ព្រះ​​សង្ឃ​ដាំ​ដើម​​ត្នោត​​៥​ម៉ឺន​ដើម ដើម្បី​បង្កើន​អត្តសញ្ញាណ​ជាតិ​

ព្រះគ្រូចៅ​អធិការ​វត្តភ្នំព្រះទេវៈ​បានដឹកនាំ​កូនសិស្ស​គ្រប់ព្រះអង្ឃ​ដាំកូនត្នោត​ក្នុងព្រៃ​សហគមន៍ ស្ថិតនៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។​ (ហ្វេសប៊ុក​៖​ ជ្រៃ តន្ត្រីទេវៈ)

ព្រះសង្ឃ​នៅក្នុង​វត្តប្រាសាទ​សែនជ័យ ហៅវត្ត​ភ្នំ​ព្រះទេវៈ ស្ថិត​នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កំពុង​តែមមាញឹក​ក្នុងការដាំ​ដើមត្នោត​៥​ម៉ឺន​ដើម ដើម្បី​បង្កើន​ចំនួន​រុក្ខជាតិ​តំណាងអត្តសញ្ញាណជាតិ​និង​បង្កើត​ជាទីតាំង​មាន​ដើម​ត្នោតច្រើន​នៅក្បែរ​តំបន់​អង្គរ។

បើយើង​មើល​ពី​ប្រវត្តិសាវតា គឺ​គ្រប់ផ្នែក​នៃ​ដើមត្នោត​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ជីវិត​រស់​នៅដល់​ប្រជាជន​ខ្មែរ រហូត​មាន​ឆ្លាក់​រូប​រុក្ខជាតិ​នេះ​នៅ​ប្រាសាទ​អង្គរ​ ហើយ​ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​នៅ​ឆ្នាំ២០០៥ កំណត់​ថា រុក្ខជាតិត្នោត​តំណាង​ឱ្យ​ប្រទេស​កម្ពុជា។

ពេលលើកឡើងពីគុណសម្បត្តិរបស់ដើមត្នោត ព្រះតេជគុណ សន ស៊ាន ព្រះចៅអធិការវត្តភ្នំព្រះទេវៈព្រះអង្គមាន​សង្ឃដីការទាំងបញ្ចេញ​សំឡេងសើចតិចៗ​ថា ព្រះអង្គពេញចិត្តក្នុងការដាំរុក្ខជាតិនេះ ព្រោះវាមានប្រវត្តិជ្រាលជ្រៅក្នុងសង្គមខ្មែរ។​

ព្រះតេជគុណ សន ស៊ាន៖ «ត្មា [អាត្មា] សប្បាយរីករាយក្នុងការដាំ ព្រោះជាអត្តសញ្ញាណជាតិមួយដែរ។ បើនិយាយពីផលប្រយោជន៍របស់ត្នោត​វិញមានច្រើនណាស់​នៅក្នុងសង្គម​ខ្មែរយើង រាប់តាំងពីស្លឹកប្រើសម្រាប់បាំង រហូតដល់ឫសប្រើធ្វើថ្នាំ គឺអត្ថប្រយោជន៍ច្រើនមែនទែន»។

​ដីសហគមន៍នេះ ដំបូងទំហំជាង១០០ហិកតា ប៉ុន្តែដោយសារមានការគ្រប់គ្រងមិនច្បាស់លាស់ទើបមានការកាប់ទន្ទ្រានយកបន្តបន្ទាប់ពីអ្នកភូមិនិងឈ្មួញ រហូតដល់ឆ្នាំ២០១៩ ប្រជាសហគមន៍បោះឆ្នោតប្រគល់សិទ្ធិដល់ព្រះអង្គគង់នៅវត្តភ្នំព្រះទេវៈជាអ្នកគ្រប់គ្រង។ វត្តភ្នំព្រះទេវៈកសាងឡើងឆ្នាំ២០០២ ស្ថិតនៅលើដីសហគមន៍នេះ។​

ក្រោយពេលមានការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហគមន៍ឡើងវិញនៅឆ្នាំ២០១៩ ក៏មានការដោះស្រាយបញ្ហាជាមួយអ្នកភូមិដែលកាន់កាប់ដីនៅក្បែរៗនោះ ហើយមានការកំណត់ព្រំជាថ្មី គឺដីសហគមន៍សល់៥៩ហិកតា ក្រោយមកព្រះចៅអធិការវត្តទិញ​បន្ថែម២ហិកតាទៀត​ធ្វើឱ្យដីក្នុងសហគមន៍​រាប់​ទាំង​ទីវត្តផង​នោះ​កើន​ដល់៦១ហិកតា។

ក្រោយពេលកំណត់ព្រំប្រទល់ឡើងវិញនោះ រុក្ខជាតិផ្សេងៗដែលសល់ពីការកាប់ទន្ទ្រានយកបានដុះឡើងវិញ និងមានការដាំដុះបន្ថែម។ ទន្ទឹមនឹង​ការរក្សា​ព្រៃឈើ​ដែល​មាន​ស្រាប់ ហើយមានការដាំដុះពូជឈើចម្រុះគ្នាបន្ថែមនេះ ត្នោតជារុក្ខជាតិសំខាន់មួយដែលព្រះសង្ឃដាំ។​

គិតរហូតដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២១នេះ ព្រះសង្ឃដាំកូនត្នោតបានជាង២០០០ដើមហើយ ដែលក្នុងគម្រោងនឹងដាំប្រមាណ ៥០ ០០០ដើម ដាំព័ទ្ធជុំវិញដីសហគមន៍ និងទីតាំងក្នុងចន្លោះព្រៃមួយចំនួនទៀត។​

នៅក្នុងបរិបទមេរោគកូវីដ-១៩ ឆ្លងរាលដាលនោះ ការប្រាស្រ័យទាក់ទងត្រូវពាក់ម៉ាស់ និងរក្សាគម្លាតប្រមាណ៣ម៉ែត្រនៅក្រោមដើមឈើក្បែរព្រះវិហារ ព្រះតេជគុណ សន ស៊ាន នៅតែព្យាយាមបញ្ចេញសំឡេងសើចនិងពន្យល់ពីអត្ថប្រយោជន៍ដើមត្នោតប្រាប់ដល់អ្នកសារព័ត៌មាន ប្រណាំងជាមួយ​សំឡេង​ខ្យល់​បក់ និងសំឡេងបក្សាបក្សី។

ព្រះអង្គស្រម៉ៃចង់ឃើញប្រជាពលរដ្ឋដែលមានដីទីធ្លាផ្ទះទូលាយអាចដាំដើមត្នោតពី ២ ទៅ ៥ដើម ឱ្យបានគ្រប់ផ្ទះ។ ចំពោះខេត្តសៀមរាប​ទឹកដីអង្គរ ព្រះអង្គ​យល់​ថា រឹតតែចាំបាច់មានដើមត្នោតច្រើនសម្រាប់បង្ហាញពីអត្តសញ្ញាណជាតិដល់ភ្ញៀវទេសចរ។​

ព្រះតេជគុណ សន ស៊ាន៖ «អាត្មាស្រឡាញ់ គឺថា នៅតំបន់អង្គរ បើមានត្នោតច្រើន គឺពិតជាល្អណាស់»។​

ពេលនិយាយពីត្នោត គឺគេតែងនឹកដល់រុក្ខជាតិនេះមានប្រយោជន៍តាំងពីឫសរហូតដល់ស្លឹកដូចជា ដើមអាចធ្វើជាសំណង់លំនៅឋាន ធ្វើទូក ស្លឹកប្រើប្រក់ដំបូល ឬបាំងធ្វើជាជញ្ជាំងជាដើម។​ អត្ថប្រយោជន៍ដើមត្នោតក៏ត្រូវបានអ្នកតែងនិពន្ធយកទៅពិពណ៌នាជាអត្ថបទ ជាកំណាព្យ ឬ ចម្រៀងផងដែរ។​

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ព្រះមហាក្សត្រ សម្តេចនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យមួយកំណត់ប្រភេទសត្វ និងរុក្ខជាតិ​តំណាង​ឱ្យប្រទេស​កម្ពុជា។​ ក្នុងព្រះរាជក្រឹត្យនោះបានកំណត់ដើមត្នោតជារុក្ខជាតិតំណាងប្រទេសកម្ពុជា ហើយបានពិពណ៌នាពីភិនភាគ និងអត្ថប្រយោជន៍​របស់ត្នោត​ដែល​ផ្សា​ភ្ជាប់​​ជា​មួយ​ជីវិតរស់នៅក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ។

ចំណុចមួយដែលព្រះរាជក្រឹត្យបានលើកឡើងថា៖ «ត្នោតជារុក្ខជាតិប្រជាប្រិយ៍តំណាងសង្គមខ្មែរ ដែលមានវត្តមាន និងផ្តល់អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជាតិខ្មែរ តាំងពីសម័យកំណកំណើតនគរខ្មែរ និងជាអត្តសញ្ញាណ​ដែលប្រជាជនខ្មែរ​សម្គាល់​នូវទេសភាព​ទឹកដីរបស់ខ្លួន​តាំងពី​បុរាណ​រហូត​ដល់​បច្ចុប្បន្ន ស្របនិងពាក្យស្លោកថា  ត្នោតជាជម្រកផ្ទះខ្មែរ»។​

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ លើកឡើងពីអត្ថប្រយោជន៍៣ចំណុច ទាក់ទងត្នោត គឺ បរិស្ថាន មរតកវប្បធម៌ និង ជីវភាពសង្គម។​ លោក យង់ ពៅ ក្រៅពីបំពេញការងារនៅរាជបណ្ឌិត្យសភាកម្ពុជាលោកក៏បង្រៀននៅតាមសកលវិទ្យាល័យដែរ ហើយនៅពេលបង្រៀន​ជំនាញ​ទេសចរណ៍​លោក​តែងតែលើកឡើង​ពី​គុណសម្បត្តិសំបូរបែបរបស់ត្នោតហើយលោកក៏ប្រាថ្នាចង់ឱ្យមានការបង្កើតសារមន្ទីរត្នោតសម្រាប់ភ្ញៀវទេសចរទស្សនាដែរ។​

លោក យង់ ពៅ បញ្ជាក់ថា លោកមានអនុស្សាវរីយ៍ជាមួយដើមត្នោត ដោយសារកាលពីដើមឆ្នាំ១៩៩០ លោកធ្លាប់ឡើងត្នោតយកទឹក​នៅស្រុកបាកាន​ខេត្តពោធិ៍សាត់ ជាកន្លែងលោកកើត​ ហើយរស់ជាតិ​ទឹកត្នោត​ស្រូបជា​មួយ​បាយកក​នៅតែដក់​ក្នុង​អារម្មណ៍​របស់​លោក​រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោក យង់ ពៅ៖ «ឡើងត្នោតតែ១ដើម ហើយត្នោតហ្នឹងនៅដល់ឥឡូវ ខ្ញុំហាមអត់ឱ្យគេកាប់ទេ ព្រោះខ្ញុំមានអនុស្សាវរីយ៍ជាមួយត្នោតមួយហ្នឹង។ មុន​ទៅ​រៀន​ខ្ញុំឡើង​ត្នោតបានទឹកត្នោតមកបាន៣បំពង់អីណឹង ចឹងខ្ញុំស្រូបបាយកកជាអាហារព្រឹកមុនទៅរៀន សល់ប៉ុន្មានម្តាយចាក់រំងាស់ធ្វើជាស្ករ ហើយ​ពេល​ខ្លះ​រំលែក​ទៅជាទឹកខ្មេះខ្លះ។​ ចឹងស្ករត្នោតដែលបានពីត្នោត១ដើមហ្នឹងហូបគ្រប់១ឆ្នាំសម្រាប់គ្រួសារយើង១ ដែលមានគ្នាប្រមាណបីបួនប្រាំនាក់ ប្រហែលប្រាំនាក់ហ្នឹងបាទ»។​

លោក យង់ ពៅ សាទរចំពោះសកម្មភាពដាំដើមត្នោតដែលដឹកនាំដោយព្រះសង្ឃនៅវត្តភ្នំព្រះទេវៈថា ជាការផ្តួចផ្តើមល្អមួយ។​

លោក យង់ ពៅ ចង់បំផុសឱ្យមានការប្រើប្រាស់ផលិតផលពីត្នោតឡើងវិញ ដែលលោកថា បង្ហាញពីវប្បធម៌ផង និងជួយដល់បរិស្ថានផង។

លោក យង់ ពៅ៖ «ខ្ញុំហាក់ស្រមើស្រម៉ៃចង់ឱ្យមានការប្រើប្រាស់ផលិតផលពីត្នោតវិញ ព្រោះវាអាចជួយបរិស្ថានបានច្រើន ឧទាហរណ៍ថា កន្ត្រកធ្វើពីត្នោត ស្មុគ សម្ភារផ្សេងៗទៀតជាដើម ដូចជា មួកស្លឹកត្នោតជាអត្តសញ្ញាណខ្មែរហ្នឹង»។​

លោក យ៉ង សាំងកុមារ ជាអ្នកជំនាញកសិកម្ម ហើយលោកតែងតែជំរុញឱ្យមហាជនបង្កើនការដាំដុះដើមឈើនោះលោកចាត់ទុកថា ត្នោតជារុក្ខជាតិ​មួយ​ដែល​ផ្តល់​ផលប្រយោជន៍ច្រើន។ លោកជំរុញឱ្យមន្ត្រីពាក់ព័ន្ធ និងសាធារណជនចូលរួមគាំទ្រសកម្មភាពរបស់ព្រះសង្ឃនៅវត្តភ្នំព្រះទេវៈនេះដោយថា ជាការ​ផ្តួច​ផ្តើម​ល្អ ខណៈព្រៃឈើនៅកម្ពុជាកំពុងថយចុះ។​

លោក យ៉ង សាំងកុមារ៖ «យើងគួរតែមានការចូលរួមលើកទឹកចិត្ត ចូលរួមគាំទ្រ ចូលរួមចំណែក ដើម្បីលើកស្ទួយការដាំដុះហ្នឹង ព្រោះព្រះសង្ឃមានគំនិត មានសកម្មភាព និងមានដីដាំចឹងហើយ យើងជួយគ្នាទៅ ខ្ញុំគិតថា នឹងទៅមុខ»។

គោលបំណងរបស់ព្រះសង្ឃនិងប្រជាសហគមន៍នៅទីនេះ ចង់រៀបចំឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ខណៈវត្តភ្នំព្រះទេវៈ នៅក្នុងភូមិរំចេក ឃុំរំចេក ស្រុក​បន្ទាយស្រីនេះ ស្ថិតនៅចម្ងាយតែប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដូច្នេះបើនៅក្នុងព្រៃសហគមន៍ដែលមានដើមឈើ និងសត្វព្រៃចម្រុះ ហើយ​ថែម​ទាំង​មានដើមត្នោតច្រើនទៀតនោះ ពិតជាអាចទាក់ទាញភ្ញៀវទេសចរ​ដែលបានទៅ​ទស្សនាប្រាសាទអង្គរឱ្យ​ទៅ​ទស្សនា​ព្រៃ​សហគមន៍​នេះ​ទៀត​មិន​ខាន។

នៅក្នុងព្រៃសហគមន៍នេះក៏មានកូនភ្នំមួយដែលមានកូនប្រាសាទតូចមួយនៅខាងលើ គឺឈ្មោះប្រាសាទភ្នំព្រះទេវៈ។ ឡើងលើភ្នំនេះ គេអាចមើល​ឃើញ​ភ្នំ​គូលែន និងទេសភាពភូមិឋាន រួមទាំងព្រៃប្រឹក្សានៅក្បែរៗនោះទៀតផង។​

ទន្ទឹមនឹងការលើកឡើងច្រើនពីគុណសម្បតិ្តមហាសាលរបស់ដើមត្នោតចំពោះសង្គមជាតិនេះក៏ដោយ ប៉ុន្តែក្នុងបរិបទសង្គមជាក់ស្តែងមិនសូវមានការដាំដុះទេ ហើយថែមទាំងមានការកាប់ចោល ឬកាប់លក់ទៀតផង។​ ការកាប់បំផ្លាញ ឬ មិនថែរក្សារុក្ខជាតិត្នោតនេះ អាចដោយសារតែបរិបទថ្មី ប្រជាជនមិន​សូវ​ប្រើ​ប្រាស់​​ផលិតផលពីត្នោតទៀតទេ ដូចជា ប្រើក្បឿង ឬ ផលិតផលឧស្សាហកម្មថ្មីៗដើម្បីប្រក់ដំបូល ឬ បាំងជញ្ជាំង គឺមិនប្រើស្លឹកត្នោតដូចមុនទៀតទេ។​

នៅក្នុងអនុក្រឹត្យស្តីពីការការពារ និង អភិរក្សដើមត្នោត ចេញកាលពីឆ្នាំ២០០៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើង​ពីក្តីបារម្ភ​ចំពោះការ​កាប់​ដើម​ត្នោតជាអត្តសញ្ញាណជាតិនេះដែរ។

អនុក្រឹត្យនេះបានសរសេរថា៖ «ប្រជាកសិករខ្លះយល់ឃើញថា ដើមត្នោតនៅលើដីកម្មសិទ្ធិរបស់ពួកគាត់ គឺគាត់មានសិទ្ធិប្រើប្រាស់ និងលក់ដូរតាមតម្រូវការ ដោយមិនពិចារណាថា ដើមត្នោតជារុក្ខជាតិផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង យូរអង្វែង សម្រាប់ជីវិតរស់នៅរបស់គាត់ ជារុក្ខជាតិតំណាងឱ្យនិមិត្តរូបជាតិ និង​តំណាងឱ្យវប្បធម៌ខ្មែរដូចដែលមានឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់ និងមិនដែលនឹកស្មានថា កេរមរតកធម្មជាតិនេះ អាចឈានទៅ​រក​ការ​ផុត​ពូជពីទឹកដីយើង ក៏ដូចជាបាត់បង់អត្តសញ្ញាណវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឡើយ»។

ព្រះតេជគុណ សន ស៊ាន ក៏បានបង្ហាញការសោកស្តាយ ចំពោះសកម្មភាពដែលអ្នកភូមិកាប់ដើមត្នោតចោល ឬ លក់ឱ្យឈ្មួញត្រឹមតែ១ដើម​បួនទៅ​ប្រាំម៉ឺន​រៀល។ ចំពោះការប្រឹងប្រែងដាំត្នោតក្នុងសហគមន៍នេះ ព្រះអង្គជួបការលំបាកដោយសារមានស្រមោចរោមពន្លកត្នោតដែលដុះមកនាំឱ្យវាងាប់ទៅវិញ ខ្វះ​គ្រាប់​ត្នោត​ធ្វើជាពូជ និង បញ្ហាខ្វះទឹកស្រោចស្រពផងដែរ។​

ចំពោះឧបសគ្គក្នុងការដាំដោយសារស្រមោចកាត់ពន្លកនេះ លោក យ៉ង សាំងកុមារ ផ្តល់យោបល់ឱ្យប្រើផេះបាចនៅកន្លែងដាំ ដើម្បីកុំឱ្យស្រមោចទៅជិត។ លោកក៏បានផ្តល់យោបល់ដល់ព្រះសង្ឃឱ្យបំប៉នកូនត្នោតនោះឱ្យធំបន្តិចសិនចាំយកទៅដាំ ដើម្បីងាយថែ ហើយពេលយកទៅដាំមិនសូវមានសត្វបំផ្លាញ។

ចំពោះកូនឈើផ្សេងៗព្រះអង្គទទួលបានខ្លះពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ សាធារណជន និងព្​រះអង្គចំណាយលុយទិញ។ ចំណែកពូជត្នោតព្រះអ​ង្គ​ទទួលបានការបរិច្ចាគ​ពីប្រជាពលរដ្ឋនៅក្នុងឃុំរំចេក ស្រុកបន្ទាយស្រីនេះ។​

បើទោះបីជាការដាំដុះនេះជួបបញ្ហាច្រើនក៏ដោយ ក៏ព្រះតេជគុណ សន ស៊ាន រួមជាមួយប្រជាសហគមន៍ផ្សេងទៀតនៅតែប្តេជ្ញា​ប្រឹងដាំឱ្យអស់​លទ្ធភាព​ដោយ​មិន​រាថយនោះទេ។

ព្រះតេជគុណ សន ស៊ាន៖ «អាត្មាមិនដឹងថា ដាំទៅវាបានរស់ទាំងអស់ ឬ រស់បានប៉ុណ្ណានោះទេ គឺមើលតាមជាក់ស្តែង គឺប្រឹងឱ្យអស់លទ្ធភាព បើអស់ហើយមិនកើតក៏យើងបានធ្វើដែរ អ្វីដែលយើងចង់ធ្វើ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ