រដ្ឋាភិបាល៖ កូវីដ-១៩ ​បាន​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​និង​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ជិត​៣​ពាន់​លាន​ដុល្លារ

កុមារ២នាក់ដើរនៅតាមមាត់ទន្លេនាខណ្ឌជ្រោយចង្វារ ទល់មុខតំបន់អភិវឌ្ឃន៍កោះពេជ្រ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

រដ្ឋាភិបាល​​បានឱ្យដឹងថា ជំងឺកូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជា ហើយធ្វើឱ្យខាតបង់ថវិកាជិត៣ពាន់លានដុល្លារអាមេរិក ខណៈប្រជាជនកម្ពុជាស្លាប់ជិត៣ពាន់នាក់ និងជាង២សែននាក់ឆ្លងមេរោគកូវីដ-១៩។

ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន រដ្ឋាភិបាលបានចេញសារលិខិត កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះថា ជំងឺកូវីដ-  ១៩ បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់ជីវិតមនុស្សនៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងជំងឺកាចសាហាវនេះផងដែរ ។

សារលិខិតដដែលបានបញ្ជាក់ថា ជំងឺកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យខាតបង់ថវិកាជិត៣០០០ លានដុល្លារអាមេរិក ឆក់ជីវិតមនុស្សអស់ជិត៣០០០នាក់ និងធ្វើឱ្យប្រជាជនជាងពីរសែននាក់បានឆ្លងជំងឺនេះថែមទៀតផង ។

ទោះជាបែបនេះក្តី រដ្ឋាភិបាលអះអាងថា បច្ចុប្បន្ននេះ កម្ពុជាបានទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ដែលធ្វើឱ្យចំនួនអ្នកឆ្លង និងអ្នកស្លាប់មានការថយចុះជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសាររដ្ឋាភិបាលបានអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួនជិត១៥លាននាក់ ក្នុងចំណោមជាង១៦លាននាក់ បានជោគជ័យ។

បន្ថែមពីនេះ រដ្ឋាភិបាលអំពាវនាវទៅប្រជាពលរដ្ឋគ្រប់រូបបន្តប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការរបស់រដ្ឋាភិបាល «៣កុំ ៣ការពារ» រួមទាំងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីឈានទៅកាត់ផ្តាច់ទាំងស្រុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ដែលកម្ពូជាបានធ្វើជោគជ័យក្នុងព្រឹត្តិការណ៍២៩កុម្ភៈ ឆ្នាំ២០២០ នាពេលកន្លងមក ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ចសកល និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ។ 

ករណីនេះ លោកអំពាវនាវទៅរដ្ឋាភិបាលជំរុញទៅក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋគ្រប់រូបសហការគ្នា ពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ហើយរដ្ឋាភិបាលត្រូវត្រៀមថវិកាបម្រុងជួយដល់អ្នកដែលរងគ្រោះ និងអ្នកដែលងាយរងគ្រោះ  ទើបកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បានប្រសិទ្ធិភាពខ្ពស់ ។

លោកមានប្រសាសន៍ថា ៖ «យើងដឹងហើយថា បញ្ហាជំងឺកូវីដ-១៩ នេះ យើងមិនអាចភ្លេចខ្លួនបានទេ ទាល់តែមានការចូលរួមពីពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ទាំងអស់គ្នា ។ បញ្ហានេះ មិនទាន់បញ្ចប់ទេ រដ្ឋាភិបាលគួរតែពិចារណាក្នុងការលៃលកថវិកាបម្រុង សម្រាប់បង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះបន្តទៀត »។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន ៣នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន ១២នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន ១៣នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៣៥៥​នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ១១៦ ៧០៨​​នាក់ និងអ្នកស្លាប់សរុប ២ ៩៨៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ១៩ ៨៥២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ