អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ហាម​មិន​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​៥០C​ជា​បណ្តោះអាសន្ន

ទឹកលិចលើកំណាត់ផ្លូវ៥០C ខណៈផ្លូវនេះត្រូវបានអាជ្ញាធរស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០២១ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ។(ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)

អាជ្ញាធរស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រកាសផ្អាកបណ្តោះអាសន្ន មិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ៥០C ពីចំនុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ដើម្បីទប់ស្កាត់កុំឱ្យខូចខាតផ្លូវ ខណៈផ្លូវមួយនេះបានលិចជាបណ្តើរៗដោយសារទឹកទន្លេ​ឡើងច្រើន។

ក្នុងសេក្តីជូនដំណឹងរបស់រដ្ឋបានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឱ្យដឹងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះថា  កម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យកំណាត់ផ្លូវលេខ ៥០c ចាប់ពីចំនុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ  ចាប់           ផ្តើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឱ្យមានការខូចខាត ដោយអន្លើ និងងាយទទួលរងការខូចខាតខ្លាំង ក្នុងពេលដែលមានយានយន្ត គ្រប់ប្រភេទនៅតែបន្ត ធ្វើចរាចរណ៍ឆ្លងកាត់ ។

ករណីនេះ អាជ្ញាធរស្រុកកំពង់លែង បានប្រកាសផ្អាកបណ្តោះអាសន្ន មិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ៥០C ពីចំនុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ដោយថា ដើម្បីទប់ស្កាត់កុំខូចខាតផ្លូវបន្ថែមទៀត ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា៖ «ដើម្បីថែរក្សាការពារកំណាត់ផ្លូវ ៥០ c នេះឱ្យមានសភាពល្អប្រសើរ សម្រាប់ការប្រើប្រាស់បន្ត និងបង្កាលើករណីគ្រោះថ្នាក់ ដោយប្រការណាមួយ សម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់រដ្ឋបាលស្រុកសហការ ជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការផ្អាកជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ លើកំណាត់ផ្លូវលេខ ៥០ c ចាប់ពីចំនុច ផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើការវិញ»

​ផ្លូវលេខ៥០C ជាប្រភេទផ្លូវក្រាលគ្រួសក្រហម ​មានប្រវែង៥៣គីឡូម៉ែត ឆ្លងកាត់វាលទំនាបតំបន់បឹងទន្លេសាប ដែលតភ្ជាប់ពី ផ្លូវជាតិលេខ ៦ នៃខេត្តកំពង់ធំ នៅចំនុចភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនទៅកាន់ទីរួមខេត្តកំពង់ឆ្នាំងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយជាផ្លូវមួយ​ដែលឆ្លងកាត់កណ្តាលប្រទេសកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ