រដ្ឋ​ត្រៀម​ថវិកា​​២៥០​លាន​ដុល្លារ​សម្រាប់​ជួយ​វិស័យ​ឯកជន​ដើម្បី​ស្តារ​វិស័យ​កសិកម្ម​ឡើង​វិញ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ទៀតផង។ (ហ្វេសប៊ុក៖ Sakhon Veng)

រដ្ឋាភិបាលត្រៀមថវិកា​ប្រមាណ ២៥០​លាន​ដុល្លារ នៅឆ្នាំ​២០២២ សម្រាប់​ផ្តល់ឥណទានដល់វិស័យឯកជន ដោយគិតអត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% លើការវិនិយោគផ្នែកកសិកម្ម និងវិស័យផ្សេងទៀត ខណៈវិស័យទាំងនោះកំពុងជួបបញ្ហាប្រឈមនាអំឡុងពេល​ជួបវិបត្តកូវីដ-១៩ ដែលត្រូវស្តារឡើងវិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៥ខែវិច្ឆិក បានលើកឡើង​ថា យោងតាម​សេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី គឺ​វិស័យកសិកម្មនៅបន្តមានសក្តានុពលខ្ពស់ក្នុងការជួយទ្រទ្រង់សន្តិសុខស្បៀង ជាពិសេសការគាំទ្រកំណើន និងការស្រូបយកអ្នកអត់ការងារធ្វើ។

ជាមួយគ្នានេះលោកថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា និងការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងហិរញ្ញប្បទាន សំដៅជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃកសិកម្មឱ្យរីកចម្រើន ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ហើយ​​រដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហា​ប្រឈម ជារចនាសម្ព័ន្ធ ក្នុង​វិស័យដែលនៅមានសក្តានុពល។

ទោះជាបែបនេះក្តី រដ្ឋមន្ត្រីក្រសួងកសិកម្ម​ បញ្ជាក់ថា កម្ពុជា មានវឌ្ឍនភាពល្អប្រសើរ ប៉ុន្តែវិស័យកសិកម្មជួបនូវ​បញ្ហាប្រឈមធំៗមួយចំនួន រួមមាន កំណើនផលិតភាពទាបដែលបណ្តាលមកពីកត្តាកង្វះខាតពូជសុទ្ធ បច្ចេកទេស ប្រព័ន្ធស្រោចស្រពកសិកម្ម និងបច្ចេកវិទ្យានៅមានកម្រិត ដែលបញ្ហា​ប្រឈមទាំងនេះ ចាំបាច់ត្រូវមានដំណោះស្រាយ។

ជាងនេះទៀត កង្វះការវិនិយោគលើការកែច្នៃ ដែលបណ្តាលមកថ្លៃដើមផលិតកម្មនៅមានកម្រិតខ្ពស់ ជាពិសេសថ្លៃអគ្គិសនីនិងឡូជីស្ទីក ព្រមទាំងស្ថិរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម បញ្ហាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងអត្រាការប្រាក់ទាប ​កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រអំឡុងពេលនិងក្រោយពេលប្រមូលផល ព្រមទាំងកង្វះកិច្ចសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធ ទាំងក្នុងដំណាក់កាលនៃការធ្វើផែនការ និងការអនុវត្ត ក៏ជាបញ្ហា​បញ្ហា​ប្រឈម​ត្រូវ​ដោះស្រាយ​ផងដែរ​។

រដ្ឋមន្ត្រីលើកឡើងថា៖ «ការផ្តល់ឥណទានបន្ថែមជូនដល់វិស័យឯកជនដែលស្ថិតក្នុងបណ្ដាវិស័យអាទិភាព សំដៅជំរុញដល់ការរស់រាន ផលិតភាព និងការធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈការចាប់យកនូវបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវយន្តការហិរញ្ញប្បទានដល់វិស័យឯកជន តាមរយៈត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដែលមានអាត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% សម្រាប់វិស័យសំខាន់ដូចជាការដាំយ័ន ចិញ្ចឹមសត្វ ការកែច្នៃផលិតផលកសិកម្ម វិស័យអេកូទេសចរណ៍ ឬវិស័យអាទិភាពដទៃទៀត»។

ជាមួយគ្នានេះ លោកថា នឹងជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា ដោយពង្រីកវិសាលភាព នៃ​​ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។ បន្ថែមពីនេះ រដ្ឋាភិបាលក៏គ្រោងបន្ថែមទុនវិនិយោគចំនួន ៤០ភាគរយដល់កសិករ ដែលជាក្រុមអ្នកផលិតតាមសហគមន៍ដែលមានចម្ការ លើដីទំហំចាប់ពី៥ហិកតាឡើងទៅ សម្រាប់សាងសង់ផ្ទះកញ្ចក់ សំណាញ់ដាំបន្លែ ក្នុងអត្រាការប្រាក់៤ភាគរយប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃព្រហស្បតិ៍នេះ សុំមិនអត្ថាធិប្បាយ​បន្ថែម​ដោយ​បង្វែរសំនួរទៅសួរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុវិញ ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង  និង​អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មិនអាចសុំការអត្ថាធិប្បាយ​បានទេនៅថ្ងៃនេះ។

កសិករនៅស្រុករំដួល ខេត្តស្វាយរៀង អ្នកនាង ម៉ែន ដាវី បង្ហាញក្តី​រីករាយ​​នៅពេលឃើញ​រដ្ឋាភិបាល​​ត្រៀម​កញ្ចប់ថវិកា ២៥០​​លាន​ដុល្លារ សម្រាប់​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន ក្នុងការជួយដល់វិស័យកសិកម្មនៅកម្ពុជា។ ប៉ុន្តែអ្នក​នាង​ស្នើទៅរដ្ឋាភិបាល ត្រូវចាត់មន្ត្រីជំនាញតាមដានលើការចាត់ចែងថវិកា​នោះ ព្រោះគាត់បារម្ភខ្លាច​កសិករទទួល​បាន​ប្រាក់កម្ចី​ដោយអត្រាការប្រាក់ខ្ពស់ជាងការកំណត់របស់រដ្ឋាភិបាល ហើយ​អ្នកដែលរងគ្រោះជា​ប្រជាកសិករ។

អ្នកនាងស្នើដូចនេះថា៖ «បើសិនជាគាត់[រដ្ឋាភិបាល]គិតគូដល់កសិករ នៅពេល​ដែលគាត់ដាក់ប្រាក់កម្ចី​ទៅឱ្យខាងក្រុមហ៊ុន​ឯកជន ហើយខាង​ឯកជន​ គាត់ត្រូវយកទៅដាក់ឱ្យកសិករ​នូវការប្រាក់ទាប​បំផុត ហើយខ្ញុំស្នើសុំឱ្យខាងមន្ត្រីរដ្ឋាភិបាល​ គាត់តាមដានសង្កេតមើល [ក្រុមហ៊ុនឯកជន] ដើម្បីឱ្យដឹង​ច្បាស់ ជៀសវាងកាលដែល​គាត់[រដ្ឋាភិបាល]បានផ្ទេរសាច់ប្រាក់ជូនកសិករដោយគិតការប្រាក់ទាប ហើយបែជាក្រុមហ៊ុនឯកជនយកតំឡើង​ការប្រាក់ខ្ពស់ជាងធម្មតា ដែលធ្វើឱ្យកាន់តែជាន់ពន្លិចដល់ពលរដ្ឋ»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន គាំទ្រ​រដ្ឋាភិបាល​ដែលត្រៀមថវិកាប្រមាណ ២៥០​លានដុល្លារ នៅឆ្នាំ២០២២ សម្រាប់ផ្តល់ឥណទានដល់វិស័យឯកជននេះ។ ប៉ុន្តែលោកថា ថវិកានេះ មិនទាន់គ្រប់​គ្រាន់​ក្នុង​ការ​ជួយដល់​វិស័យ​កសិកម្មនោះទេ ដែល​ករណីនេះ រដ្ឋាភិបាល​គួរតែត្រៀមថវិកា​ជាមធ្យមប្រហែល​៥០០លានដុល្លារ ទើបជួយទ្រទ្រង់ផ្នែកវិស័យកសិកម្មនៅកម្ពុជាឱ្យបានល្អប្រសើរ ។

លោកបន្តថា ប្រសិនបើ​ការគ្រប់គ្រង និងផ្តល់ថវិកាដល់វិស័យឯកជន មិនមានតម្លាភាព ប្រកាន់បក្ខពួក ហើយការបំពេញ​ឯកសារមានភាពស្មុគស្មាញជាដើមនោះ នឹងមិនអាចជួយដល់កសិករបាន​ទេ។

លោកថេង សាវឿន មានប្រសាសន៍ថា«កញ្ចប់ថវិកាដែលរដ្ឋាភិបាលរៀបចំគោលដៅទី១ គាំទ្រកសិករទាំងលក្ខណៈខ្នាតតូច ជាលក្ខណៈ​សហគមន៍ និងអាជីវកម្ម…ទី២ ទំហំនៃទឹកប្រាក់មិនត្រូវបានកំណត់ទេ អាចពិនិត្យតាមលទ្ធភាពដែលគិតថា កសិករដែលអាចខ្ចីបានហើយ មានលទ្ធភាពសងត្រឡប់ទៅវិញ ហើយកាត់បន្ថយលក្ខខណ្ឌស្មុគស្មាញ មានន័យថា បង្កើតឯកសារស្មុគស្មាញច្រើនពេកមិនអាចជួយដល់កសិករបានទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ