កសិករ​មួយ​ចំនួននៅ​ស្រុក​កោះធំ​​​ពិចារណា​បោះបង់​របរ​កសិកម្ម​ដោយ​សារ​ជី​និង​សាំង​ឡើង​ថ្លៃ​ខ្ពស់

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

កសិករ​មួយ​ចំនួន​នៅស្រុកកោះធំ ខេត្តកណ្តាល កំពុង​ពិចារណា​ក្នុងការ​បោះបង់​របរ​កសិកម្ម​ពី​ដូនតា​ដោយ​សារ​តែ​ជី និង​ប្រេងសាំង រួមទាំង​ថ្លៃដើម​​ផលិត​ផ្សេងៗ​ឡើង​ថ្លៃខ្ពស់​គុណជា​២​ដង ​បើ​ធៀប​ឆ្នាំមុន ប៉ុន្តែ​ថ្លៃ​កសិផល​វិញ​នៅ​តែ​ទាប។​

តាម​ប្រភព​កសិករ​ឱ្យដឹង​ថា កាលពី​ឆ្នាំមុន​​ជីដាក់​ស្រូវ​១​បាវ​ថ្លៃ​ ៧​ ទៅ ​៨ ​ម៉ឺន​រៀល តែ​ឆ្នាំនេះ​ឡើងដល់​១៥​ម៉ឺន​រៀល​ទិញ​ឱ្យ​លុយ​ភ្លាមៗ​ហើយ​បើ​បណ្តាក់​ទុក​ដល់​បាន​ផល​ស្រូវ​ថ្លៃឡើង​១៧​ម៉ឺនរៀល។​ ចំណែក​សាំង​ប្រើ​សម្រាប់​បូបទឹក​ដាក់​ស្រូវ​ឆ្នាំ​មុន​១កាន ​(៣០លីត្រ) ​ថ្លៃ​៦ម៉ឺន​ទៅ​៧​ម៉ឺនរៀល​ឆ្នាំ​នេះឡើង​ដល់​១២​ម៉ឺន​រៀល។​

បើតាម​កសិករ​ក្រៅពី​ជី និង សាំងនេះ ថ្លៃដើម​ផ្សេង​ទៀត ដូចជា​ថ្នាំ​កសិកម្ម ជួល​កម្លាំង​ពលពលកម្ម ឬ ភ្ជួររាស់​ជា​ដើម​សុទ្ធតែ​ឡើង​ថ្លៃ។

 កសិករ​ម្នាក់នៅភូមិ​ពោធិ៍អណ្តែត ​ឃុំព្រែកស្តី ស្រុកកោះធំអ្នកស្រី ជី ភី បាន​ត្អូញត្អែរ​ចំពោះការ​ឡើង​ថ្លៃ​ដើម​សម្រាប់​ធ្វើ​កសិកម្ម​នេះ​ដោយ​ថា​ អ្នក​ស្រី​នឹង​ប្រឈម​ការ​បោះបង់​ចោល​របរកសិកម្ម​ដែល​ជា​របរ​បន្តពី​ដូចតា​នេះ​ចោល ហើយ​រក​ការងារ​ផ្សេង​ធ្វើ​វិញ។

កសិករ​វ័យ ៥២ ឆ្នាំ រូបនេះ បាន​បន្ថែម​ថា អ្នកស្រី​ក៏​កំពុង​ប្រឈម​បំណុល​ធនាគារ​ផងដែរ ដោយក្នុង​មួយ​ខែអ្នកស្រី​បាន​ចំណាយ​ថវិកា​ជាង​១​លាន​រៀល​ដើម្បី​បង់ធនាគារ។ អ្នកស្រី​បន្តថា នៅពេល​ធ្វើ​កសិកម្ម​មិន​បាន​ផល​គឺ​កាន់​តែ​លំបាក។​

អ្នកស្រី ជី ភី ៖«បើនៅ​តែឡើង​ថ្លៃចឹង មិន​ដឹង​បន្តមិច​ទេ។ អត់​ទៅ​រួចទេ មាន​តែ​បោះបង់។ ហើយ​មាន​លុយ​ណា​សង​ធនាគារ»

កសិករ​ម្នាក់​ទៀត អ្នកស្រី សែម សុផល បាន​ឱ្យដឹង​ថា អ្នកស្រី​ប្រកបរបរ​ធ្វើស្រែតាំង​ពី​ដូនតា ដោយ​ប្រើប្រាស់​ជីកសិកម្មក្នុង​មួយ​ឆ្នាំៗ​យ៉ាង​តិច ៥០០ គីឡូក្រាម លើផ្ទៃដី​ជាង​៣​ហិកតា។

កសិករ​វ័យ​ ៥៤ ​ឆ្នាំ​រូបនេះ បន្ថែម​ថា ការ​ឡើង​ថ្លៃ​ដើម​សម្រាប់​ផលិត​រួមទាំង​ថ្លៃជី ថ្លៃសាំង​នេះបាន​បង្កផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​អ្នកស្រី​ ដែលពឹង​ផ្អែក​លើការ​ធ្វើស្រែ ដោយ​សារ​តែ​តម្លៃ​ស្រូវ​លក់​បាន​ថោក​នៅ​លើ​ទីផ្សារ។

ចំពោះ​បញ្ហានេះ អ្នកស្រី​បាន​ស្នើទៅ​កាន់​រដ្ឋាភិបាល ឱ្យបញ្ចុះ​តម្លៃ​ដើម​ក្នុង​វិស័យ​កសិកម្ម​ឱ្យមាន​តម្លៃ​សមរម្យ​វិញ។

អ្នកស្រី សែម សុផល៖ «ខ្ញុំចង់​អំពាវនាវ​ឱ្យរដ្ឋាភិបាល​គាត់​ជួយ​ឱ្យជី​ចុះ​ថ្លៃ សាំង​អីណឹង​ឱ្យ​ចុះ​ថ្លៃផង។ តម្លៃ​សមរម្យ ជាមួយ​តម្លៃ​ស្រូវ ផល​ដែល​យើង​ធ្វើ​បាន»។

បើ​តាម​អ្នកស្រី សែម សុផល បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​នេះ ស្រូវ​ដែល​អ្នកស្រី​លក់​បាន​ក្នុង​១គីឡូក្រាម​ទទួល​បាន​តម្លៃ​ប្រមាណ​តែ ​៨០០ រៀល​ប៉ុណ្ណោះ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកណ្តាល លោកប៊ុន ទួនស៊ីម៉ូណា មិន​អាចសុំការ​ឆ្លើយតប​បានទេ​ពាក់ព័ន្ធ​បញ្ហា​នេះ  ដោយ​លោក​ថា រវល់​ប្រជុំនៅ​ពេល​ដែល​មាន​ការហៅ​ទូរស័ព្ទ​ចូល។

កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយបញ្ជាក់​ថា ជី និង​ថ្នាំ​កសិកម្ម ឡើង​ថ្លៃខ្ពស់​នៅ​ឆ្នាំនេះ​ គឺដោយ​សារ​ប្រទេសដែល​ផលិត​ថ្នាំ និង​ជី​មិន​អាច​ឆ្លើយតប​តាមការ​បញ្ជាទិញ​ពី​កម្ពុជា ខណៈតម្រូវ​ការ​ក្នុង​ស្រុកមាន​ការ​កើន​ឡើង ស្របពេល​កម្ពុជា​មិនទាន់​អាច​ផលិត​ថ្នាំ​និង​ជីកសិកម្មបាន​នៅឡើយ​ គឺ​មានលទ្ធភាព​អាច​ផលិត​តែ​ជី ធម្មជាតិ និង​ជី​សរីរាង្គ​តែ​ប៉ុណ្ណោះ។

ចំពោះ​បញ្ហា​សាំង​ឡើង​ថ្លៃ​ក៏​ក្រសួង​ពាណិជ្ជកម្ម​បកស្រាយ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​គឺ​ថ្លៃសាំង​ឡើង​ថ្លៃ​ជា​សកល ហើយ​កម្ពុជា​មិន​អាច​ផលិត​ដោយ​ខ្លួន​ឯង​បាន។​

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ មិន​អាច​សុំការ​ពន្យល់បន្ថែម​បាន​ទេ ជុំវិញ​បញ្ហា​ថ្លៃដើម​ផលិត​កសិកម្ម​កើន​ឡើង​នេះ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

 ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​លើកឡើង​ថាកសិករ​នៅ​កម្ពុជា​កំពុង​ទទួល​បន្ទុក​កាន់​តែ​ខ្លាំង ដោយ​​សារ​​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បន្ថែម​ទៀតក្នុង​កំឡុង​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ថ្លៃដើម​ធ្វើ​កសិកម្ម​ទ្វេដង​បែប​នេះ  ចំណែក​ទិន្នផល​ដែល​​កសិករ​លក់​បាន​នៅ​លើ​ទីផ្សារ​នៅតែ​ទទួល​បាន​តម្លៃថោក​ទៅ​វិញ។

លោក ថេង សាវឿន៖«ខ្ញុំគិតថា បើសិន​ជាពួកគាត់​ដាំដុះ មិនទទួល​បាន​ផល​ចំនេញ ផលិតផល​របស់​គាត់​លក់​មិន​បាន​ថ្លៃ​នៅតាម​ទីផ្សារ​ទេ គឺ​គាត់​ខាត​ទាំង​កម្លាំង ខាត​ទាំង​ពេលវេលា គាត់​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ផលិត និង​ដាំដុះ​បន្ថែម​ទៀត»

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល គិតគូរ​ឡើងវិញ​ចំពោះ​ករណី​នេះ ដោយ​បន្ថយ​ការ​យក​ពន្ធ​ចំពោះ ​ការ​នាំចូល​ជី​កសិកម្ម និង​សម្ភារ​កសិកម្ម និង បង្កើន​ការ​ផលិត​នៅ​ក្នុង​ស្រុក​បន្ថែម​ទៀត​ដើម្បីកាត់​បន្ថយ​ការចំណាយ​របស់​កសិករ។

លោក​បញ្ជាក់​ថា៖«រដ្ឋអាច​ត្រួត​ពិនិត្យ​ទៅលើ​ការ​បន្ធូរបន្ថយ​ពន្ធ នៃ​ការ​នាំ​ចូល​ជី​ ឬ​ក៏​សម្ភារកសិកម្ម​ដែល​ជា​កត្តា​ចាំបាច់​តែ​ម្តង​ដើម្បី​ជួយ​ដល់​កសិករ[…]​ជី​កសិកម្ម​អីយើង​អាច​សិក្សា​ផងដែរ​ក្នុងការ​បង្កើត​រោងចក្រ​ក្នុង​ស្រុក​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក​សម្រាប់​យើង ហើយ​យើង​ទទូលបាន​ផលប្រយោជន៍​ច្រើន​ជាង»

យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យដឹង​ថា គិត​ត្រឹមខែឩសភា  ឆ្នាំ២០២១ កម្ពុជា​បាននាំ​ចូល​ថ្នាំ​កសិកម្ម មាន​ចំនួន​ជិត​៥​ម៉ឺនតោន ​(៤៧ ៤០៩)​ និងជី​កសិកម្ម​ជិត​១​លាន​តោន (៨៥៨ ៦៣២) ចំណែក​ក្នុង​ឆ្នាំ​២០២០​ការនាំ​ចូល​ជី​កសិកម្ម​សរុបមាន​ចំនួន​ជាង​១០​ម៉ឺនតោន​ (១០៣ ០០៥) និង​ថ្នាំ​កសិកម្ម​មាន​ជាង​ ១លាន តោន (១៤ ០៦ ៧៧៥)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ