង់៣០ ឆ្នាំមកនេះ អ្នកនយោបាយព្យាយាមពង្រឹងអំណាច​​​ខ្លួនតាមរយៈធ្វើម៉េចឱ្យប្រព័ន្ធរដ្ឋចុះខ្សោយ​ ​»។

លោកបណ្ឌិតឡៅ ម៉ុងហៃ លើកឡើងដែរថា ដើម្បីលើកកម្ពស់សីលធម៌នៅក្នុងសង្គមបច្ចុប្បន្ន អ្នកនយោបាយត្រូវឱ្យទទួលស្គាល់ការពិត និយាយការពិត និងឱ្យតម្លៃការពិត ដោយសារ ការទទួលស្គាល់ការពិតបានជួយដល់សង្គមផង និងបុគ្គលផង ។ លោកបន្តថា បើសិនជាអ្នកនយោបាយឱ្យតម្លៃការពិត ​ទើបជំរុញឱ្យសង្គមជាតិមានយុត្តិធម៌។

លោកបណ្ឌិតឡៅ ម៉ុងហៃ បន្តថា អ្នកយោបាយត្រូវធ្វើសច្ចាប្រណិធានតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមិនគិតផលប្រយោជន៍គ្រួសារ​ និងបក្សពួកនិយមឡើយ ប៉ុន្តែជាក់ស្ដែកអ្នកនយោបាយមិនបានអនុវត្តពេញលេញទេ។

លោកថា៖«ក្នុងរដ្ឋធម្មនុញ្ញ រឿងសច្ចាប្រណិធាន ថា ខ្ញុំមិនយកប្រយោជន៍សាធារណៈរបស់ប្រទេសបម្រើផ្ទាល់ខ្លួន ឬគ្រួសារ បក្សពួកទេ មើលឥឡូវ ​តែងតាំងបុគ្គលកាន់មុខតំណែង​អីផ្សេងៗ តាំងពីរើសមន្ត្រីរាជការអី ឃើញបក្សពួកខ្នងអី​។ វាអត់ត្រូវ អាហ្នឹងហើយវារំលោភសីលធម៌ និងសច្ចាប្រណិធានរបស់ប្រទេសហ្នឹង»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់អ្នកវិភាគជារឿងត្រឹមត្រូវ ដោយសារប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយថា ការបោះឆ្នោតកន្លងមក ធ្វើតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយបោះឆ្នោតតាមប្រព័ន្ធសមាត្រ។ ដូច្នេះ គណបក្សប្រកួតប្រជជែងគ្នា គឺដើម្បីដណ្ដើមអំណាចនោះឯង។

ដោយឡែក ចំពោះការប្រើពាក្យអសុរោះ ឬមិនអសុរោះនោះ លោកថា គ្រាន់ជាវោហាសព្ទនយោបាយក្នុងការប្រកួតប្រជជែងដណ្ដើមពីប្រជាពលរដ្ឋ ដោយអ្នកនយោបាយច្រើនតែប្រើវោហាសព្ទនយោបាយបែបនេះ។

លោកបន្តថា៖ «អ៊ីចឹងយើងយល់ថា ក្នុងករណីដែលមានយុទ្ធនាការឃោសាសនាបោះឆ្នោត វាមានករណីកើតចេញពីពាក្យអសុរោះ ខ្វះសីលធម៌នយោបាយដែរ តែទន្ទឹមហ្នឹង ក៏មានគណបក្ស ក៏ដូចជាអ្នកនយោបាយនៃគណបក្សមួយចំនួន ក៏មានសីលធម៌នយោបាយដែរ។  អាហ្នឹងទុកឱ្យប្រជាជនជាអ្នកវះកាត់ អ្នកដែលប្រព្រឹត្តិល្មើសច្បាប់ ល្មើសក្រមសីលធម៌ អាហ្នឹង ប្រជាជនមិនគាំទ្រ»។

​​ទោះបីជាយ៉ាងនេះក្តី ប្រធាន​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជាលោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសានស៍ថា មានតែការធ្វើនយោបាយ និងការចូលរួមការងារសង្គម​ប្រកបដោយសីលធម៌ទេ ទើបធ្វើឱ្យខ្លួនយើងបានសុខ ហើយគូប្រកួតប្រជែងក៏បានសុខ ម្យ៉ាងសង្គមជាតិក៏ទទួលបានសេចក្តីសុខផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ