សមត្ថកិច្ច​មូលដ្ឋាន​ថា​កំពុង​ស៊ើប​អង្កេត​រក​ឃាតករ​ដែល​សម្លាប់​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់

គ្រូពេទ្យគ្លីនិកឯកជនមួយកន្លែង កំពុងដេរមុខរបួសឱ្យជនរងគ្រោះឈ្មោះ ស៊ិន ខុន ក្រោយលោករងរបួសដោយត្រូវជនមិនស្គាល់មុខមានគ្នា៤នាក់ព្រួតវាយបណ្ដាលឱ្យរងរបួស ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

សមត្ថកិច្ចមូលដ្ឋាននៅខណ្ឌជ្រោយចង្វារអះអាងថា មន្ត្រីជំនាញកំពុងស្រាវជ្រាវរកឃាតករដែលបានកាប់យុវជនជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗ ​នៅម្តុំវត្តចាស់ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។  ​

នាយនគរបាលប៉ុស្តិ៍សង្កាត់ជ្រោយចង្វារ លោក ចាន់ ប៊ុនធឿន មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា  តាមការស៊ើបអង្កេតបឋមសមត្ថកិច្ចរកឃើញថា សកម្មជនអតីតគណបក្សសង្គ្រោះ ឈ្មោះ ស៊ិន ខុន ត្រូវជនល្មើសយកកាំបិតផ្គាក់កាប់ប្រហែល៧កាំបិត ត្រូវកញ្ចឹងក  ខ្នង និងជើង បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ លោកថា អំពើឃាតកម្មនេះកើតឡើង ស្ថិតនៅមុំវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល១យប់ ថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២១  ទំនងជាផ្តើមចេញពីរឿងគំនុំ។

លោក ចាន់ ប៊ុនធឿន បញ្ជាក់ថា សពត្រូវបានរក្សាទុកនៅក្នុងវត្តចាស់ ហើយនៅព្រឹកថ្ងៃអាទិត្យនេះ សមត្ថកិច្ចចម្រុះបានចុះធ្វើកោសល្យវិច័យសព និងប្រមូលភស្តុតាង សាក្សី ដែលឃើញហេតុការណ៍ផ្ទាល់ ដើម្បីស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។

លោកមានប្រសាសន៍ថា៖ « យើងអត់ដឹងពីអត្តសញ្ញាណអ្វីនៅឡើយ ខាងជំនាញព្រហ្មទណ្ឌកំពុងចុះមកស្រាវជ្រាវរកជនល្មើស ឥឡូវយើងអត់អាចសន្និដ្ឋានភ្លាមៗបានទេ ទុកឱ្យខាងជំនាញធ្វើការងារហ្នឹងសិន»។

ព្រះតេជគុណ ណុប វណ្នី គង់នៅ«វត្តពោធិយារាម» ហៅ«វត្តចាស់» មានថេរដីកា​ថា ជនរងគ្រោះស្នាក់នៅក្នុងវត្តជាមួយព្រះអង្គ និងធ្វើការនៅហាងលក់​សម្ភារសំណង់មួយកន្លែង។ ព្រះអង្គមានសង្ឃដីកាថា មុនពេលកើតហេតុឈ្មោះ ស៊ិន ខុន និងមិត្តភក្តិដែលជាកូនសិស្សព្រះសង្ឃនៅវត្តចាស់២ទៅ៣នាក់ នាំគ្នាអង្គុយផឹកស្រានៅមាត់ទន្លេទប់មុខវត្ត រហូតដល់ម៉ោងជិត១យប់ ។

ក្រោយពីផឹកស្រារួច ស៊ិន ខុន និងមិត្តភ័ត្ត នាំគ្នាចូលវត្តវិញ ប៉ុន្តែនៅពេលមកដល់មុខវត្ត ត្រូវក្រុមជនល្មើសមានគ្នាប្រហែលជា៣នាក់ ក្នុងនោះមានមួយនាក់យកកាំបិតផ្គាក់កាប់លើ ស៊ិន ខុន បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ  រួចរត់គេចខ្លួនតែម្តង។

ព្រះអង្គមានថេរដីកាបន្តថា ស៊ិន ខុន ជាមនុស្សស្លូតបូត រួសរាយ មិនដែលមានជម្លោះជាមួយអ្នកណាទេ ។ ប៉ុន្តែព្រះអង្គសង្ស័យថា ការកាប់សម្លាប់ ស៊ិន ខុន ទំនងកើតចេញពីរឿងនយោបាយច្រើនជាងរឿងគំនុំផ្ទាល់ខ្លួន ត្បិតលោក ស៊ិន ខុន ធ្លាប់ត្រូវបានជនមិនស្គាល់មុខលួចវាយត្រូវក្បាលបណ្តាលឱ្យរបួសធ្ងន់ម្តងហើយ ដោយសារសរសេរសាររិះគន់ថ្នាក់ដឹកនាំបក្សកាន់អំណាចនៅលើបណ្តាញសង្គមកាលពីពេលកន្លងមក​។

ទោះជាយ៉ាងណា ព្រះអង្គបិណ្ឌបាតដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធត្រូវ​ស្រាវជ្រាវរកឃាតករ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ។

ព្រះអង្គបិណ្ឌបាតដូចនេះថា៖ «សូមឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនដៃដល់ ព្រោះវាយគ្នាពីរដងហើយ។ លើកមុននោះស្ងាត់បាត់ឈឹងទៅ លើកនេះវាយគ្នាឱ្យស្លាប់ យុត្តិធម៌មិនមានដល់ ស៊ិន ខុនទេ  ។ ត្មានសង្ឃឹមថា ប៉ូលិសនឹងដោះស្រាយ ស៊ើបអង្កេតរកឃាតករ ដើម្បីយកមកផ្តន្ទាទោស»។

បន្ថែមពីនេះ ព្រះអង្គមានថេរដីកាថា សពរបស់ ស៊ិន ខុន ត្រូវតម្កល់ទុកនៅវត្តចាស់ ដើម្បីទុកឱ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ និងទុកឱ្យឪពុកម្តាយ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានរឿងនេះ អះអាងថា កន្លងមកជនរងគ្រោះធ្លាប់ដាក់ពាក្យប្តឹងទៅសមត្ថកិច្ចម្តងរួចមកហើយ ពាក់ព័ន្ធនឹងជនល្មើសប្រើហិង្សាលើលោក ស៊ិន ខុន បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។  ប៉ុន្តែសមត្ថកិច្ចមិនទាន់ចាប់ជនល្មើសមកផ្តន្ទាទោសនៅឡើយ។ លោកថា  ករណីនេះជាការធ្វេសប្រហែសរបស់សមត្ថកិច្ច ដែលបណ្តែតបណ្តោយឱ្យជនល្មើសតាមសម្លាប់ជនរងគ្រោះរហូតដល់ស្លាប់។

មន្ត្រីសង្គមស៊ីវិលរូបនោះយល់ថា បើអាជ្ញាធរពាក់ព័ន្ធមិនស្រាវជ្រាវចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ទេ នឹងធ្វើឱ្យសេរីភាពបញ្ចេញមតិធ្លាក់ចុះ  ហើយធ្វើឱ្យមានវប្បធម៌និទណ្ឌភាពបន្តកើតឡើងនៅកម្ពុជា។

លោកយល់ដូចនេះថា៖ «ជាការគំរាមកំហែងធ្ងន់ធ្ងរមួយដែលសម្រាប់អ្នកបញ្ចេញមតិតាមបណ្តាញសង្គមជាពិសេសអ្នកដែលរិះគន់ចំពោះទង្វើផ្សេងៗរបស់មន្ត្រី ឬថ្នាក់ដឹកនាំបក្សកាន់អំណាច។ បើសិនជាករណីនេះសមត្ថកិច្ចមិនស្វែងរកជនដែលប្រព្រឹត្តមិនឃើញ វានឹងធ្វើឱ្យអ្នកប្រព្រឹត្តបន្តប្រព្រឹត្តរឿងបែបនេះទៀត ដោយសារពួកគេមិនខ្លាចច្បាប់»។                                                                                          

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស៊ិន ខុន អាយុ៣១ឆ្នាំ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខចំនួន៤នាក់ព្រួតគ្នាវាយដោយដំបងដែក បណ្តាល​ឱ្យរងរបួសត្រង់ក្បាល លើចិញ្ចើមខាងឆ្វេង និងដៃខាងឆ្វេង ហូរឈាម​ស្រោ​ចខ្លួន  ស្ថិតនៅសង្កាត់ជ្រោ​យចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ខណៈសំណុំរឿងហិង្សាទៅលើអតីតសកម្មជនរូបនេះនិងមន្ត្រីបក្សប្រឆាំងមុនៗ មិនទាន់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានរកឃើញជនល្មើសមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។

ក្រោយប្រើហិង្សា អតីតយុវជនបក្សប្រឆាំង លោក ស៊ិន ខុន  ធ្លាប់អះអាងថា  ករណីហិង្សាទៅលើរូបលោកនេះ គឺពាក់ព័ន្ធនឹងការគំរាមកំហែងផ្នែកន​យោបា​យ ដោយសារលោកគ្មានជម្លោះឬជំពាក់បំណុលជាមួយអ្នកណាទេពីមុនមក​ ប៉ុន្តែលោកឧស្សាហ៍បង្ហោះរឿងនយោបាយលើបណ្តាញ​ស​ង្គម និងបានចុះចែកអំណោយដល់ពលរដ្ឋខ្វះខាត​ដោយសារវិធានបិទខ្ទប់ជាដើម ។

កាលពីថ្ងៃទី២៧ ខែមេសា កុមារាម្នាក់ឈ្មោះ កាក់ សុវណ្ណច្ឆ័យ វ័យ១៥ឆ្នាំ ដែលជាកូនប្រុសបង្កើតរបស់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ លោក កាក់ កុម្ភារៈ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋគប់លើបណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ ពេលកំពុងជិះម៉ូតូដឹកម្តាយត្រឡប់ពីទិញដំឡូងក្បែរផ្ទះ ក្នុងសង្កាត់​បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយករណីនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ