លោក ជា សុផារ៉ា ប្រាប់​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ដក​ហូត​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​និង​បញ្ជូន​ជន​ល្មើស​ទៅ​តុលាការ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។ (វេបសាយក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់)

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់អាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវចេញលិខិតបដិសេធលើឯកសារទិញលក់ដីនៅក្នុងតំបន់បឹងទន្លេសាបទាំងអស់ ដោយដកហូតដីខុសច្បាប់ទាំងនោះជូនរដ្ឋវិញ និងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការចាត់វិធានការច្បាប់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា សហការជាមួយអភិបាលខេត្តពោធិ៍សាត់ និង​មន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះពិនិត្យទីតាំងដីដែលត្រូវបានជនខិលខូចទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ស្ថិតនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ខែធ្នូនេះ។

ក្រោយពីចុះពិនិត្យស្រាវជ្រាវ លោក ជា សុផារ៉ា និង​មន្ត្រីពាក់ព័ន្ធមកពីអន្តរក្រសួងផ្សេងទៀតបានដាក់ចេញនូវវិធានការជូនទៅអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ណែនាំទៅអាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើលិខិតដែលចេញពីមុន កំណត់អត្តសញ្ញាណអ្នកទន្ទ្រាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមច្បាប់។

ទន្ទឹមនឹងចាត់វិធានការច្បាប់ អាជ្ញាធរត្រូវឱ្យជនល្មើសដាំដើមឈើឡើងវិញលើដីដែលបានទន្ទ្រានយកកន្លងមក ហើយដើមឈើដែលជាអាទិភាពត្រូវដាំនោះ គឺដាំដើមឬស្សី។

បន្ថែមពីនេះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនោះ លើកទឹកចិត្តដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលដាក់កម្លាំងចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់ ហើយក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដួលរលំ រួមទាំងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប ។ ចំណែក ពលរដ្ឋដែលដំាដំណាំស្រូវ ទុកឱ្យពួកគាត់ប្រមូលផល រួចស្នើឱ្យធ្វើលិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ ។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និងអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេនៅរសៀលថ្ងៃអាទិត្យនេះ ។

​មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា មិនមានអ្វីចំឡែកទេ ពេលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីប្រាប់ឱ្យអភិបាលខេត្តពោធិ៍សាត់ដូច្នេះ ត្បិតរឿងនេះកើតឡើងជាច្រើនឆ្នាំមកហើយ ជាពិសេសមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតែងតែទន្ទ្រានយកដីព្រៃលិចទឹក និងដីសាធារណៈរបស់រដ្ឋនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរីជាដើម ។

មន្ត្រីសិទ្ធិមនុស្សរូបនោះជំរុញទៅរដ្ឋាភិបាលពង្រឹងអនុវត្តច្បាប់លើជនល្មើសឱ្យបានតឹងរឹង និងមានតម្លាភាពរវាងអ្នកមាន និងអ្នកក្រ ទើបកាត់បន្ថយមិនឱ្យអំពើល្មើសច្បាប់បែបនេះកើតឡើងបន្តទៀត ។

លោកជំរុញដូចនេះថា៖ «ត្រូវអនុវត្តច្បាប់អត់លើកលែងទេ វាចូលបទល្មើសព្រហ្មទណ្ឌ តាមពិតការប្រកាសថា ជនល្មើសារភាពប្រគល់ដីមកវិញ ហើយអត់ដាក់ទោសជាការអនុវត្តខុសច្បាប់ តាមច្បាប់អត់មានការលើកលែងទេ មិនថាមន្ត្រីជាន់ណា ថ្នាក់ខ្ពស់ណាទេ ឬប្រជាពលរដ្ឋអីទេ គឺត្រូវអនុវត្តស្មើគ្នាចំពោះមុខច្បាប់»។

ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា​ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រសិនបើបុគ្គលណា​ប្រគល់ដីដែលខ្លួន​បាន​ឈូស​ឆាយរំលោភពីព្រៃលិចទឹកនៅ​តាមបណ្ដាខេត្តក្នុងតំបន់បឹងទន្លេសាប​មកឱ្យ​រដ្ឋ គឺ​ពួកគេ​រួចខ្លួន ហើយ​ថា ប្រសិនបើបុគ្គលណានៅ​រឹងទទឹង ត្រូវវាយខ្នោះឱ្យខាងតែបាន។

លោកបន្ថែមថា៖ «បើរឹងទទឹង វាយ​ខ្មោះភ្លាមៗ អត់ឱ្យ​មានរញ៉រញ៉ៃ។ ឥលូវឮថា ចុះហត្ថលេខា​ប្រគល់​ដី ប្រគល់​រួច​ខ្លួន ដក​ខ្លួន អ្នកណាមិនសារភាព តាមវាយខ្នោះ»។

មាត្រា៩៨ នៃច្បាប់ស្ដីពីជលផល បានចែងថា ការកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ឬបំផ្លាញចោល។

ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះបានបញ្ជាក់ថា បើ​បទល្មើសនោះប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល។ 

កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ​២០១១ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពីការ​កំណត់​ដែន​​ព្រៃ​លិច​ទឹក​ប្រមាណ​៦៥​ម៉ឺន​ហិកតា ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​​៦​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន ​ខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង ​បន្ទាយ​មានជ័យ​ សៀមរាប​ និង​កំពង់ធំ ។​ 

ក្នុង​មាត្រា​៣ ​នៃ​អនុក្រឹត្យ​នេះបាន​ចែង​ថា​ អាជ្ញាធរ​ខេត្ត​មាន​ភារកិច្ច​ កាតព្វ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​​លើ​ការ​​គ្រប់គ្រង​ការ​ការពារ​និង​​​ថែ​រក្សា​ដែន​ព្រៃ​លិច​ទឹក​ ហើយ​ចំពោះ​ការ​បាត់បង់​ដែន​​ព្រៃ​លិច​ទឹក​និង​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្ត​ណា ​គណៈអភិបាល​នៃ​ខេត្ត​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​​មុខ​​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ