មេធាវី​​គ្រោង​​ស្នើទៅ​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​ដើម្បី​​សុំ​ឱ្យ​​យុវជន​​បរិស្ថាន​៣​​នាក់​​នៅ​​ក្រៅ​​ឃុំ

កញ្ញា ឡុង គន្ធា – លោក ថុន រដ្ឋា – កញ្ញា ភួន កែវរស្មី សកម្មជនមាតា​ធម្មជាតិ។ (ហ្វេសប៊ុក​សកម្មជន និង មាតាធម្មជាតិ)

មេធាវី​ការពារក្តី​ឱ្យ​សកម្មជន​បរិស្ថាន ៣​នាក់ គ្រោងដាក់​ពាក្យ​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ស្នើសុំ​ដោះលែង​កូនក្ដី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយពី​ពួកគេ​អនុវត្តទោស​ក្នុង​សំណុំរឿង «ញុះញង់» ចប់ តាមការ​កាត់​តម្រឹម​ទោស​របស់​សាលាឧទ្ធរណ៍​កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

កាលពី​ថ្ងៃ​ទី៥ ខេវិច្ឆិកា ឆ្នាំ២០២១ សាលាឧទ្ធរណ៍​បានកាត់តម្រឹម​ទោស​សកម្មជន​បរិស្ថាន​ទាំង៣ នាក់ រួមមាន យុវជន ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ឱ្យជាប់​ពន្ធនាគារ១ ឆ្នាំ២ខែ ដោយទោស​នៅសល់​ត្រូវ​ព្យួរ។ បើគិត​ចាប់តាំង​ពី​ចាប់​ខ្លួន ពួកគេ​អនុវត្ត​នៅក្នុង​ពន្ធនាគារគ្រប់​ចំនួន ១ឆ្នាំ២ខែ និងគួរ​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​កាលពី​ម្សិលមិញ​នេះ។ ក៏ប៉ុន្តែ​ពួកគេ​នៅជាប់​ចោទក្នុង​សំណុំរឿង​​មួយ​ករណី​ទៀត​ពីបទ «រួមគំនិត​ក្បត់​»។

មេធាវីការពារក្ដី​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង ៣ នាក់ គឺ​លោកមេធាវី សំ សុគង់ ប្រាប់វីអូឌី​នៅ​ថ្ងៃនេះថា កាលដែល​តុលាការ​មិនទាន់​ដោះលែង​កូនក្តី​របស់​លោក គឺដោយ​សារ​តុលាការ​បានចោទ​ប្រកាន់​កូនក្ដី​របស់​លោកពី​បទ «រួមគំនិតក្បត់» មួយករណីទៀត។ បើតាម​លោក​មេធាវី សំណុំ​រឿង​នេះ ចៅក្រម​បានចេញ​ដីកា​ឃុំខ្លួន​ពួកគេ អំឡុងពេល​ដែល​ពួកគេ​កំពុង​អនុវត្តទោសសំណុំ​រឿង «ញុះញង់» នេះ។

លោក​ថា៖ «សំណុំរឿង​ហ្នឹង​ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់»  ហើយ​បច្ចុប្បន្ន​រឿង​កំពុង​ស្ថិត​នៅក្នុង​ដៃចៅក្រម​ស៊ើបសួរ​លោក អ៊ឹម វណ្ណៈ។ នៅក្នុង​រឿង​ថ្មីពួកគាត់​ គឺ​នៅពេល​ដែល​លោក​ចៅក្រម​ស៊ើបសួរ​បាន​កោះ​ហៅ​សាកសួរ គឺ​ចៅក្រមស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន ហើយ​ពេល​សម្រេច​ឃុំខ្លួន​នោះ ពួកគាត់​កំពុង​ជាប់​ពន្ធនាគារក្នុង​សំណុំរឿង«ញុះញង់។ អ៊ីចឹង​បាន​ជា​ក្រុម​មេធាវី​មិន​ដាក់​ពាក្យ​សុំទៅ​ក្រៅឃុំ ដោយ​សារ​ ពួកគាត់​កំពុង​អនុវត្តទោស​សំណុំ​រឿង«ញុះញង់»។​

​លោក សំ សុគង់ បន្តថា លោកនឹង​ដាក់​ពាក្យ​ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​សប្ដាហ៍ក្រោយ​នេះ ដើម្បី​ស្នើសុំ​ឱ្យកូនក្ដី​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយពី​សាលាឧទ្ធរណ៍​សម្រេច​កាត់​តម្រឹម​ទោស​សំណុំ​រឿង ​«ញុះញង់» ដោយ​ឱ្យពួកគេ​អនុវត្តទោស​តែ ១ឆ្នាំ២ខែនោះ។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត  យល់ថា ការកាត់ទោស​សកម្មជន​បរិស្ថាន​ឱ្យ​ពន្ធនាគារ ១ ឆ្នាំ២ ខែ របស់​សាលាឧទ្ធរណ៍​កាល​ម្សិលមិញ លោកមើល​ឃើញ​ថា វាគ្រាន់​តែជា​ការ​បន្ធូរបន្ថយ​ទោស​អនុវត្តតែ​ប៉ុណ្ណោះ ប៉ុន្តែពួកគាត់​នៅតែ​រងភាព​អយុត្តិធម៌​ ដោយ​សារ​ការ​អនុវត្តទោស​នៅតែ​មាន​ដដែល។ ករណី​នេះ លោកចាត់​ទុក​តុលាការ​មិន​បានអនុគ្រោះ ឬ​ក៏បន្ធូរបន្ថយ​ទោស​នោះ​ទេ ផ្ទុយទៅ​វិញ​​ពួកគេ​រងភាព​អយុត្តិធម៌​ខ្លាំង​ជាង​មុន ដោយសារ​តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ឧក្រិដ្ឋ​មួយ​ទៀត។

លោកថា៖ «ក្រៅពីបទ«ញុះញង់» ឥឡូវ​បន្ថែម​បទឧក្រិដ្ឋ​មួយ​ទៀត ​គឺបទ«រួមគំនិតក្បត់» ដែលយើងមើល​ទៅគ្រាន់​តែ​សកម្មភាព​ចូលរួម​ការពារ​បរិស្ថាន ហេតុអ្វី​ក៏ចោទ​មួយ​បទល្មើស​ហើយ ​មក​ចោទ​បទល្មើស​មួយទៀត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ បើ​យើង​ពិនិត្យ​មើល​ទិដ្ឋភាព​ជាក់ស្ដែង​ ការចោទ​ប្រកាន់​នេះ គឺជាការ​គំរាមកំហែង បំភិតបំភ័យ ​បង្អាក់​បន្ថែមទៀត​សម្រាប់​យុវជន​ដែលមាន​បំណង​នៅក្នុង​កិច្ចការពារ​បរិស្ថាន​ដូច​យុវជន​មុន​ហ្នឹង»

​លោក អំ សំអាត   បន្តថា ការចោទប្រកាន់​បទល្មើស​ធ្ងន់ធ្ងរ​លើ​យុវជន​ដែល​ខិតខំ​ចូលរួមការពារ​បរិស្ថាន​នេះ បាន​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​រិះគន់​ខ្លាំង​ម្ដងហើយ​ម្តងទៀត រួមទាំង​មានការចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹងការ​ចាប់ឃុំ​ខ្លួន ហើយនឹង​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​គំរាមកំហែង​យុវជន ក្នុងការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ។

យុវជន​បរិស្ថាន​ទាំង៣​នាក់ គួរ​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពី​អនុវត្តទោស​តាម​ការកំណត់​របស់តុលាការ។ ប៉ុន្តែពួកគេ​ក៏នៅជាប់​ចោទ​មួយ​ករណី​ទៀត ​ពីបទ «រួមគំនិត​ក្បត់​» ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់១០ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស។

ការចោទ​ប្រកាន់​លើពួកគេ​មួយ​ករណី​ទៀត​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ចាប់ឃុំ​ខ្លួន​យុវជន​បរិស្ថាន​មាតា​ធម្មជាតិ​៣រូប​ផ្សេង​ទៀត ក្នុងនោះ​មាន​​កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុធ ក្រោម​បទចោទ​ប្រកាន់ «រួមគំនិតក្បត់» និង «ប្រមាថ​អង្គព្រះ​មហាក្សត្រ» ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកជំនាញ​ផ្នែកសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ (UN) ចំនួន៣​រូប បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ជាបន្ទាន់​នូវការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការកាត់​ទោស​លើ​អ្នកហ៊ាន​ក្រោក​ឈរ ដើម្បី​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ