អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀតបញ្ជូន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​

អ្នកស្រី ឡាញ់ ថាវរី ជាមេឃុំជាប់ឆ្នោតមកពីអតីតគណបក្សសង្រ្គោះជាតិ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងពេលចុះឃោសនាបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧។ (រូបភាព៖ ហ្វេសប៊ុក SUNTV)

អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ខ្លួន​មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃទី២០ ខែវិច្ឆិកានេះ បន្ទាប់​ពី​អតីត​សកម្មជន​បក្សប្រឆាំង​រូបនេះ បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រភព​ពី​ប្រធាន​ប្រតិបត្តិ​ខេត្តស្វាយរៀង​មក​ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ម៉ៅ វិបុល ប្រាប់​វីអូឌី​នៅថ្ងៃសៅរ៍​នេះ​ថា អាជ្ញាធរ​កម្ពុជា​បាន​សហការជា​មួយ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​អ្នកស្រី ឡាញ់ ថាវរី កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក​បន្តថា ក្រោយ​ពី​ឃុំខ្លួន​អ្នកស្រី ឡាញ់ ថាវរី មួយ​យប់ អ្នកស្រី​ត្រូវ​បាន​អាជ្ញាធរថៃ​បញ្ជូន​មក​ឱ្យ​កម្ពុជាវិញ​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ម៉ៅ វិបុល ចាត់ទុក​ការ​ចាប់ខ្លួន​អតីត​សកម្មជន​បក្សប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅប្រទេស​ថៃ​នាពេល​នេះ​ថា ជាការ​បំបាក់​ស្មារតី​ពួកគាត់​ដែល​នៅ​តែ​បន្តរិះគន់​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

លោកថា៖ «ទោះបី​យ៉ាងណា​ក៏ដោយ ក៏​សកម្មជន​នៅ​តែ​តស៊ូ​ មិនបាក់​ទឹកចិត្ត​នឹង​ក្រុម​លោក ហ៊ុន សែន ​ធ្វើ​របៀប​ទាំង​កម្រោល​ហើយ​សហការ​ជាមួយ​ម្ចាស់​ហត្ថលេខី​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ពាក់ព័ន្ធ​នឹង​ជនភៀស​ខ្លួន UNHCR ប៉ុន្តែ​មិន​បាន​ការពារ​អ៊ីចឹង យើង​ព្រួយ​បារម្ភ។ រឿងទាំង​នេះ យើង​មើលទៅ​របប​លោក ហ៊ុន សែន ទោះបី​បំបាក់​ប៉ុណ្ណា​ក៏​ដោយ ក៏​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ហើយ​ហ្នឹង​ថ្នាក់​ដឹកនាំ​ជាពិសេស​មេឃុំ​ចៅសង្កាត់​ក៏គាត់​មិនមាន​ការ​តក់ស្លុត​នៅតែ​ខំប្រឹង​ប្រែង ទោះបី​យ៉ាង​ណា យើង​នៅតែ​ខំការពារ​សិទ្ធិសេរីភាព​របស់​យើង»

ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​នៅខេត្តកំពង់ចាម​មក​ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុងភៀស​ខ្លួន​នៅ​ប្រទេស​ថៃ អ្នកស្រី គិន ស្រីអូន បាន​ឱ្យដឹង​ដែរ​ថា ការ​ចាប់​ខ្លួន​អ្នកស្រី ឡាញ់ ថាវរី ធ្វើឡើងពីរថ្ងៃ បន្ទាប់ពី​អ្នកស្រី​បាន​ដើរ​ប្រមូល​ស្នាមមេដៃ​ពលករ​នៅម្ដុំផ្ទះជួល​របស់​គាត់ ដើម្បី​ប្រឆាំង​នឹង​ការ​លក់​ឡៃឡុង​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ។ អ្នកស្រី​បន្តថា អាជ្ញាធរថៃបាន​ទៅចាប់​ខ្លួន​អ្នកស្រី ឡាញ់ ថាវរី នៅម៉ោង ២ រសៀល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ជាមួយពលរក​ម្នាក់​ទៀត ប៉ុន្តែ​ពលករ​ម្នាក់​ដែល​ត្រូវ​ចាប់​ជា​មួយ​នោះ សមត្ថកិច្ច​បាន​ដោះលែង​វិញ លើកលែង​អ្នកស្រី ឡាញ់ ថាវរី ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកស្រី៖ «រយៈ​ពេល​កន្លង​មក គាត់​ធ្លាប់​ឡាយ​វីដេ​ អូ (Live) និយាយ​រឿង​នយោបាយ ហើយ ២ទៅ​៣ថ្ងៃនេះ គាត់​ធ្វើសកម្មភាព​នៅបន្ទប់​ផ្ទះជួល​ដូចថា បងប្អូន​ខ្មែរ​គាត់​មក​រកស៊ី និង​ធ្វើការ​នៅថៃ ក្នុង​ខេត្តស្រះកែវ ស្រុក​អារ៉ាញ់ អ៊ីចឹង​ឱ្យខ្មែរៗ​យើង​ហ្នឹង គាត់​ជួយ​ផ្ដិតមេដៃ​ដាក់​ឈ្មោះ ដាក់អី ជួយ​គាំទ្រ​ការពារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ កុំឱ្យ​គេលក់​ឡៃឡុង​ហ្នឹង។ គាត់​ធ្វើសកម្មភាព​គឺចាប់​ពី​ថ្ងៃទី១៧ ដល់ថ្ងៃទៅទី១៩ គេ​ទៅចាប់​គាត់​តែ​ម្ដង»

វីអូឌី​នៅមិន​អាច​សុំការ​បញ្ជាក់​ពី​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​នៅ​ឡើយ​ទេនៅ​ថ្ងៃសៅរ៍នេះ។

អ្នកស្រី ឡាញ់ ថាវរី ជាមេឃុំ​ជាប់ឆ្នោត​មកពី​អតីត​គណបក្ស​សង្រ្គោះជាតិ ឃុំ​ឬស្សី​ក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និង​ជាជនភៀស​ខ្លួន​នយោបាយ​នៅ​ប្រទេស​ថៃ បន្ទាប់​ពីតុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ២០១៧។ នេះជាលើក​ទី២​ហើយ ដែល​អាជ្ញាធរ​ចាប់ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​កំពុងភៀស​ខ្លួន​នៅក្នុង​ប្រទេស​ថៃ បញ្ជូន​មក​កម្ពុជា​វិញ បន្ទាប់​ពី​ការ​ចាប់ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ពីរ​នាក់ គឺលោក វឿន វាសនា និងលោក វឿង សំណាង  កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ