អាជ្ញាធរ​ថា ខ្លួន​កំពុង​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បូមខ្សាច់​មួយ​ធ្វើ​ឱ្យទឹកលិច​ផ្ទះ​ពលរដ្ឋ​នៅ​ព្រែកប្រា

សាឡង់បូមខ្សាច់នៅលើទន្លេបាសាក់ដែលដំណើរការបូមខ្សាច់ពីទីតាំងមួយជិតវត្តចាក់អង្រែលើ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ (ត្រាន់ តិចសេង)

អភិបាល​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​បាន​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះទៅ​ពិនិត្យ​មើល និង​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បូមខ្សាច់​មួយ បាន​ចាក់ដី​លុបបឹង​ ធ្វើ​ឱ្យ​ទឹកហៀរ​ចេញ​ជន់​លិច​ភូមិ​ និង​ផ្ទះ​សម្បែង​​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌច្បា​រអំពៅ។

កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​នេះ អ្នកភូមិ​ប្រមាណ ៤០នាក់ នាំគ្នា​ផ្តិត​មេដៃ និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាសង្កាត់​ព្រែក​ប្រា ដើម្បី​សុំឱ្យ​ចៅសង្កាត់ លោក ងិន ធីរ៉ូ ជួយ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​បូមខ្សាច់​ធ្វើ​ឱ្យ​លិច​ភូមិ និង​ផ្ទះសម្បែង​របស់​ពួកគេ។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​វីអូឌី​នៅថ្ងៃសុក្រ​នេះ​ថា ក្រោយ​ទទួល​បានព័ត៌មាន​នេះ​លោក​បាន​ឱ្យអភិបាល​ខណ្ឌ​ច្បារអំពៅ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យ និង​រកដំណោះស្រាយ​ជូន​ពលរដ្ឋ​ហើយ។

លោក​បន្ថែម​ថា៖ «យើង​កំពុង​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ ជូន​ពលរដ្ឋ​ហើយ អាជ្ញាធរ​ខណ្ឌ​គាត់បាន​ចុះ​ពិនិត្យ​នឹង​ធ្វើការងារ​នេះ​ជា​បណ្តើរ​ហើយ​ដែរ»

អ្នកស្រី ម៉ម ចាន់ធារី រស់​នៅភូមិ​អូរអណ្តូង១​ សង្កាត់ព្រែកប្រា ឱ្យដឹង​ថា រហូត​មក​ដល់​ម៉ោង ៣រសៀល​ថ្ងៃសុក្រ​នេះ គឺ​ពុំទាន់​ឃើញ​អាជ្ញាធរណា​ចុះទៅ​ដោះស្រាយ ឬ​បូមចេញ​ពី​ភូមិ​នៅឡើយ​ទេ ហើយ​ទឹក​បន្ត​ជន់លិច​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ពលរដ្ឋរូបនេះ លើក​ឡើង​ថា ករណី​ទឹកជន់​លិច​ភូមិ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋនេះ មាន​រយៈពេល​ជាង ៤​ខែ​ហើយ ហើយ​បាន​បង្ក​ផល​ប៉ះពាល់ដល់​ការ​រក​ទទួល​ទាន និងការរស់នៅរបស់ប្រជាពលរដ្ឋជាខ្លាំង។

អ្នកស្រីបន្ថែមថា៖ «មានបងប្អូនខ្លះ​ រត់ចោល​ផ្ទះហើយ អត់​អាច​នៅបាន​ទេ ពីព្រោះ​អត់​មាន​ឡៅតឿ​ដាំបាយ​​អត់កើត កូនតូចៗ​ទៀត ទឹកស្អុយ​ទៀត ហើយ​លូបង្គន់​ស្ទះ​ឡើង​មក​ បទជើងបទដៃ​អត់កើត អីចឹងនៅម៉េច​កើត។ មួយទៀតខ្លាចឆក់​ខ្សែ​ភ្លើង​ ព្រោះហ្វ្រីភ្លើងខ្លះ​នៅ​ទាប​ ទឹក​លិចវាអាចមានគ្រោះថ្នាក់»

ពលរដ្ឋរស់នៅ​ភូមិ​អូរអណ្តូង១​ម្នាក់​ទៀត លោក សេង យ៉ុម និយាយ​ថា គ្រួសារ​លោក​បាន​ចាកចេញ​ពី​ផ្ទះទៅ​នៅជា​មួយ​បងប្អូន​កន្លែង​ទីទួល​សុវត្ថិ​ភាព​ហើយ ​ដោយសារ​ផ្ទះ​របស់​លោក​លិចជ្រៅពេក​ មិន​អាច​រស់​នៅ​បាន។ លោកថា មានផ្ទះ​ពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ ដែល​បាន​ជន់លិច​ដោយសារ​ក្រុមហ៊ុន​បូមខ្សាច់​លប់​បឹង​នេះ។ លោកថា ករណី​ទឹកជន់​លិច​ភូមិ​នេះ បាន​ធ្វើឱ្យប្រជាពលរដ្ឋ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផងដែរ។

លោក​បន្ថែម​ថា៖ «ខ្ញុំបាន​រត់មក​នៅផ្ទះម៉ាក់​ក្មេក​ខ្ញុំ​៣​ថ្ងៃ​ហើយ​ ដោយ​សារ​ទឹក​លិច​ផ្ទះនៅ​អត់​កើត។ បង្គន់​អនាម័យ​អីលិច​អស់ ប្រើអត់​កើត​ទេ»

វីអូឌី មិន​អាច​សុំឆ្លើយតប​ពី​អភិបាល​ខណ្ឌ​ច្បារអំពៅ លោក ចេង មុនីរ៉ា និង​ចៅសង្កាត់​ព្រែកប្រា លោក ងិន ធីរ៉ូ បានទេ​នៅ​ថ្ងៃសុក្រ​នេះ។

ប៉ុន្តែ លោក ងិន ធីរ៉ូ ប្រាប់​វីអូឌី​កាលពី​ម្សិលមិញ​ថា លោកបាន​ចុះដោះ​ស្រាយ​ករណី​នេះ​តាំង​ពីថ្ងៃ​ម្សិលមិញ ដោយ​បានកាយ​បង្ហូរ​ទឹក​ចេញ​ពី​ភូមិ​ជា​បណ្តើរៗ។

ប្រធាន​កម្មវិធី​នៃ​សមាគម​ធាងត្នោត លោក ឯម ខេមរ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ត្រូវ​ពិនិត្យមើល​អាជ្ញាប័ណ្ណ នៃ​ការ​បូម​ខ្សាច់​របស់​ក្រុម​ហ៊ុន ថា​តើ​ការ​បូមខ្សាច់​របស់​ក្រុមហ៊ុន​នេះ ​មានច្បាប់​អនុញ្ញាត​ដែរ​ឬ​ទេ និង​ត្រូវ​ដោះស្រាយ​ផលប៉ះពាល់​ជូន​ពលរដ្ឋ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​បន្តរង​ទុក្ខ​លំបាក​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ លើក​ឡើង​ថា ការ​លប់បឹង​នា​ពេលកន្លង​មក បាន​ធ្វើឱ្យបាត់បង់​កន្លែងស្តុកទឹក និងមាន​ការជន់លិច​ទីក្រុង​កាន់​តែ​ខ្លាំង រួម​ទាំង​ធ្វើឱ្យបាត់បង់​ប្រភព​ចំណូល​របស់ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជុំវិញ​បឹង​ផង​ដែរ។

លោក​បន្ថែម​ថា៖ «អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ឆ្លើយតប ឬ​រកវិធី​សាស្ត្រក្នុង​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទៅ​តាមច្បាប់​ ដើម្បី​ឆ្លើយ​តប​ទៅ​ហ្នឹង​ផលប៉ះពាល់​នានា​របស់​ប្រជាពលរដ្ឋ ដែល​បណ្តាលមក​ពី​ការបូម​ខ្សាច់​នេះ។ ហើយ​អាជ្ញាធរ និងក្រុមហ៊ុន គួរតែ​ពិនិត្យមើល​លើ​លទ្ធភាព នៃ​ការផ្តល់​ជាសំណង​ផ្នែក​សង្គម​ជូន​ពលរដ្ឋដែល​ប៉ះពាល់ ដោយសារ​ការ​លិចទឹក​ហ្នឹង»

របាយការណ៍​​របស់​​អង្គការ​សមាគម​ធាងត្នោត ចេញផ្សាយ​កាលពី​​ចុ​ងឆ្នាំ​​២០១៩ បាន​បង្ហាញ​​ថា ចាប់​​តាំង​​ពី​ឆ្នាំ​​​១៩៩០​​​មក រដ្ឋាភិបាល​​បាន​លុប​បឹង​ធម្មជាតិនៅ​ក្នុង​​រាជធានី​​ភ្នំពេញ អស់​ចំនួន​ ១៦​​បឹង​​ហើយ​។ ចំណែក ​​បឹង​នៅសល់​ចំនួន ១០​ទៀត កំពុង​ប្រឈម​កា​រចាក់​លុបដោយ​ផ្នែកៗជា​បណ្ដើរៗ។ របាយការណ៍នេះ លើកឡើងថា ការលុបបឹង​ទាំង​នោះ ​អាច​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ ​រង​ការគំរាម​កំហែង ​ដោយគ្រោះទឹកជំនន់​ទាំង​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ជំនន់​ពី​ទន្លេមេគង្គ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ