អភិបាល​ខេត្ត​កំពង់ចាម​ព្រមាន​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ឱ្យកែប្រែ​ឥរិយា​បថ​សម​ជា​មន្ត្រី​រាជការ

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា (រូបកណ្តាល) អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែតុលាឆ្នាំ២០២១។(ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម)

អភិបាលខេត្តកំពង់ចាម បានព្រមានធ្ងន់ៗទៅលើប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក អ៊ុម វិបុល ឱ្យកែប្រែឥរិយាបថ គោររពវិន័យ និងមិនត្រូវបង្កបាតុភាព ឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់ កិត្តិយស សេចក្ដីថ្លៃថ្នូរជាអ្នកដឹកនាំ និងជាមន្ត្រីរាជការនោះឡើយ។

សារព្រមាននេះ ធ្វើឡើង ក្រោយពេលប្រធានមន្ទីរធនធានទឹករូបនោះ  ផឹកស្រវឹងស្រា ចូលមកធ្វើសកម្មភាព អុកឡុកក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមថ្មី  នៅចុងខែតុលានេះ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញលិខិតកាលពីថ្ងៃទី២៩ ខែតុលា បានឱ្យដឹងថា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អ៊ុម វិបុល ស្រវឹងស្រា បានធ្វើសកម្មភាព អុកឡុកអង្គពិធី ប្រកាសតែងតាំង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនេះ កាលពីថ្ងៃទី២៨ តុលា នៅសាលាខេត្តកំពង់ចាមកន្លងទៅ។ លោកបានចាត់ទុកថា ទង្វើប្រធានមន្ទីររូបនោះធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយស ជាមន្ត្រីរាជការ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត រួមទាំងថ្នាក់ដឹកនាំក្រសួងថែមទៀត។

ករណីនេះ រដ្ឋបាលខេត្តកំពង់ចាម ព្រមានប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ផ្អាកធ្វើការវាយតម្លៃ ស្នើសុំគ្រឿងឥស្សរិយយសការងារ រយៈពេល២ឆ្នាំ រួមទាំងការវាយតម្លៃស្នើសុំដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ រយៈពេល២ ឆ្នាំដូចគ្នា។

តាមលិខិតដដែល អភិបាលខេត្តកំពង់ចាម ក៏បានហាមលោក អ៊ុម វិបុល ដោយមិនត្រូវយកម៉ោងការងារទៅដើរផឹកគ្រឿងស្រវឹងជាដាច់ខាត ហើយត្រូវគោរពវិន័យ និងរក្សាភាពថ្លៃថ្នូរឱ្យស័ក្កិសមជាមន្ត្រីរាជការ។ ​  

លិខិតរដ្ឋបាលខេត្តកំពង់ចាមសរសេរថា៖ «ត្រូវកែប្រែឥរិយាបថ ​ និងមិនត្រូវបង្កបាតុភាពឬធ្វើសកម្មភាពណា ដែលធ្វើបាត់បង់ កិត្តិយស សេចក្ដីថ្លៃថ្នូរ ជាអ្នកដឹកនាំ និងជាអ្នករាជការទៀតឡើយ»។

លិខិតដដែលក៏បាន ដាស់តឿនលោក អ៊ុម វិបុល  ត្រូវត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ហើយត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក  ហើយគ្រប់បេសកកម្ម និងការសុំច្បាប់ឈប់សម្រាក ត្រូវមានការអនុញ្ញាត ពីអភិបាល នៃគណៈអភិបាលខេត្តជាដើម ។

រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងករណីមិនរាងចាល រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធនានា ដោយមិនមានការយោគយល់ទៀតឡើយ។

វីអូឌី នៅពុំអាចរកការឆ្លើយតបពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម លោក អ៊ុម វិបុល បានឡើយនៅថ្ងៃអាទិត្យនេះ។ តែយ៉ាងណា ចំណាររបស់លោកអ៊ុម វិបុល នៅលើលិខិតរបស់អភិបាលខេត្តកាលពីថ្ងៃទី៣០ខែតុលា បញ្ជាក់ថា លោកបានទទួលលិខិតនោះដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ