អង្គការ​និង​សមាគម​ជិត​១០​ស្នើ​រដ្ឋាភិបាល​ផ្តល់​កិច្ច​គាំពារ​សង្គម​ដល់​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ

អ្នកស្រី ឈឿន តាំងហិ ជាអាជីរករលក់ដូរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការសង្គមស៊ីវិលជិត១០ អំពាវនាវទៅរដ្ឋាភិបាលបញ្ចូលអ្នកលក់ដូរតាមចិញ្ចើមផ្លូវ នៅក្នុងគោលនយោបាយគាំពារសង្គម និងជំរុញ​ច្បាប់របបសន្តិសុខសង្គម ដើម្បីលើកម្ពស់អ្នកប្រកបរបរក្រៅប្រព័ន្ធ និងសេដ្ឋកិច្ចជាតិផងដែរ។

អង្គការ និងសមាគមទាំងនោះរួមមាន អង្គការអុកស្វាម (OXFAM), មជ្ឈមណ្ឌលសាមគ្គីភាពតំណាងអង្គការ (Solidarity Center) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL), វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) , អង្គការសម្ព័ន្ធភាពដៃគូ ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (CPDD) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។  

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ និងសមាគមទាំងនោះ ស្តីពីការ អបអរសាទរ ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ១៤វិច្ឆិកា លើកទី៩ «កិច្ចគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា» បានឱ្យដឹងនៅថ្ងៃនេះថា អង្គការ និងសមាគម រៀបចំកម្មវិធីនេះឡើង ដើម្បីរំលឹក និងចែករំលែកព័ត៌មាន បទពិសោធន៍ ស្តីពីគោលនយោបាយ និងការអនុវត្តកិច្ចគាំពារសង្គម ខណៈបច្ចុប្បន្ននេះ ជាពិសេសអំឡុងពេលជួបវិបត្តកូវីដ- ១៩ អ្នកលក់ដូរតាមចិញ្ចឹមផ្លូវ ជួបបញ្ហាប្រឈមមួយចំនួនដូចជា គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកិច្ចគាំពារសង្គម រងការបៀតបៀន និងការរើសអើងគ្រប់រូបភាពជាដើម​។

ករណីនេះ អង្គការ និងសមាគមអំពាវនាវទៅរដ្ឋាភិបាលបញ្ចូលអ្នកលក់ដូរតាមចិញ្ចើមផ្លូវ នៅក្នុងគោលនយោបាយគាំពារសង្គម និងជំរុញ​ច្បាប់របបសន្តិសុខសង្គមឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត ដើម្បីលើកម្ពស់អ្នកលក់ដូរតាមចិញ្ចឹមផ្លូវ និងសេដ្ឋកិច្ចជាតិ ដោយធានាថាពួកគេនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋ។

ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០០៧​ សមាគមរបស់លោក បានធ្វើសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងកិច្ចគាំពារសង្គម សម្រាប់អ្នកលក់ដូរតាមចិញ្ចឹមផ្លូវ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ។

ប្រធានសមាគមរូបនោះ ជំរុញទៅរដ្ឋាភិបាលបញ្ចូលអ្នកលក់ដូរតាមដងផ្លូវក្នុងគោលនយោបាយគាំពារសង្គម និងបង្កើតច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព ជួយគាំពារ ក៏ដូចជា លើកម្ពស់អ្នកលក់ដូរតាមចិញ្ចឹមផ្លូវ និងសេដ្ឋកិច្ចជាតិ ឱ្យរីកចំរើនផងដែរ។

លោកមានប្រសាសន៍ថា៖ «អ្នកលក់ដូរតាមចិញ្ចឹមផ្លូវជួបប្រទះនូវបញ្ហាប្រឈម គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកិច្ចគាំពារសង្គម មានការរើសអើង ហើយពួកគេមិនទាន់ទទួលស្គាល់ និងចុះបញ្ជីក្នុងប្រព័ន្ធរបប​សន្តិសុខសង្គមនៅឡើយ ។ ករណីនេះរដ្ឋាភិបាលត្រូវដាក់បញ្ចូលពួកគេគាំពារក្នុងគោលនយោបាយ និងបង្កើតច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីកម្ពុជាឈានទៅរកសង្គមមួយប្រកបដោយសមភាព និងសមធម៌»។

អាជីវករលក់ដូរតាមចិញ្ចឹមផ្លូវ អ្នកស្រី ពៅ ច័ន្ទដាវី ដែលចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី «កិច្ចគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា» នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា កម្មវិធីនេះជួយពង្រឹងស្មារតី និងធ្វើឱ្យគាត់ចង់ដឹងច្រើនពីបញ្ហាជួបប្រទះរបស់អាជីវករលក់ដូរតាមចិញ្ចើមផ្លូវផ្សេងៗទៀត ។

អាជីវកររូបនោះបញ្ជាក់ថា កន្លងមកគាត់ធ្វើការងារនៅរោងចក្រ មានភាពខុសប្លែងគ្នារវាងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ឬអ្នកប្រកបរបរក្រៅប្រព័ន្ធ ព្រោះកម្មករមានអត្ថប្រយោជន៍ច្រើន ដោយសារធ្វើការក្នុងប្រព័ន្ធ និងទទួលបានរបបកិច្ចគាំពារសង្គម ដូចជា ការថែទាំសុខភាព គ្រោះថ្នាក់ការងារ ការឈប់សម្រាលកូន ប្រាក់បំណាច់ និងប្រាក់សោធននិវត្តន៍ជាដើម ខណៈកម្មករក្រៅប្រព័ន្ធមិនទទួលបានអត្ថប្រយោជន៍ទាំងនេះទេ ។

យ៉ាងណាអ្នកស្រី ស្នើទៅរដ្ឋាភិបាលជួយឱ្យអ្នកលក់ដូរក្រៅប្រព័ន្ធ និងកម្មករ ទទួលបានប្រាក់អត្ថប្រយោន៍ដូចកម្មកររោងចក្រផងដែរ បើទោះបីជាត្រូវបង់វិភាគទានខ្លះជូនរដ្ឋក៏ដោយ ។

អ្នកស្រីនិយាយថា៖ «ខ្ញុំពេញចិត្តនឹងចូលរួម បើទោះជាមានការបង់វិភាគទានក្នុងកម្រិតណាមួយនោះ សម្រាប់កិច្ចគាំពារសង្គម»។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេនៅថ្ងៃទី១៤ខែវិច្ឆិកានេះ។

នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ មានប្រសាសន៍ថា អ្នកលក់ដូរតាមចិញ្ចើមផ្លូវ បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។

លោកស្រីជំរុញទៅរដ្ឋាភិបាលដាក់បញ្ចូលអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក្នុងគោលនយោបាយគាំពារ និងធ្វើយ៉ាងណាឱ្យពួកគេទទួលបានរបបសន្តិសុខសង្គម ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អ្នកលក់ដូរតាមចិញ្ចើមផ្លូវទាំងនោះ​។

លោកស្រីមានប្រសាសន៍ថា៖ « រដ្ឋាភិបាលត្រូវផ្តល់កិច្ចគាំពារសង្គម និងមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់​លាស់ អំពីតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់អ្នកលក់ដូរតាមចិញ្ចើមផ្លូវ (លក់ដូរក្រៅប្រព័ន្ធ) ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកលក់ដូរតាមចិញ្ចើមផ្លូវឱ្យមានប្រសិទ្ធិភាព »។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ អះអាងថា បច្ចុប្បន្ននេះ សមាគមរបស់លោក បាននិងកំពុងសម្របសម្រួល បណ្តុះបណ្តាល និងចងក្រងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា  បានចំនួន២២ក្រុម។ លោកថាការបណ្តុះបណ្តាលនិងចងក្រងនេះជាការផ្តួចផ្តើមឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបាន ការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ សម្រាប់ផ្តល់លទ្ធភាពដល់ពួកគេអាចបានកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ