លោក កឹម សុខា ​ថា​សម្ព័ន្ធភាព​រូប​លោក​និង​លោក​ សម​ រង្ស៊ី​ ​មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ

លោក ចាន់ ចេន មេធាវីការពារក្តីឱ្យលោក កឹម សុខា (ឆ្វេង)និងលោក កឹម សុខា (កណ្ដាល) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានលើក​ឡើងថា តាមរយៈសកម្មភាព​លោក សម រង្ស៊ី និងសហការីរបស់ខ្លួនកន្លងមក ពិសេសសកម្មភាពថ្មីៗនេះ បានបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ត្បិតសកម្មភាពទាំងអស់នោះមិនមានការគាំទ្រ ឬ ជាជំហររបស់លោកឡើយ។

​ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បង្ហោះសារនៅថ្ងៃទី២៨ ខែវិច្ឆិកានេះថា មួយរយៈកាលចុងក្រោយនេះ លោក សម រង្ស៊ី និងសហការីនៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញាតិ ឬគាំទ្រពីរូបលោកនោះទេ ។

លើសនេះលោកបញ្ជាក់ថា  លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ហើយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះ បានត្រឡប់ទៅគាំទ្រដោយចំហរ ឬពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។

លោកកឹម សុខា បញ្ជាក់ថា៖ « ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់ខ្ញុំឡើយ»។

លោក កឹម សុខា បន្តថា  «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ»។

​មនុស្សស្និទ្ធ និងជាអតីតនាយកខុទ្ទកាល័យលោក កឹម សុខា គឺ លោក មុត ចន្ថា បញ្ជាក់ថាលោកនៅចំការ មិនបានដឹងរឿងនេះទេ។ ដោយឡែកសហមេធាវីរបស់អតីតមេបក្សប្រឆាំងរូបនេះ រួមមាន  អ្នកស្រី ម៉េង សុភាវី និងលោក ផែង ហេង ថាជាប់រវល់ ខណៈលោក ចាន់ ចេន មិនអាចទាក់ទងបានទេនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ។

វីអូឌីបានព្យាយាមទាក់ទងទៅ​អតីតប្រធានគណបក្សសង្រ្គោះជាតិ​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​គណបក្សប្រឆាំងមួយនេះ​តាមបណ្តាញសង្គមហ្វេសប៊ុកឆាត ប៉ុន្តែមិនមានការឆ្លើយតប​​ឡើយ​​​នៅថ្ងៃអាទិត្យនេះ។

យ៉ាងណាក្តី ក្នុងសេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដែរថា ក្រុម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) ក៏បានអំពាវនាវ​ដល់​លោក សម រង្ស៊ី និង​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ឱ្យ​បញ្ឈប់ការ​យក​ឈ្មោះ ​និង​រូបភាព​របស់​លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​បំភ័ន្ត និង​បិទ​បាំង​ទង្វើ​ទុច្ចរិត ដើម្បី​កេងចំណេញ​ប្រយោជន៍​បុគ្គល និង​បក្ខពួក​របស់​ខ្លួន​ជា​បន្តបន្ទាប់ផងដែរ។

សេចក្តីថ្លែងការណ៍​ដដែលក៏បាន​ចោទ​ប្រកាន់​ លោក សម រង្ស៊ី និង​ក្រុមគាំទ្រ​របស់​លោកថាបានចាក​ចេញ​ទៅ​បង្កើត​ចលនា​ខុស​ច្បាប់ លើក​បន្តុប​តួនាទី​ខ្លួន​ឯង បាន​ប្រមាថ​ព្រះមហាក្សត្រ ​និង​ពេលថ្មីៗ​នេះ​បាន​ប្រកាស​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង ដែល​បញ្ជាក់​ឱ្យ​ឃើញកាន់​តែ​ច្បាស់ នូវ​ទង្វើ​ប្រាស​ចាក និង​ដើរ​ផ្ទុយពី​ស្មារតី​ដើម នៃ​ការ​រួបរួម​ជាមួយ​លោក កឹម សុខា តទៅ​ទៀត​ហើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ក្រុមអតីតអ្នកគាំទ្រលោក សម រង្ស៊ី និងសហការី និងអ្នកវិភាគមួយចំនួន ដែលធ្លាប់តែនិយាយក្តែងៗថា លោក សម រង្ស៊ី និងលោកកឹម សុខា ជាមនុស្សតែមួយ មិនពិតទេ។

នៅពេលសួរថា នេះជាការជោគជ័យរបស់គណបក្សកាន់អំណាច ក្នុងការផ្តួលដៃគូប្រកួតរបស់ខ្លួនដែរឬទេ? លោកឆ្លើយយ៉ាងខ្លីថា ការបែកបាក់ផ្ទៃក្នុងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា គ្រាន់តែជាផ្នែកតួចមួយរបស់គណបក្សកាន់អំណាចក្នុងការចំណេញផ្នែកនយោបាយ ដោយថាការជោគជ័យរបស់គណបក្សកាន់អំណាចផ្តើមចេញជាចម្បងធំៗនោះ ស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សទៅវិញ។

លោកមានប្រសាសន៍ថា«គណបក្សប្រជាជនអត់ចង់បានដៃគូប្រកួតដែលបែកបាក់គ្នា យកមកធ្វើជាការជោគជ័យរបស់ខ្លួនឯងទេ ជោគជ័យរបស់គណបក្សគឺកើតចេញពីស្នាដៃនិងគុណសម្បត្តិរបស់គណបក្សប្រជាជនដោយខ្លួនឯង មិនមែនដោយសារការបែកបាក់របស់ដៃគូប្រកួតទេ ក៏ប៉ុន្តែក៏វាចូលរួមចំណែកនៃការផ្តល់ការជោគជ័យឱ្យគណបក្សប្រជាជនកម្ពុជាដែរ»។

យ៉ាងណា អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា  គាត់ហាក់នៅមានមន្ទិលសង្ស័យដែលហ្វេសប៊ុករបស់លោក      កឹម សុខា បង្ហោះសារថា លោក សម រង្ស៊ី និងលោក កឹម សុខា មិនមែនជាមនុស្សតែមួយ ត្បិតលោកថាសារនេះអាចអ្នកកាន់ផេករបស់លោកជាអ្នកផុស  ព្រោះគាត់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការមិនអាចនិយាយបែបនេះនោះទេ ។

ប៉ុន្តែលោកថា បើសិនជាលោក កឹម សុខា សរសេរសារថា លោកនិងលោក សម រង្ស៊ី ពិតជាមិនមែនជាមនុស្សតែមួយមែន មិនសមហេតុផលនោះទេ ដោយថាលោក កឹម សុខា ជាប្រធានអតីតគណបក្សសង្គ្រោះជាតិ ហើយមិនបានប្រកាសលាលែងពីបក្សនោះទេ ។

ករណីនេះលោកថា ការបែបបាក់គ្នារវាងលោក សម រង្ស៊ី និងលោក កឹម សុខា នេះ ជាសញ្ញាល្អ ឬជាការជោគជ័យរបស់គណបក្សកាន់អំណាចទៅវិញ ។

លោកមានប្រសាសន៍ថា«បើយើងមើលមុំល្បែងនយោបាយ សេចក្តីប្រកាសនេះជាការជោគជ័យរបស់គណបក្សកាន់អំណាច ក្នុងការបំបែកលោក សម រង្ស៊ី  និងលោក កឹម សុខា ចេញពីគ្នា ប៉ុន្តែគ្រាន់តែលោក កឹម សុខា ដើរតួចេញមុខប្រកាសឱ្យគណបក្សកាន់អំណាចតែប៉ុណ្ណោះ»។

សម្ព័ន្ធភាពសម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ត្រូវបានបង្កើតឡើងក្រោយពេលគណបក្សប្រឆាំងធំពីរនៅកម្ពុជា គឺ គណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី  និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា បានសម្រេចច្របាច់បញ្ចូលគ្នា បង្កើតជាគណបក្សសង្រ្គោះជាតិឡើង កាលពីឆ្នាំ២០១២នៅទីក្រុងម៉ានីល ប្រទេសម៉ាឡេស៊ី។ គណបក្សសង្រ្គោះជាតិពេលនោះ សម្រេចតែងតាំងលោក សម រង្ស៊ី ជាប្រធានបក្ស ហើយលោកកឹម សុខា ជាអនុប្រធាន ហើយរូបភាពចាប់ដៃគ្នារវាងថ្នាក់ដឹកនាំទាំងពីរដោយបញ្ជាក់ពីជំហរ សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយក៏ត្រូវបានប្រើរហូតមក។

​​ក្រោយ​ពី​ការ​ចាប់​ដៃ​គ្នា​បង្កើត​ទៅ​ជា​គណបក្ស​សង្រ្គោះ​ជាតិ​ពេលនោះ គណបក្ស​ប្រឆាំង​ធំមួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​រហូត​ដល់​៥៥​អាសនៈ​នៃ​លទ្ធផល​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ និងទទួលបាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជាង​៥​ពាន់​អាសនៈ និង​មេឃុំ ចៅ​សង្កាត់​ជិត​៥​រយ​នាក់ ពោល​គឺជា​ចំនួន​ស្មើ​​​ជិត​ពាក់​កណ្តាល​នៃ​អាសនៈ​សរុប​ទូ​ទាំង​ប្រទេស អំឡុងពេលលោកកឹម សុខា ​ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិពេលនោះ។

៣​ខែ​ក្រោយ​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ​នាពេលយប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៧ លោក កឹម សុខា ​ ត្រូវ​បាន​សមត្ថកិច្ច​​ចូល​ចាប់​ខ្លួន​ យក​ឃុំ​​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្រោម​បទ​ចោទពីលោក ហ៊ុន សែន ​ថា ក្បត់​ជាតិ។

ទោះបីជាមកដល់​ពេល​នេះ លោក កឹម សុខា មិន​ទាន់​ត្រូវ​បាន​​​កាត់​ទោស​នៅ​ឡើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​​ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោលកាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា​ ឆ្នាំ២០១៧។ អាសនៈមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ព្រឹទ្ធសភា ត្រូវបានគេដកហូតយកទៅចែកគណបក្សផ្សេង ហើយលោក កឹម សុខា និង​មន្រ្តី​ជាន់​ខ្ពស់​បក្សប្រឆាំង​សរុប​១១៧​រូប​ផ្សេង​ទៀត ​ក៏​ត្រូវ​បាន​​តុលាការ​កំពូល​​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ