អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​កុមារ កាក់ សុវណ្ណច្ឆ័យ ដោយ​គ្មាន​លក្ខខណ្ឌ​

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អំពាវនាវជាថ្មីទៀតដោយទាមទារឱ្យអាជ្ញាធរ​កម្ពុជាដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ ដែលជាកូន​ប្រុស​អតីតសកម្មជន​បក្ស​ប្រឆាំងពីពន្ធនាគារជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ។

ការអំពាវនាវនេះ ធ្វើឡើងស្របពេល​ដែលចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ​កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ បានសម្រេចលើក​ពេលប្រកាស​សាលក្រម​សំណុំរឿង​កុមារ កាក់ សុវណ្ណច្ឆ័យ ទៅថ្ងៃ​ក្រោយដោយ​មិនបាន​កំណត់​ពេលវេលា។

​ក្នុងសេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson បានលើកឡើងថា អំឡុងពេលសវនាការ ទាំងតំណាងស្ថាប័នអយ្យការ មិនទទួលស្គាល់ពីពិការភាព ហើយ​ក៏មិន​ឱ្យ​អ្នកជំនាញ​វេជ្ជសាស្ត្រចូលរួម​សវនាការ ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព សុខភាព​កុមារ កាក់ សុវណ្ណច្ឆ័យ ផងដែរ។

លើសពីនេះ បើផ្អែកតាម​ច្បាប់​អន្តរជាតិនោះ ការឃុំខ្លួន​កុមារ​ គួរតែជា​ជម្រើសចុងក្រោយ និង​ធ្វើឡើង​ក្នុង​រយៈពេល​ខ្លីតែប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរកម្ពុជា​បែរជា​រំលោភ​បទប្បញ្ញត្តិ​អន្តរជាតិដែលបានចុះសន្ធិសញ្ញស្ដីពីសិទ្ធិទៅវិញ។

លោក ហ្វីល រ៉ូប៊ឺតសុន លើកឡើងក្នុងថ្លែងការណ៍ថា៖ «ចៅក្រមមិនខ្វល់ខ្វាយ ហើយពន្យាពេលប្រកាសសាលក្រមលើសំណុំរឿងកុមារ កាក់ សុវណ្ណច្ឆ័យ ក្រោមហេតុផលចៅក្រមជាប់រវល់ប្រជុំនោះ  វាបានបង្ហាញឱ្យឃើញច្បាស់ពីកម្សោយនៃប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា»។

លោក ហ្វីល រ៉ូប៊ឺតសុន ចាត់ទុកការធ្វើទុក្ខបុកម្នេញ​លើ​កុមារ កាក់ សុវណ្ណច្ឆ័យ នោះថា  ជារឿងនយោបាយ ខណៈលោក កាក់ កុម្ភារ ដែលត្រូវជាឪពុកកុមារ កាក់ សុវណ្ណច្ឆ័យ នោះ ជាមន្ត្រីបក្សប្រឆាំង ហើយបច្ចុប្បន្នលោកក៏កំពុងជាប់ពន្ធនាគារព្រៃសដែរ។

វីអូឌីទើបស្វែងរកបានការបញ្ជាក់ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា​ កាចាត់វិធានការ​ច្បាប់​លើ​កុមារ កាក់ សុវណ្ណច្ឆ័យ នេះ គឺផ្អែក​ទាំង​ស្រុកទៅលើ​ក្រម​ព្រហ្មទណ្ឌ និងក្រមនីតិវិធី​ក្រមព្រហ្មទណ្ឌកម្ពុជា ដោយហេតុថា កុមារ​ដែល​មាន​អាយុចាប់​ពី​១៤​ឆ្នាំ​ឡើង​ទៅ គឺមាន​ការ​ទទួល​ខុសត្រូវ​បទល្មើស​ព្រហ្មទណ្ឌ​ដូចគ្នា។ ដោយឡែក ចំពោះ​ការអះអាង​ថា កុមារ​នេះ មានជំងឺ​អូទីហ្ស៊ឹមនោះ គឺ​មិនមាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ថា កុមារ​នេះមាន​ជំងឺ​ដូចការលើក​ឡើង​របស់​ក្រុមគ្រួសារ​និង​មេធាវី​នោះទេ។ ចំណែក​ទាក់ទង​នឹង​ការ​ពន្យាពេល​ការប្រកាស​សាលក្រម​វិញ លោក ជិន ម៉ាលីន បាន​អះអាង​ថា គឺមិន​ខុសទាស់​អ្វីពី​ផ្លូវ​ច្បាប់​នោះទេ ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់​ស្តែង។

កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការ​ចោទប្រកាន់ពីបទ «ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ង​រ​ដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពី​កុមារ​អាយុក្រោម ១៨ ឆ្នាំ រូប​នេះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​តេឡេក្រាម។

​កុមារ​ កាក់ សុវណ្ណច្ឆ័យ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងរួចមកហើយកាល​ពី​​ខែ​តុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះជាតិ» នៅ​សង្កាត់ចាក់អង្រែ​លើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារា​រូបនោះត្រូវ​​បានសមត្ថ​កិច្ច​​ដោះ​លែង​វិញ ក្រោយ​​សាកសួរ​អស់រយៈពេល៤៨ម៉ោង។

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារា​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយបណ្ដាលឱ្យបែកក្បាលដេរ២០ថ្នេរ។ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញមុខជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ