៥២​ឆ្នាំ​នៃ​ការ​ចូល​ទិវង្គត ព្រះសង្ឃ​និង​យុវជន​ខ្មែរ​នៅ​តែ​ចងចាំ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

សម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចសង្ឃរាជ ជួន ណាត កាលជំនាន់សង្គមរាស្ត្រនិយម។ (រូបភាពនេះបង្ហោះនៅលើទំព័រហ្វេសប៊ុក Royal du Cambodge)

​​ការរំឭកនឹកគុណដល់ព្រះគុណសម្បត្តិនិងស្នាព្រះហត្ថនានារបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅតែបន្តមាន និងបន្តដក់ជាប់ក្នុងក្រអៅបេះដូងរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋខ្មែរជានិច្ច បើទោះបីជាព្រះអង្គបានសុគតអស់រយៈពេលជាងកន្លះសតវត្សរ៍ហើយក្ដី។

នៅក្នុងខួប៥២ឆ្នាំនៃការសុគត​របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត កាលពីចុងខែកញ្ញាកន្លងទៅនេះ ព្រះសង្ឃនិងវាគ្មិនដែលមានឋានៈខ្ពស់ៗនៅក្នុងជួរគណៈសង្ឃកម្ពុជា បានចូលរួមបកស្រាយពីព្រះគុណសម្បត្តិនិងស្នាព្រះហត្ថរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត និងបញ្ញវន្តសង្ឃមួយចំនួនទៀត តាមរយៈវេទិកាអនឡាញមួយដែលសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃការដឹងគុណចំពោះអ្នកប្រាជ្ញកម្ពុជា។

សម្ដេចព្រះឧត្ដមចរិយា ឈឹង ប៊ុនឈា អគ្គធិការរងពុទិ្ធកសិក្សាជាតិ បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋនិងអ្នកជំនាន់ក្រោយ ជាពិសេសយុវជន ក្នុងការរំឭកដឹងគុណចំពោះអ្នកប្រាជ្ញ បញ្ញវន្ត និងអ្នកបានបន្សល់ទុកស្នាដៃចំពោះជាតិ។

ព្រះអង្គមានសង្ឃដីកាថា៖ «ការធ្វើពិធីនេះឡើងជាការលើកទឹកចិត្តដល់អ្នកចេះដឹងជំនាន់នេះឱ្យមានទឹកចិត្តក្នុងការកសាងស្នាដៃ សាងកិត្តិយសចំពោះជាតិ ចំពោះមាតុភូមិ ចំពោះសាសនា ចំពោះអក្សរសាស្ត្រ និងវប្បធម៌ហ្នឹង។ កុំឱ្យកើតមកទទេៗ ហើយដូចថាមើលទៅ ខ្លួនខំធ្វើចង់ងាប់ តែវាអត់មានតម្លៃ គ្មាននរណាលើកទឹកចិត្ត គ្មាននរណាធ្វើបុណ្យទាន ធ្វើពិធីរំឭក កុំថាឡើយធ្វើពិធីរំឭក សូម្បីតែឈ្មោះបន្តិចក៏គេអត់នឹកនាផង»

សម្ដេចព្រះឧត្ដមចរិយា ឈឹង ប៊ុនឈា មានសង្ឃដីកាបន្តថា ការធ្វើខួប៥២ឆ្នាំនៃការចូលទិវង្គតរបស់សម្ដេចសង្ឃរាជ ជួន ណាត ក៏​ជាការបង្ហាញឱ្យអ្នកជំនាន់នេះនិងជំនាន់ក្រោយ មើលឃើញ​​ភាពជាគំរូនិងការផ្ដល់កិត្តិយសចំពោះអ្នកប្រាជ្ញ។

ព្រះអង្គបន្តថា៖ «យើងធ្វើឱ្យជំនាន់នេះ ជំនាន់ក្រោយ មើលឃើញថា អ្នកប្រាជ្ញបានសាងស្នាដៃច្រើនអីអ៊ីចឹង គេលើកតម្កើងអ៊ីចឹង ហើយគ្រប់ពេលវេលា រាល់ឆ្នាំធ្វើបុណ្យរំឭក គេយកព្រះឆាយាលក្ខណ៍រូប យកទៅដាក់តាំង គេឆ្លាក់ជារូបសំណាក។ ហ្នឹងហើយជាការលើកទឹកចិត្តដល់អ្នកក្រោយ​ហ្នឹងឱ្យមានការខំប្រឹងប្រែង មានការព្យាយាមសាងនូវស្នាដៃសម្រាប់ជាតិមាតុភូមិ សម្រាប់​សាសនានិងអក្សរសាស្ត្រ»។

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញ និងបានបន្សល់ទុកនូវមរតកប្រវត្តិសាស្ត្រជាច្រើនដល់កូនខ្មែរជំនាន់ក្រោយ ជាពិសេស​សៀវភៅវចនានុក្រមភាសាខ្មែរ ដែលជាក្បួនច្បាប់ក្នុងការសរសេរអក្សរសាស្ត្រខ្មែរឱ្យមានភាពត្រឹមត្រូវ និងប្រកបដោយក្បួនខ្នាតត្រឹមត្រូវ។

យោងតាមឯកសារស្រាវជ្រាវដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត បានប្រសូតនៅថ្ងៃអង្គារ ១១​រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានមាតា​ឈ្មោះ យក់ បិតា​ឈ្មោះ ព្រហ្ម ជួន ជាកសិករ។

ក្នុងព្រះជន្មាយុ២១​វស្សា ព្រះអង្គបានបំពេញឧបសម្បទាជាភិក្ខុ និងគង់នៅក្នុងវត្តពោធិព្រឹក្ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល នៅក្នុងព.ស ២៤៤៨ ត្រូវនឹងគ.ស ១៩០៤។ នៅពេលនោះ ព្រះអង្គបានទទួលព្រះនាមបញ្ញត្តិ ជោតញ្ញាណោ

សម្ដេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានពលរដ្ឋខ្មែរនិងព្រះសង្ឃជាទូទៅបានទទួលស្គាល់ថា ព្រះអង្គមានស្នាព្រះហត្ថអនេក ក្នុងនោះបានកសាងគម្ពីរដីកាជាច្រើន​ ព្រមទាំង​បាន​បកប្រែភាសាបាលី ហើយរៀបរៀងធ្វើជាសៀវភៅ ដែលកម្រនឹងអាចធ្វើកើត ដែលមានប្រយោជន៍ច្រើននោះគឺ៖ វចនានុក្រមខ្មែរភាគ១ និងភាគ២, ព្រះរាជនិពន្ធបទ «នគររាជ» សម្រាប់ភ្លេងជាតិខ្មែរ និងបទសរភញ្ញ ដែលទ្រង់បាននិពន្ធក្នុងឱកាសបុណ្យពុទ្ធសករាជ២៥០០។

សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានកសាងគម្ពីរដីកាជាច្រើន ទាំងគម្ពីរស្លឹករឹត និងគម្ពីរជាសៀវភៅ ជាពិសេសគឺសៀវភៅប្រែពីភាសាបាលីមកជាភាសាខ្មែរ ដើម្បីសម្រាប់ឱ្យពុទ្ធបរិស័ទបានសិក្សារៀនសូត្រមកទល់នឹងសព្វថ្ងៃនេះ។

ព្រះអង្គបណ្ឌិត សុខ ប៊ុនធឿន បានមានសង្ឃដី​កា​ថា ការធ្វើខួប៥២ឆ្នាំរបស់សម្ដេចសង្ឃរាជ ជួន ណាត គឺជាការពញ្ញាក់ស្មារតី និងធ្វើឱ្យយុវជននិងបរិស័ទយល់ដឹងអំពីតម្លៃរបស់អ្នកប្រាជ្ញ។ ម្យ៉ាងទៀត ឱ្យកូនខ្មែរចេះស្រឡាញ់អ្នកប្រាជ្ញនិងអ្នកមានស្នាដៃបន្សល់ទុកសម្រាប់ជាតិ។

ផ្ទុយទៅវិញ ព្រះអង្គថា ប្រសិនបើប្រជាពលរដ្ឋនិងយុវជនជំនាន់នេះមិនអើពើឬមិនរំឭកដឹងគុណចំពោះអ្នកប្រាជ្ញវិញ នោះកូនខ្មែរជំនាន់ក្រោយៗទៀតក៏មិនរំឭកដឹងគុណចំពោះអ្នកប្រាជ្ញជំនាន់នេះ ឬអាចភ្លេចអ្នកប្រាជ្ញជំនាន់មុនៗទៀតផង។

ព្រះអង្គមានសង្ឃដីកាថា៖ «បើមិនមានការដឹងគុណទេ គឺអកុសលធម៌ក៏រមែងកើតឡើង វិបត្តិសង្គមក៏រមែងកើតឡើង ដោយសាររឿងការមិនដឹងគុណ អ៊ីចឹង​ការសាបព្រោះនូវគុណធម៌ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ខ្ញុំព្រះករុណាគិតថា រួមចំណែកខ្លាំងណាស់សម្រាប់សង្គម ប៉ុន្តែបើសិនខ្វះការសាបព្រោះពូជគុណធម៌ បាត់បង់នូវការដឹងគុណទេ វិបត្តិអាចកើតឡើង។ ឧទាហរណ៍ ដូចសម័យខ្មែរក្រហមអ៊ីចឹង ដំបូងបំផុត ខ្មែរក្រហមបំបាត់សាសនាហ្នឹងតែម្តង ទី២ គឺអ្នកប្រាជ្ញ និងទី៣ បណ្ដុះផ្នត់គំនិតមនុស្ស ធ្វើយ៉ាងម៉េចកុំឱ្យដឹងគុណ រហូតឱ្យកូនសម្លាប់ឪពុកម្តាយ»។

ចំពោះអ្នកគ្រូ អមរាទេវី ជាគ្រូបង្រៀនអភិធម្មដល់បរិស័ទនិងព្រះសង្ឃ ហើយក៏ជាអ្នកឆ្លាតវៃនៅក្នុងព្រះពុទ្ធសាសនា បានលើកឡើងថា ព្រះ​អង្គ ជួន ណាត បានបន្សល់ទុកស្នាព្រះហត្ថ និងកេរ​​ដំណែល​អក្សរសាស្រ្តសម្រាប់កូនខ្មែរជំនាន់ក្រោយបាន​សិក្សានិងប្រើប្រាស់មកដល់បច្ចុប្បន្ន។

អ្នកគ្រូមានប្រសាសន៍ថា៖ «សម្ដេចសង្ឃរាជ ជួន ណាត គឺបានបន្សល់ទុកស្នាព្រះហត្ថនិងកេរដំណែលអក្សរសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយ។ ដូច្នេះ សូមចូលរួមថែរក្សានិងដឹងគុណសម្ដេចសង្ឃរាជ រួមជាមួយនឹងក្រុមជំនុំព្រះត្រៃបិដកផងដែរ»។

ចំណែកយុវជនជំនាន់ក្រោយដែលជានិសិ្សតមួយរូប កញ្ញា ទត រក្សា មានប្រសាសន៍​ថា ក្នុងនាម​កញ្ញា​ផ្ទាល់​ជាយុវជនខ្មែរ ហើយមានឈាមបុព្វបុរសខ្មែរ ត្រូវសិក្សាឈ្វេងយល់អំពីវចនានុក្រម និងប្រឹងប្រែងពង្រឹងសំណេរ ឬការសរសេរឱ្យ​បានត្រឹមត្រូវ និងព្យាយាមផ្សព្វ​ផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ផ្សេងៗទៀត។

កញ្ញាថា៖ «​បើយើងស្រឡាញ់ឬផ្ដល់ការគោរពដឹងគុណចំពោះបុព្វបុរស ជាពិសេសសម្ដេចសង្ឃរាជ យើងត្រូវចូលរួមសិក្សាវចនានុក្រមនិងសរសេរឱ្យ​បានត្រឹមត្រូវទាំងអស់គ្នា!»

យុវជនម្នាក់ទៀត លោក ធន រតនៈ ជានិស្សិតឆ្នាំទី៤ និងជាអ្នកសកម្មក្នុងកិច្ចការសង្គមផង បានបង្ហាញការយល់ឃើញថា រូបលោកពិតជាមានកិត្តិយសនិងមានមោទកភាពខ្លាំងណាស់ ចំពោះស្នាព្រះហត្ថរបស់ព្រះអង្គ ព្រោះបើ​សង្កេតមើលអក្សរសាស្រ្តខ្មែរ វប្បធម៌ខ្មែរ បើគ្មានសម្ដេចសង្ឃរាជ ជួន ណាត ទេ នោះពលរដ្ឋខ្មែរ​អាច​ថាមិន​មានអក្សរសាស្ត្រប្រចាំជាតិដ៏អស្ចារ្យ​ដូច្នេះទេ។

លោកលើកឡើងថា៖ «បើគ្មានសម្ដេចសង្ឃរាជ ជួន ណាត អក្សរសាស្ត្រខ្មែរ មរតកខ្មែរទាំងអស់ ប្រហែលជាមិនអាចស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ននេះទេ»។

សូមរំឭកជូនថា សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា គ.ស ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ព្រះអង្គបានសុគតនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស ២៥១៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងព្រះជន្ម៨៦ព្រះវស្សា នៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ