លោក ហ៊ុន សែន ប្រាប់​មន្ត្រី​ឱ្យ​ពង្រឹង​សមត្ថភាព​ព្យាបាល​ជំងឺ​កូវីដ-១៩​ដើម្បី​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំនាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។(ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅក្រសួងសុខាភិបាលឱ្យពង្រឹងសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ ឡើងវិញ ក្រោយរកឃើញថា អត្រាភាគរយនៃអ្នកស្លាប់នៅកម្ពុជា ដោយសារជំងឺរ​លាកផ្លូវដង្ហើមធ្ងន់ធ្ងរ​នេះ ខ្ពស់ជាង​ប្រទេស​មួយ​ចំនួន រួមទាំងប្រទេសថៃ និងវៀតណាម។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់មនុស្ស​​ចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលធ្វើឡើងនាថ្ងៃចន្ទនេះ នៅរាជធានីភ្នំពេញ។

ក្នុងពិធី​នោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា ក្រសួងសុខាភិបាលត្រូវពង្រឹងសមត្ថភាព​ប្រកប​ដោយការទទួលខុសត្រូវឡើងវិញ ពីការព្យាបាលអ្នកជំងឺកូវីដ-១៩ ។

លោក​គូសបញ្ជាក់ថា បើគិតពីអត្រាអ្នកឆ្លងជាចំនួនមនុស្ស កម្ពុជាមានអត្រាទាប​​ជាងបណ្តា​ប្រទេសមួយចំនួន ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី បារាំង រុស្ស៊ី អាមេរិក និងចិនជាដើម។ ប៉ុ​​ន្តែលោក​ថា បើគិតជាភាគរយនៃចំនួនអ្នកស្លាប់វិញ កម្ពុជាមានអត្រាខ្ពស់ជាងគេ គឺមានទៅដល់ ២,៣៥​ភាគរយ ដែ​​ល​ការណ៍នេះលោកថា ជាតួលេខមួយស្ថិតក្នុងការព្រួយបាម្ភ ដែលត្រូវពង្រឹងសមត្ថភាពព្យាបាលឡើងវិញ។

លោកាថា៖ «ភាគរយឆ្លង មិនមែនជាភាគរយដែលគួរឱ្យព្រួយបារម្ភពេកទេ តែភាគរយស្លាប់គឺជាភាគរយដែលត្រូវព្រួយបាម្ភ»។

កម្ពុជាបានចាប់ផ្តើមផ្ទុះករណីឆ្លង​​ជំងឺកូវីដ-១៩ ដំបូង​ចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១៨ ៦១៣នាក់ ក្នុងនោះអត្រាអ្នកស្លាប់ឡើងដល់ ២ ៧៩៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ