ពលរដ្ឋ​មួយ​ចំនួន​នៅ​សង្កាត់​ព្រែកប្រា​ចោទ​ក្រុម​ហ៊ុន​មួយ​ថា​បាន​បូម​ខ្សាច់​លុប​បឹង​ធ្វើ​ឱ្យ​ទឹក​លិច​ផ្ទះ​ពួក​គាត់

សាឡង់បូមខ្សាច់នៅលើទន្លេបាសាក់ដែលដំណើរការបូមខ្សាច់ពីទីតាំងមួយជិតវត្តចាក់អង្រែលើ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

ប្រជាពលរដ្ឋមួយចំនួន រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចោទក្រុមហ៊ុនមួយ​ថា​បានបូម​ខ្សាច់​លុបបឹង ធ្វើ​ឱ្យ​ទឹកហៀរចេញ​​ជន់​លិច​ភូមិ​​ឋាន និង​ផ្ទះ​សម្បែង​របស់​ពួក​គេ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា​នេះ អ្នកភូមិប្រមាណ ៤០នាក់ នាំគ្នាផ្តិតមេដៃ និងដាក់​​ពាក្យបណ្តឹង​ទៅ​សាលាសង្កាត់​ព្រែក​ប្រា ដើម្បីសុំឱ្យចៅសង្កាត់ លោក ងិន ធីរ៉ូ ជួយ​ដោះស្រាយករ​ណីក្រុមហ៊ុនមួយ ដែល​ពួក​គេមិន​ស្គាល់​ឈ្មោះ បាន​បូមខ្សាច់​ធ្វើ​ឱ្យ​លិច​ភូមិ និងផ្ទះសម្បែងរបស់ពួកគេ។

អ្នកស្រី សុខ ឆេងលីម រស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ប្រាប់វីអូឌីនៅព្រហស្បតិ៍នេះថា ក្រុមហ៊ុនមួយបានបូមខ្សាច់លុប​បឹង​ក្បែរ​ភូមិ ដោយបានបង្ក​ឱ្យទឹកហៀរចេញពីបឹងលិចផ្ទះពលរដ្ឋជាង ៤០គ្រួសារ រយៈពេលជាង៤ខែហើយ ដោយពុំមានការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធឡើយ។

ពលរដ្ឋរូបនេះ ឱ្យដឹងថា មកដល់បច្ចុប្បន្ន ​ផ្ទះអ្នកភូមិខ្លះ បានលិចត្រឹមជង្គង់ និងខ្លះទៀតលិចរហូត​មិន​អាចរស់​នៅបាន​ឡើយ ក្នុងនោះ​គ្រួសារអ្នកស្រីផ្ទាល់​បាន​សម្រេច​ចាក​ចេញពីផ្ទះ​ ទៅ​រស់នៅជាមួយម្តាយ​​​​​ទីទួល​សុវត្ថិ​​ភាព។ អ្នកស្រីបន្ត​ថា ករណីនេះ បានធ្វើប្រជាពលរដ្ឋជួបបញ្ហាលំបាកជាច្រើន ដូចជាពិបាក​រក​ទទួល​ទាន ធ្វើ​ដំណើរ និងការរស់នៅជាដើម។

អ្នកស្រីបន្ថែមថា៖ «ជាក់ស្តែងគ្រួសារខ្ញុំតែម្តង ពេលនេះខ្ញុំអត់បាននៅហ្នឹងទៀតទេ។ ខ្ញុំបានមកនៅជាមួយម្តាយខ្ញុំ​នៅភ្នំពេញ​បណ្តោះ​អាសន្ន ដោយសារផ្ទះខ្ញុំហ្នឹងនៅលែង​កើត​ហើយ វាលិចខ្លាំងតែម្តង។ ហើយអ្នកខ្លះ​កូនៗ​អត់បាន​ទៅ​រៀន​ទេ​ ដោយសារទឹកលិចខ្លាំងធ្វើដំណើរអត់កើត។ បើអ្នកណា​អត់មាន​ផ្ទះបង​ប្អូននៅ​កន្លែង​គោក គឺទ្រាំរស់នៅក្នុងទឹកហ្នឹងតែម្តង»

អ្នកស្រី ម៉ម ចាន់ធារី រស់នៅភូមិអូរអណ្តូង១​ម្នាក់​ទៀត មានប្រសាសន៍​​​ថា ករណី​ក្រុម​ហ៊ុន​បូម​ខ្សាច់​ធ្វើ​ឱ្យជន់លិច​ផ្ទះ​ពលរដ្ឋនេះ គឺពលរដ្ឋ​​បានរាយការណ៍ទៅអាជ្ញាធរ​សង្កាត់ជាច្រើនដងហើយ ប៉ុន្តែរហូតពេលនេះ នៅតែពុំមានដំណោះស្រាយដដែល។

ពលរដ្ឋរូបនេះ បារម្ភខ្លាចកើតមានគ្រោះថ្នាក់ផ្សេងៗ ដូចជា បញ្ហា​សុខភាព ការឆក់​ខ្សែ​ភ្លើង និង​ក្មេងៗ​លង់ទឹក​ជាដើម។ អ្នកស្រីបានស្នើដល់អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងដោះស្រាយជូនពលរដ្ឋឱ្យបាន​ឆាប់។

អ្នកស្រីបន្ថែមថា៖ «យើងបារម្ភខ្លាចក្មេងៗ​តូចៗ​ វាលង់ទឹក និងអ្នកភៀស​ខ្លួន​ទៅ​នៅ​ផ្ទះ​បង​ប្អូន​អស់​ហើយខ្លាច​ឆក់ខ្សែ​ភ្លើង អ្នកខ្លះ​ខាតពេលរកស៊ី លក់អីក៏មិនកើតដែរ»

ចៅសង្កាត់ព្រែកប្រា លោក ងិន ធីរ៉ូ មានប្រសាសន៍ថា លោកបានចុះទៅពិនិត្យមើលរួច​ហើយ និង​កំពុង​ធ្វើការ​ដោះ​ស្រា​​យបណ្តើរៗ តាមរយៈការកាយ​បង្ហូរទឹកចេញពីភូមិវិញ។

វីអូឌី បានសួររកឈ្មោះក្រុមហ៊ុន និងគោលបំណង​នៃការបូមខ្សាច់លុប​បឹងនោះ ប៉ុន្តែចៅសង្កាត់រូបនេះ មិនប្រាប់​ឡើយ។

លោក​ថា៖ «យើងកំពុងរកវិធីសាស្ត្រដើម្បីបង្ហូរទឹកចេញឱ្យអស់។ ព្រឹកមិញនេះ យើងធ្វើបានមួយចំនួនហើយ ហើយយើងកំពុងរកវិធីថា នឹងត្រូវធ្វើយ៉ាងម៉េចទៀត ដើម្បីរំដោះទឹកនោះឱ្យអស់»

ក្រុម​អង្គការ​សិទ្ធិ​មនុស្សនិង​សិទ្ធិ​ដីធ្លី​ចំនួន​៤ រួម​​មាន អង្គការ​​លី​កាដូ បណ្ដាញ​យុវជន​កម្ពុជា អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សមាគម​ធាងត្នោត អំឡុងខែកក្កដា ឆ្នាំ​២០២០ បាន​ចេញរបាយការណ៍រួមមួយ ​ដោយ​​បង្ហាញ​ថា​ ជាង៩០ភាគរ​​យ​នៃ​បឹង​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាន​លុប ​បើសិនជា​ការ​អភិវឌ្ឍ​នៅតែ​បន្ត​កើតមានឡើង។

របាយការណ៍​ដដែល បន្ត​ថា គុណភាព​ជីវិត​របស់​ពលរដ្ឋ​ប្រមាណ​ពី១លាន​​ទៅ២លាន​នាក់ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ខេត្តកណ្ដាល និង​តាម​បណ្ដោយ​ច្រាំងទន្លេ​មេគង្គ និង​ទន្លេបាសាក់ អាច​នឹង​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​លុប​បឹង​ទាំងនេះ។

ចំណែករបាយការណ៍​​របស់​​អង្គការ​សមាគម​ធាងត្នោត ចេញផ្សាយ​កាលពី​​ចុ​ងឆ្នាំ​​២០១៩ បាន​បង្ហាញ​​ថា ចាប់​​តាំង​​ពី​ឆ្នាំ​​១៩៩០​​មក រដ្ឋាភិបាល​បាន​លុប​បឹង​ធម្មជាតិនៅ​ក្នុង​​រាជធានី​​ភ្នំពេញ អស់​ចំនួន​ ១៦​​បឹង​​ហើយ​។ ចំណែក​​បឹង​នៅសល់​ចំនួន១០​ទៀត កំពុង​ប្រឈម​កា​រចាក់​លុបដោយ​ផ្នែកៗជា​បណ្ដើរៗ។

របាយការណ៍នេះ លើកឡើងថា ការលុបបឹង​ទាំង​នោះ ​អាច​ធ្វើ​ឱ្យ​ក្រុងភ្នំពេញ​រង​ការគម្រាម​កំហែង ​ដោយគ្រោះទឹកជំនន់​ទាំង​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ជំនន់​ពី​ប្រព័ន្ធ​ទន្លេមេគង្គ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ