មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​កំពុង​ស៊ើប​អង្កេត​អ្នក​ទន្ទា្រន​ដី​ព្រៃ​លិច​ទឹក​ខេត្ត​កំពង់​ឆ្នាំង​និង​កំពង់ធំ

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយACU អះអាងថា ស្ថាប័នខ្លួនកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលមន្ត្រី និងអ្នកពាក់ព័ន្ធផ្សេងទៀតបានកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំនាពេលកន្លងមក។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយដោយឱ្យក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង , ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង អង្គភាពប្រឆាំងអំពើពុករលួយ   រួមទាំងក្រសួងពាក់ព័ន្ធផ្សេងទៀត ធ្វើការស៊ើបអង្កេត​លើការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាប​។

លិខិតដដែលក៏បានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ  ស៊ើបអង្កេត​ និងចាត់វិធានការ​ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងដកហូតដីព្រៃលិចទឹកជាង២១០០​ ហិកតា ដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់មកវិញ។

ក្រៅពីអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតនោះ ក្រសួងកសិកម្ម និងក្រសួងធនធានទឹក ត្រូវចាត់វិធានការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ដើម្បីធានានិរន្តរភាពផងដែរ។

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង ប្រាប់វីអូឌី​កាលពីម្សិលមិញថា អង្គភាពនេះ បាននឹងកំពុងស៊ើបអង្កេតលើរបាយការណ៍​ទន្ទ្រានដីព្រៃលិចទឹក ប៉ុន្តែចំពោះការរកឃើញមន្ត្រី និងអ្នកពាក់ព័ន្ធប៉ុន្មាននាក់នោះ ​លោកសុំមិនធ្វើអត្ថាធិប្បាយឡើយ។

លោកថា«ខ្ញុំមិនអាចប្រាប់ចំនួនប៉ុន្មាននាក់បានទេ ដោយសារ ការស៊ើបអង្កេតទាំងអស់ ត្រូវរក្សាការសម្ងាត់ទៅតាមនីតិវិធីទាំងអស់​»

នៅពេលសួរថា តើមកដល់ថ្ងៃពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយបានប្រមូលដីព្រៃលិចទឹកដែលកាប់ទន្ទា្រនមកវិញមានប៉ុន្មានហិកតាដែរ? លោក ឃាង សេង ក៏សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះដែរ។

កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពីការ​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​​៦​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន ​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ។​ 

វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងរដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង  លោក ជា សុផារ៉ា​បានទេ នៅថ្ងៃនេះ។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍  មានប្រសាសន៍ថា ប្រជាពលរដ្ឋនឹងធ្វើការតាមដានចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធដែល​កំពុងធ្វើ​ការងារនេះ។

លោកជំរុញឱ្យស្ថាប័នទាំងនោះ បំពេញការងារនេះ ដោយតម្លាភាព និងត្រូវចាប់ខ្លួនអ្នក ពាក់ព័ន្ធរួមទាំងមន្ត្រី ដែលបានគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយមកដាក់ទោសតាមច្បាប់ ដើម្បីជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ និងបញ្ចៀសការចោទប្រកាន់ថា ការអនុវត្តមានស្ដង់ដារពីរជាដើម។

លោកថា៖«អ៊ីចឹងច្បាប់មិនអាចយកទៅកាត់ ២ ទៅ ៣ នាក់ទេ ​ដែលប្រព្រឹត្តបទល្មើសពុករលួយទេ ត្រូវកាត់ទាំងអស់។ បើកាត់ទាំងអស់ វាត្រូវប៉ះពាល់ទាំងអស់ហ្នឹង​ ពីព្រោះយើងឃើញថា បទល្មើសឧក្រិដ្ឋ មជ្ឈឹមកើតឡើង ​សម្រេចបាន គឺអាស្រ័យអំពើពុករលួយស៊ីសំណូកសូប៉ាន់ហ្នឹង​។ បើសិនជាអាជ្ញាធរមន្ត្រីជំនាញ លោកបំពេញកាត​ព្វកិច្ចបានម្លេះ សមការកាប់រាន ដីព្រៃលិចទឹកនៅបឹងទន្លេសាប មិនអាច​កើតឡើងនៅទូទាំងប្រទេស​ទេ។ យើងគិតថា វាមានអំពើពុករលួយជាប្រព័ន្ធហ្នឹង​»។

លោក ប៉ែន ប៊ុណ្ណារ៍ បង្ហាញការសោកស្ដាយនៅពេលដែលប្រមុខរដ្ឋាភិបាល ប្រកាសបន្ធូរបន្ថយទោស ចំពោះអ្នកចេញសារភាព បើទោះបីជាមន្ត្រី និងអ្នកទាំងនោះ បានកាប់រានទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋដោយខុសច្បាប់ក៏ដោយ។

ការកាប់រានដីព្រៃ មិនមែនធ្វើឡើងតែនៅបឹងទន្លេសាបនោះទេ លោកថា នៅ ខេត្តភាគឦសានក៏បានកើតមានការកាប់បំផ្លាញដីព្រៃជាច្រើនផងដែរ ដោយមិនមានអាជ្ញាធរណាទប់ស្កាត់ ខណៈពលរដ្ឋដែលសកម្មចេញមុខការពារដីព្រៃ ដើម្បីផលប្រយោជន​ជាតិ បែរជាត្រូវបានអាជ្ញាធរចោទប្រកាន់ និងចាប់ខ្លួនទៅវិញ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានចាត់វិធានការច្បាប់លើមន្ត្រី​ទាំងឡាយណាដែលពាក់ព័ន្ធ​ការរំលោភដីព្រៃលិចទឹកនៅជុំវិញតំបន់បឹង​ទន្លេ​សាប និង​​ព្រមាន​ដកហូត​​ទ្រព្យ​សម្បត្តិរបស់​ពួកគេ​ដាក់​ជា​សម្បត្តិរដ្ឋ។ លោកបានលើកឡើងចំឈ្មោះអតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន ដោយ​ថា បានទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង ជាង២ ០០០ ហិកតា ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ក្រោយការព្រមានរបស់លោក ហ៊ុន សែន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏មានអ្នកកាន់កាប់អាស្រ័យផលដីព្រៃលិចទឹក១៣នាក់ បាន​សារភាពនិង​ប្រគល់ដីនោះជូនរដ្ឋវិញ។

អ្នកទាំង ១៣ នាក់នោះរួមមានស្នងការរងនគរ​បាល​​ខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ មាន​ដី៦៧៥ហិកតា, នាយការិយាល័យ លោក កែវ ណារុន មានដី៣២ហិកតា, មេបញ្ជាការសឹករងស្រុកកំពង់លែង​ លោក យឹម សារ៉ាត់ មានដី៦០ហិកតា និងពលរដ្ឋផ្សេងទៀត ដែល​មានផ្ទៃ​ដីសរុបជាង២ ០៥៨​ហិកតា។

យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា អ្នកដែលពាក់ព័ន្ធបទល្មើសទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបនេះ នឹងត្រូវបន្ធូរបន្ថយទោស ប្រសិនបើពួកគេចេញមកសារភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ