សកម្មជនចំនួន១២នាក់ទៀត ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នៅ​ល្ងា​ច​ថ្ងៃសុក្រនេះ

សកម្មជនបរិស្ថាន សកម្មជន​ស្ត្រីក្លាហាន និងសកម្មជនបក្សប្រឆាំងដែលត្រូវបានដោះលែង។

មន្ត្រីពន្ធនាគារ បាន​ដោះលែង​សកម្មជនបរិស្ថាន សកម្មជនអតីតបក្សប្រឆាំង និងក្រុម​ស្ត្រី​ក្លាហាន សរុប​ចំនួន ១២​រូប​​ទៀត ចេញពីពន្ធនាគារ​​ នៅ​ល្ងាច​ថ្ងៃសុក្រ​នេះ។

សកម្មជនដែលត្រូវបានដោះលែងនោះ មានដូចជា យុវជនមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ស៊ុន រដ្ឋា លោក យឹមលាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា, សកម្មជនស្ត្រីក្លាហាន ៥នាក់ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក តុន និមល។

កាលពីថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ស្ថាបនិកចលនាមាតាធម្មជាតិ ​និង​សកម្ម​ជន​មាតា​ធម្មជាតិ​ ៤​នាក់ ដាក់ពន្ធនាគារចន្លោះ​​ពី​១៨ទៅ២០​​ខែ​ ពាក់ព័ន្ធ​បទ​ «ញុះញង់​ និង​សម​គំនិត»​។ ក្រៅពីនេះ តុលាការក្រុងភ្នំពេញក៏បានកាត់ទោសសកម្មជនបរិស្ថាននៃ​ចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ​និងកញ្ញា ឡុង គន្ធា ព្រមទាំង​កញ្ញា ជា គន្ធីន ឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យប្រាក់៤លានរៀលដូចគ្នា។

ចំណែកលោក ថុន រដ្ឋា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់៤លានរៀល ឬប្រហែល១ ០០០ដុល្លារ ពីបទ «ញុះញង់រំខានដល់សន្តិសុខសង្គម» ខណៈស្ថាបនិកចលនាមាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ​ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ២០ខែ និងពិន័យជាប្រាក់៤លានរៀលពីបទ «សមគំនិតក្នុងរឿងញុះញង់»។

​ដោយឡែក ​​យុវជន​បរិស្ថាន​មាតា​ធម្មជាតិ​៣រូប​ផ្សេង​ទៀត ក្នុងនោះ​ មាន​​កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុធ បានរងនូវការ​ចោទ​ប្រកាន់ ពីបទ​ «រួមគំនិតក្បត់» និង «ប្រមាថ​អង្គព្រះ​មហាក្សត្រ»។

តែយ៉ាងណា សាលាឧទ្ធរណ៍ បានកាត់​តម្រឹមទោស​សកម្មជនបរិស្ថាន​ និងសកម្មជន​នយោ​បាយ ដោយឱ្យអនុវត្តទោស​ក្នុងពន្ធនាគារម្នាក់ៗជាង១ឆ្នាំ ខណៈទោស​ដែលនៅ​សល់​ត្រូវ​ព្យួរសាកល្បង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ