អគ្គនាយកដ្ឋាន​ពន្ធនាគារ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អតីត​អ្នក​ជាប់​ឃុំ​ដែល​ថា​មន្ត្រី​ពន្ធនាគារ​គំរាម​សម្លាប់​និង​ពុករលួយ

សាច់ញាតិ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលផ្សេងៗទៀត ឈររង់ចាំនៅពីមុខពន្ធនាគារព្រៃស ក្នុងថ្ងៃដែលលោក រ៉ុង ឈុន ត្រូវដោះលែងពីពន្ធនាគារ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានច្រានចោលការលើកឡើងរបស់អតីតជនជាប់ឃុំ ជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សសង្គម និងបរិស្ថាន ដែលចោទមន្ត្រីពន្ធនាគារថា ប្រព្រឹត្តអំពើពុករលួយ គំរាមសម្លាប់អ្នកទោស និងខ្វះខាតសេវាសុខភាពជាដើមនោះ ដោយថាជារឿងកេងចំណេញនយោបាយតែប៉ុណ្ណោះ។

ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីតុលាការសម្រេចកាត់តំរឹមទោស ហើយទោសនៅសល់ត្រូវព្យួរ   រួចដោះលែងសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សសង្គម និងសកម្មជនបរិស្ថានចំនួនជាង២០នាក់ឱ្យមានសេរីភាពវិញនាដើមខែវិច្ឆិកានេះ ​។

ក្រោយចេញពីពន្ធនាគារភ្លាមសកម្មជន​ទាំងនោះមួយចំនួន បាន​និយាយប្រាប់សាធារណៈជនពីបញ្ហាអសកម្មនានាដែលកើតឡើងក្នុងពន្ធនាគារអំឡុងពេលពួកគេជាប់ឃុំ ដូចជាបញ្ហាពុករលួយ ការគំរាមកំហែង កង្វះអនាម័យ ភាពចង្អៀតណែន ទំនិញក្នុងគុកថ្លៃហួសប្រមាណជាដើម។

ក្នុងសេចក្តីថ្លែងការណ៍របស់​អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ​ បានឱ្យដឹងនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២១នេះថា ក្រោយពីអតីតជនជាប់ឃុំទាំងនោះ ចេញពីពន្ធនាគារជាបន្តបន្ទាប់​ ពួកគេបាននិយាយវាយប្រហារពន្ធនាគារថា មានភាពចង្អៀតណែន ខ្វះទឹកស្អាត ខ្វះថ្នាំនិងសេវាសុខភាពខ្សោយ ហើយមន្ត្រីពន្ធនាគារខ្លះបានគំរាមសម្លាប់ពួកគេ និងប្រព្រឹត្តអំពើពុករលួយជាដើមនោះ គឺជារឿងមិនពិត។

ករណីនេះ ​អគ្គនាយកដ្ឋានពន្ធនាគារ ​បានចាត់ទុកការលើកឡើងរបស់ពួកគេទាំងនោះថា ជាការប្រឌិតរឿងបំភ្លៃខុសពីការពិត និងមានចេតនាមិនស្មោះត្រង់ ឆ្លៀតឱកាសកេងចំណេញនយោបាយផងដែរ ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា មានប្រសាសន៍បន្ថែមនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា សិទ្ធិជាមូលដ្ឋានរបស់ជនជាប់ឃុំគ្រប់រូបត្រូវបានគោរព និងធានាការពារ ។ ករណីនេះលោកថា បើសិនជាអតីតអ្នកជាប់ឃុំ​មានភស្តុតាងបញ្ជាក់ថា នៅក្នុងពន្ធនាគារ ​មានចំណុចខ្វះខាតក្នុងការគ្រប់គ្រង ឬរកឃើញថា ពិតជាមានមន្ត្រីណាប្រព្រឹត្តអំពើពុករលួយ លោកលើកទឹកចិត្តឱ្យពួកគេប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវចាប់      មន្ត្រីនោះយកទៅផ្តន្ទាទោសតាមច្បាប់តែម្តង ។

លោកមានប្រសាសន៍ថា៖ «ស្មារតីថ្នាក់ដឹកនាំរបស់យើងគឺថា បញ្ហាអំពើពុករលួយវា​ប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ជនជាប់ឃុំដទៃ គាត់អាចដាក់ពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច រឿងពុករលួយមានតែប្តឹងទៅ [ACU] ទេ ព្រោះគេមានជំនាញខាងហ្នឹង »។

លោកមានប្រសាសន៍បន្ថែមថា៖ «អញ្ចឹងគាត់លើក ចេះតែលើកទៅ បើគាត់មានអារម្មណ៍ថា ​គាត់ចង់ធ្វើអ្វីមួយ ដើម្បីក្លាយជាលទ្ធផល​ជាដុំកំភួន មានការស្រាវជ្រាវពីអ្នកជំនាញច្បាស់លាស់ ពីស្ថាប័នមានសមត្ថកិច្ច គាត់ដាក់ពាក្យបណ្តឹងទៅ [ACU]។ យើងបើកទូលាយតើ។ យើងអត់មានការពារមន្ត្រីខិលខូចទេ បើស្ថាប័នជំនាញគេរកឃើញវាមានបញ្ហាហ្នឹងមែន អាហ្នឹងវាមានវិធានការតាមហ្នឹងទៅ»។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា អតីតអ្នកជាប់ឃុំ ត្រូវកែប្រែខ្លួនជាពលរដ្ឋល្អ គោរពច្បាប់ឱ្យបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌទាំងឡាយដូចមានចែងក្នុងសាលក្រមតុលាការ ចៀសវាងប្រឈមនឹងវិធានការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ដែលអាចឈានដល់ការនាំខ្លួនត្រឡប់មកឃុំនៅពន្ធនាគារវិញជាយថាហេតុ ។

យ៉ាងណា ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ ដែលទើបតែចេញពីពន្ធនាគារនាអំឡុងខែវិច្ឆិកានេះ មានប្រសាសន៍ថា នៅក្នុងពន្ធនាគារពិតជាមានភាពមិនប្រក្រតីច្រើន ដូចជា បន្ទប់ឃុំឃាំងចង្អៀតណែន បញ្ហាអនាម័យ សេវាថែទាំសុខភាពនៅមានកម្រិត ហើយនៅមានមន្ត្រីខ្លះពុករលួយផងដែរ។

ករណីនេះលោកថា ថ្នាក់ដឹកនាំពន្ធនាគារ និងស្ថាប័នពាក់ព័ន្ធត្រូវទទួលយកការរិះគន់ពីអតីតជនជាប់ឃុំ ជាសកម្មជនសង្គមនិងនយោបាយទាំងនោះ ដើម្បី​កែលំអឡើងវិញនូវចំណុចខ្វះខាត ទើបធ្វើឱ្យការគ្រប់គ្រងពន្ធនាគារល្អដូចពាក្យថា មណ្ឌលអប់រំ និងកែប្រែ។

លោកមានប្រសាសន៍ថា«ស្ថានភាពនៅក្នុងពន្ធនាគារ  បើនិយាយឱ្យចំទៅយើងទទួលយកអត់បានទេ ស្ថានភាពក្នុងនោះ ហើយមួយទៀត ក៏គួរកែប្រែឱ្យបានច្រើនមែនទែន…កែប្រែនូវចំណុចអវិជ្ជមានគឺអំពើពុករលួយហ្នឹង…នៅខាងក្រៅ និងខាងក្នុងពន្ធនាគារមិនខុសគ្នាទេ។ មានន័យថា ក្រោមទម្រង់នៃរដ្ឋបាលគ្រប់គ្រងរបស់រដ្ឋាភិបាលបច្ចុប្បន្នមិនទាន់មានការកែទម្រង់អំពើពុករលួយឱ្យមានប្រសិទ្ធភាពនៅឡើយទេ មានន័យថា អំពើពុករលួយនៅតែកើតមានឡើង»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា  ការលើកឡើងរបស់ អតីតជនជាប់ឃុំទាំងនោះ  ​ ដែលថា នៅក្នុងពន្ធនាគារមានភាពមិនប្រក្រតី និងមានអំពើពុករលួយជាដើម អាចជារឿងពិត ព្រោះពួកគេជាអ្នករស់នៅក្នុងពន្ធនាគារមួយរយៈទំនងជាសង្កេតឃើញភាពមិនប្រក្រតីកើតមានឡើង។

ទោះជាបែបនេះក្តី លោកជំរុញទៅក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការស្រាវជ្រាវជុំវិញបញ្ហាដែលអតីតជនជាប់ឃុំ ទាំង នោះលើកឡើង ដើម្បីស្វែងរកមន្ត្រីខិលខូចមកទៅអនុវត្តតាមច្បាប់ ដោយមិនប្រកាន់បក្ខពួក ទើបជាគំរូល្អក្នុងការដឹកនាំ។

លោកជំរុញដូចនេះថា៖ «ការលើកឡើងទោះជាបញ្ហានោះពិតកម្រិតណា មិនពិតកម្រិតណា ក៏ត្រូវមានការសិក្សាជ្រាវជ្រាវទៅ។ បើសិនជាមានករណីទាំងអស់ហ្នឹង គាត់ត្រូវតែដោះស្រាយ ដើម្បីកុំឱ្យកើតមានរឿងនេះបន្តទៀត ។ បើរកឃើញពិតជាមានករណី     អញ្ចឹងមែន ត្រូវមានវិធានការចាត់ការតាមផ្លូវច្បាប់ ទាក់ទងការអនុវត្ត អត់មានយោគយល់ អត់មានការរើសអើង អត់មានការនិយមបក្ខពួកទេ អ្នកណាដែលបានប្រព្រឹត្តអំពើទាំងអស់ត្រូវអនុវត្តតាមផ្លូវច្បាប់»។

កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch  បាន​កត់សម្គាល់ថា ការដោះលែងសកម្មជនសង្គម បរិស្ថាន និងអ្នកនយោបាយអតីតបក្សប្រឆាំង ចំនួន២៦នាក់ ចាប់ពីថ្ងៃទី​៥ ដល់​ថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ​ គ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយ​ក៏​មិនបានទម្លាក់ចោលការចោទ​ប្រកាន់ទាំងស្រុងនោះទេ។ ករណីនេះ អង្គការនេះ​យល់ថា នឹងធ្វើឱ្យពួកគេប្រឈមនឹងការចាប់ខ្លួនជាថ្មីនៅថ្ងៃអនាគត។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ​ និងមនសិការចំនួន៦០នាក់​ទៀត នៅមុន​ពេលដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅចុងខែវិច្ឆិកានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ