UN ជំរុញឱ្យរដ្ឋជាសមាជិកបង្ហាញឆន្ទៈកាត់ទោសឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

អង្គការសហប្រជាជាតិ ជំរុញទៅប្រទេសជាសមាជិកឱ្យបង្ហាញឆន្ទៈកាត់ទោសឧក្រិដ្ឋក​​ម្ម​​ប្រឆាំងអ្នកសា​រ​ព័ត៌​មាន ដោយថា ការវាយប្រហារទៅលើអ្នកសារព័ត៌មាន​ជាការបង្កើត​បរិយាកាស​ភ័យ​ខ្លាច បង្ក​ការ​រា​រាំ​​​ងដល់​ការចែកចាយព័ត៌មានដោយសេរីសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ការជំរុញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ​ហ្គោទែរ៉េស (Antonio Guterres) ​នេះ ធ្វើ​ឡើង​ក្នុង «ទិវា​អន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន» នា​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ២០២១។

តាមគេហទំព័ររបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Antonio Guterres បានលើកឡើង​ថា រដ្ឋជាសមាជិក​និង​សហគមន៍អន្តរជាតិ គាំទ្រប្រកបដោយសាមគ្គីភាពដល់អ្នកសារព័ត៌​មានជុំវិញពិភព​លោកនៅគ្រប់ពេលទាំងអស់ ហើយបង្ហាញឆន្ទៈនយោបាយដែលចាំបាច់ ដើម្បីធ្វើការ​ស៊ើប​អង្កេតនិង​កាត់​ទោសឧក្រិដ្ឋកម្មប្រឆាំង​នឹងអ្នកសារព័ត៌មាននិងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ។

លោកបានគូសបញ្ជាក់ថា ការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន គឺជាបញ្ហាបន្ទាន់​បំផុត​មួយ ដើម្បីធានាសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ លោក​កត់សម្គាល់ដែរថា ចន្លោះឆ្នាំ​២០០៦ ដល់ឆ្នាំ​២០២០ អ្នកសារព័ត៌មានជាង១ ២០០នាក់​ ត្រូវបានសម្លាប់ ដោយសារការរាយការណ៍ព័ត៌មានដល់​សាធារណជន ដែលការណ៍នេះ លោកថា និទណ្ឌភាពនាំទៅរកការសម្លាប់មនុស្សកាន់តែច្រើន ហើយជារឿយៗជារោគសញ្ញានៃជម្លោះកាន់តែអាក្រក់ និងការបែកបាក់នៃច្បាប់និងប្រព័ន្ធតុលាការ។

អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះគូសបញ្ជាក់ទៀត​ថា ការសម្លាប់គឺជាទម្រង់ដ៏ធ្ងន់ធ្ងរបំផុតនៃការ​ត្រួតពិនិត្យ​ប្រព័ន្ធផ្សព្វផ្សាយ ហើយ​​អ្នកសារព័ត៌មានក៏ទទួលរង​នូវការគំរាមកំហែងរាប់មិនអស់ផងដែរ ចាប់ពីការ​ចាប់​ពង្រាត់ ការធ្វើទារុណកម្ម និងការវាយប្រហារលើរាងកាយផ្សេងទៀត រហូតដល់ការយាយី ជាពិសេសនៅក្នុងវិស័យឌីជីថល។

បន្ថែមពីនេះ លោកថា៖«ការគំរាមកំហែងនៃអំពើហិង្សា និងការវាយប្រហារលើអ្នកសារព័ត៌មាន ជាពិសេសបង្កើតបរិយាកាសនៃការភ័យខ្លាចសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលរារាំងដល់ការចែកចាយព័ត៌មាន មតិ និងគំនិតដោយសេរីសម្រាប់ប្រជាពលរដ្ឋទាំងអស់»។ 

ម៉្យាងវិញទៀត លោកថា ប្រព័ន្ធយុត្តិធម៌ដែលធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់​រាល់ការគំរាមកំហែងលើអ្នក​សារព័ត៌មាន រំលេចជាសារដ៏មានសក្ដានុពល ដែលបង្ហាញថា សង្គមនឹងមិនអត់ឱនចំពោះការវាយប្រហារលើអ្នកសារព័ត៌មាន និងមិនអត់ឱនចំពោះការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិសម្រាប់ទាំងអស់គ្នា។

ដោយឡែក ក្នុង «ទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន» នេះដែរ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏ចេញសេចក្ដីថ្លែងការណ៍មួយជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាឱ្យ​លុបបំបាត់អំពើឧក្រិដ្ឋ​កម្មលើអ្នកសារព័ត៌មាន ខណៈអង្គការមួយ​នេះ​កត់សម្គាល់​​ថា អ្នក​​សារ​ព័ត៌មានចំនួន១៣នាក់ត្រូ​វ​គេ​​សម្លាប់​នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៤មក ហើយ​ពួកគេនៅ​​​មិនទាន់​ទទួល​បាន​យុត្តិធម៌នៅឡើយទេ​។

បន្ថែមពីនេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែង​ក្នុងកម្មវិធីជជែក​ដេញដោល​មួយនៅថ្ងៃអង្គារនេះថា គេមិនអាចនិយាយថា សេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាកំពុងត្រូវបានលើកកម្ពស់នោះទេ ដរាបណាអ្នកដែលត្រូវបានគេ​សម្លាប់​មិនទាន់​ត្រូវ​បាន​ផ្ដល់​យុត្តិធម៌ ហើយការ​គំរាមកំហែង​ចេះតែបន្តនោះ។

លោកស្រីថា៖ «ជាពិសេសក្នុងប៉ុន្មានឆ្នាំដែលយើងប្រឈមនឹងជំងឺកាចសាហាវ [កូវីដ-១៩] នេះដែរហ្នឹង ក៏ឃើញ​អ្នក​សារព័ត៌មាន ពួកគាត់ចុះទៅរាយការណ៍អីហ្នឹង គឺមានការហាមឃាត់ពីអាជ្ញាធរ ពេលខ្លះមានការរឹបអូសសម្ភារអីជាដើម ដែលទិដ្ឋភាពទាំងអស់នេះមិនគួរកើតឡើងនៅពេលដែលយើងនិយាយថា ប្រទេស​កម្ពុជាយើងជាប្រទេសប្រជាធិបតេយ្យ ដែលយើងផ្ដល់នូវសេរីភាពពេញលេញដល់អ្នកសារព័ត៌មាននោះទេ»។

ក្នុងកម្មវិធី​នោះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន​ លោក មាស សោភ័ណ្ឌ មានប្រសាសន៍ថា តាមការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក៏ដូចជាក្រសួង ជំរុញឱ្យស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ បើធៀបទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់។

បើតាមលោក សោភ័ណ្ឌ បច្ចុប្បន្ន ស្ថាប័នផ្សព្វផ្សាយទាំងជាតិនិងអន្តរជាតិមានការកើនឡើង ពិសេសការផ្សព្វផ្សាយ​តាម​បណ្ដាញសង្គម និងមួយវិញទៀតការចេញផ្សាយរបស់ពួកគេ ក៏ក្រសួងមិន​តម្រូវ​ឱ្យ​មាន​​ការ​ត្រួត​ពិនិត្យ​ជាមុន​ដែរ ដោយអនុលោមទៅតាមច្បាប់មួយចំនួន រួមទាំងច្បាប់ស្ដីពីរបបសារព័ត៌មានផងដែរ។

លោកថា៖ «ទន្ទឹមនឹងនេះ យើងក៏បានដាក់ចេញនូវយន្តការ ក៏ដូចជាបទដ្ឋានគតិយុត្តិមួយចំនួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាគាំពារទៅដល់ការអនុវត្តការងាររបស់បងប្អូន​ជាអ្នកសារព័ត៌មានរបស់យើង ឱ្យ អាចបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តិដែលកំពុង​មាន​ជា​ធរមាន​ផង​ដែរ»។

យ៉ាងណា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មាន​នៅតាមបណ្ដាខេត្តមួយចំនួន​ដែល​រាយការណ៍រឿងរំលោភដីធ្លី និង​រឿង​បទល្មើស​ព្រៃឈើ ត្រូវបានចាប់ដាក់ពន្ធនាគារនិង​រងនូវ​ការប្រើអំពើហិង្សាពីក្រុមមនុស្សមួយចំនួន។ ករណីនេះ លោកថា កំណើនអ្នកសារព័ត៌មានឬចំនួនប្រព័ន្ធផ្សព្វផ្សាយកើនឡើង មិនមែនជាយន្តការលើកកម្ពស់សេរីភាពសារព័ត៌មានទេ ដរាបណានិទណ្ឌភាពមិនត្រូវលុបបំបាត់។

លោកថា៖ «បើសិនជានិទណ្ឌភាពនៅតែបន្តកើតមានឡើង ហើយជាពិសេសចំពោះអ្នកសារព័ត៌មាននេះ ខ្ញុំគិតថា វាជាឧបសគ្គមួយធំណាស់ ដែលនឹងអាចរារាំងរដ្ឋាភិបាលមិនឱ្យទទួលបាននូវព័ត៌មានពិត ព័ត៌មានដែលគាត់ហ៊ានប្រថុយប្រថានជាមួយសុវត្ថិភាពរបស់ពួកគាត់ ហ៊ានតាមដាននូវការប្រព្រឹត្តបទល្មើសផ្សេងៗ»។

បើតាមលោក ណុប វី កំហុសអ្នករាយការណ៍ព័ត៌មាន វាគួរតែត្រូវហៅទៅអប់រំឬឱ្យត្រូវរាយការណ៍កែតម្រូវឡើងវិញ មិនគួរប្រើវិធានចាប់ដាក់ពន្ធនាគារដោយសារតែកំហុសវិជ្ជាជីវៈនោះទេ។ 

យ៉ាងណា លោក អង់តូនីញ៉ូ ​ហ្គោទែរ៉េស ថ្លែងដែរថា ការរម្លឹកទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ឆ្នាំ​២០២១​នេះ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់ខួប​១០​ឆ្នាំនៃផែនការសកម្ម​ភាព​របស់អង្គការសហប្រជាជាតិស្តីពី «សុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ហានិទណ្ឌភាព» ដែលនឹ​ងត្រូវកត់សម្គាល់នៅឆ្នាំ២០២២​ខាង​​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ