គ.ជ.ប សម្រេច​លើស​ផែនការ​សម្រាប់​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​បើ​​ធៀប​​នឹង​​បញ្ជី​ឈ្មោះ​ឆ្នាំ២០២០​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មន្រ្តីនាំ​ពាក្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ឱ្យ​ដឹង​ថា ចំនួន​អ្នក​ចុះ​ឈ្មោះ និង​អ្នកមក​ពិនិត្យ​បញ្ជី​ឈ្មោះ ​សម្រាប់​ការ​បោះឆ្នោត​​ឆ្នាំ២០២២ គឺ​មាន​សន្ទុះ​ជាង​ឆ្នាំចាស់ ដែល​នាំ​ឱ្យដំណើរការ​រៀបចំ​បញ្ជី​ឈ្មោះបោះឆ្នោត​ថ្មីនេះ​ លើស​ពី​ផែនការ​ដែល​បាន​គ្រោង​ទុក។

យោងតាម​ប្រតិទិនដែលចេញ​ដោយ គ.ជ.ប បញ្ជាក់ថា ការចុះឈ្មោះ និង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២១នេះ នឹងត្រូវ​បិទ​បញ្ចប់​នៅទូទាំង​ប្រទេស នាថ្ងៃទី៣០ ខែវិច្ឆិកា​ ខាង​មុខ​នេះ។

មន្រ្តី​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​នៅ​ថ្ងៃសុក្រ​នេះថា ថ្វីត្បិត​ស្ថាប័ន​ជាតិ ដែល​រៀបចំការ​បោះឆ្នោត​មួយ​នេះ មិនទាន់​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​ក្តី សម្រាប់​តួលេខ​បណ្តោះអាសន្ន ដែល​ គ.ជ.ប ទទួល​បាន គឺ​មាន​ចំនួន​ជិត​ទ្វេដង គិត​ត្រឹម​ថ្ងៃទី១៨ ខែវិច្ឆិកានេះ បើធៀបនឹង​ឆ្នាំមុន។

លោក​បន្ថែម​ទៀត​ថា លទ្ធផល​ដែល​សម្រេច​បាន​លើស​ពី​ផែនការ ដែល​បាន​គ្រោង​ទុក​នេះ មាន​ន័យ​ថា អង្គបោះឆ្នោត​មាន​ទំនុក​ចិត្ត​ខ្ពស់ ចំពោះ​ស្ថាប័ន គ.ជ.ប។

លោកបន្តថា៖ «ខ្ញុំ​សូម​ជម្រាប​ថា លទ្ធផល​បណ្តោះអាសន្ន​នៅក្នុង​បញ្ជី​បោះឆ្នោត​នៅឆ្នាំ២០២១នេះ បាន​កើន​ដល់ ៩លាន​១៣​ម៉ឺន​៤ពាន់​៩៩២នាក់ (៩ ១៣៤ ៩៩២នាក់) ហើយ​បើគិត​ជា​ភាគរយ​ស្មើ​និង ៨៧,៣១% នៃ​ចំនួន​ប្រជាពលរដ្ឋដែល​មាន​អាយុចាប់​ពី​១៨ឆ្នាំ​ឡើង ដូច្នេះ​បញ្ជីបោះ​ឆ្នោត​ឆ្នាំ​២០២១នេះ នឹង​កើន​លើស​ឆ្នាំ២០២០​ហ្នឹង ចំនួន​២,២៥%»

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ទន្ទឹម​នឹង​ភាពជោគជ័យ​នេះ គ.ជ.ប ក៏​ជួប​ឧបសគ្គច្រើន​ណាស់ដែរ ក្នុងពេល​ដាក់​ឱ្យ​អនុវត្តផែនការ សម្រាប់​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ។ បើតាម​អ្នក​នាំពាក្យរូប​នេះ អ្វីដែល​ជា​ឧបសគ្គនោះ គឺ​ក្រៅពី​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ជំងឺកូវីដ-១៩ ហើយកត្តាអាកាស​ធាតុ និង​បញ្ហាបច្ចេកទេស ក៏ជា​មូលហេតុ​ដែល​នាំ​ឱ្យ​រាំងស្ទះដល់​ដំណើរការនេះដែរ។

សម្រាប់​ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់​លើក​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត សម្រេច​ប្រើពេល​យូរ រហូត​ដល់​៥០ថ្ងៃ ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះបោះឆ្នោត។

តែយ៉ាងណា លោក ហង្ស ពុទ្ធា​ ចាត់ទុក​ករណី​នេះ​ថា ជាការ​ដាក់​ឱ្យ​អនុវត្តច្រើន​ថ្ងៃ ដែល​ពុំ​ធ្លាប់មាន​ ខណៈការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពី៤អាណត្តិ​កន្លង​ទៅ​នេះ គ.ជ.ប ដាក់​ឱ្យអនុវត្ត​ត្រឹមតែ ២០ថ្ងៃ​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិការ​អង្គការ​និចហ្វិក ដែល​ឃ្លាំមើល​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា​ លោក សំ គន្ធាមី សាទរ​ចំពោះ​លទ្ធផល​បណ្តោះ​អាសន្ន ដែលគ.ជ.ប ទទួល​បាន​នៅពេល​នេះ។ ប៉ុន្តែ លោកថា គេនៅ​មិនទាន់​អាច​ប៉ាន់ប្រមាណបាន​នៅ​ឡើយទេ ​អំពី​លទ្ធផល​ធំ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​លទ្ធផល​នៅ​ក្រោយ​ការ​បោះឆ្នោតសិន​ ទើបអាច​វាយតម្លៃបាន​ថា ការ​ប្រព្រឹត្តទៅ​នៃដំណើរ​ការ​រៀបចំ​ការបោះ​ឆ្នោត​នេះ មាន​ផលវិជ្ជមាន​បែប​ណា​ខ្លះ។

លោកបន្តថា៖ «សម្រាប់​ការ​បោះឆ្នោត​ឆ្នាំក្រោយ​នេះ ក៏យើង​មិនទាន់​ថា​វាយតម្លៃ​នៅ​ឡើយទេ។ នេះគ្រាន់​តែជាការ​ចុះឈ្មោះ​បោះឆ្នោត​ទេ។ ចំណែក ការបោះឆ្នោត​ជារឿង​ផ្សេង​មួយទៀត»

បើ​តាម​អ្នកនាំ​ពាក្យ គ.ជ.ប គិតត្រឹម​ថ្ងៃទី១៨ ខែវិច្ឆិកា​នេះ មាន​អ្នក​សង្កេតការណ៍​ជាតិ​ជាង ៤ ០០០​នាក់ ដែល​មកពី​អង្គការ​សមាគម​ចំនួន​ ១៥​ស្ថាប័ន និង​ភ្នាក់ងារ​សង្កេតការណ៍ពីខាង​គណបក្ស​នយោបាយ​ចំនួន​ជាង ៥ ៥០០​នាក់ មកពី​គណបក្ស​ចំនួន៨ បាន​ចុះឈ្មោះ​សង្កេតការណ៍​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០២២​ ខាង​មុខ​នេះ។

ឆ្លើយតប​នឹងការ​រិះគន់​កន្លង​មក ដែល​ថា ស្ថាប័ន គ.ជ.ប មិន​អាច​ជឿទុក​ចិត្ត​បាន និង​មិន​មានភាព​ឯករាជ្យ បើ​ធៀប​នឹង​ គ.ជ.ប កាលពី​មុន​ឆ្នាំ២០១៧ នោះ លោក ហង្ស ពុទ្ធា អះអាង​ថា ក្តីកង្វល់​នោះវា​ស្ថិត​នៅ​ខាង​ក្រៅ​​នៃ​បញ្ហា ហើយ​ផ្ទុយទៅ​វិញ គ.ជ.ប បាន​អនុវត្ត​អព្យាក្រឹត្យភាព​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ច្បាប់​ដែល​មាន​ជា​ធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ