គណបក្ស​ចំនួន​៦​បន្ត​ដាក់ញត្តិ​ជាថ្មីទៀត​ជំរុញ​ឱ្យ គ.ជ.ប រក្សា​ទុក​ទម្រង់​១១០២

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណបក្សនយោបាយចំនួន៦បានដាក់ញត្តិជាថ្មីទៀត ដើម្បីទាមទារ​ឱ្យស្ថាប័នជាតិរៀបចំការ​​បោះ​ឆ្នោតរក្សា​​​ទុកទម្រង់១១០២ ខណៈ គ.ជ.ប នៅតែបន្តរក្សា​គោល​ជំហរ​របស់​ខ្លួនដែល​បដិ​សេធ​មិន​ទទួល​យក​សំណើ​ពី​គណបក្សទាំងនោះ។

គណបក្សទាំង៦នោះ រួមមាន គណបក្ស​កែទម្រង់កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណ​បក្ស​កម្ពុជានិយម គណបក្ស​​ភ្លើង​​​ទៀន គណ​​បក្សកម្លាំងប្រជាធិបតេយ្យ និង​គណបក្ស​បំណង​ពលរដ្ឋ។ 

ញត្តិរួមរបស់គណបក្សទាំង៦ ​ផ្ញើទៅស្ថាប័ន​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ​​​​​​​នៅ​​​​​ថ្ងៃចន្ទ​នេះ ​លើក​​ឡើង​​​​ថា ពួកគេ​​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​បំភ្លឺនិង​ការ​បក​ស្រាយ​របស់​ គ.ជ.ប កាលពីពាក់កណ្ដាលខែមករា​នោះទេ ហើយ​​​ពួក​គេ​​នៅ​តែរ​ក្សាជំហរ​​ទាមទារ​ និង​​ជំរុ​ញ​ឱ្យ គ.ជ.ប រក្សាទុក​ទម្រង់​កំណត់​ហេតុ​នៃការរាប់សន្លឹកឆ្នោត ឬ​ហៅកាត់​ថា​ «ទម្រង់១១០២» ដូចមុនដដែល។

បន្ថែមលើញត្តិនេះ ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍​​ថា ការ​ទាម​​ទារ​​ឱ្យ​ គ.ជ.ប រក្សា​ទុក​ទម្រង់​១១០២ នៅ​​ក្នុង​​ប្រ​ព័ន្ធ​បោះ​​ឆ្នោតនេះ ដោយសារ​វាជាទម្រង់​​មួយ​ដែល​​​មាន​​ភាព​​ចាំបាច់​ និង​​ជួយឱ្យការបោះឆ្នោត​ប្រព្រឹត្តទៅមានតម្លាភាព។

លោកបន្តថា៖ «យើង​នៅតែ​ទាម​ទារ​រឿង​ទម្រង់​១១០២ ពីព្រោះ​យើង​គិត​ថា ដើម្បី​ឱ្យ គ.ជ.ប មួយ​ដែល​អាច​រក្សាជំ​ហរ​តម្លាភាពនិង​អព្យាក្រឹត្យភាពដែលអាច​ទទួលយក​បាន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​នោះ ​គឺ​ត្រូវ​​​​​តែ​​​ចែក​ជូនដ​ល់អ្ន​ក​សង្កេតការណ៍របស់គណបក្សដែលមានវត្តមាន សម្រាប់​ទម្រង់​១១០២​»​។

ក្រៅ​ពី​ការ​ដាក់​ញត្តិ​បន្ត​ទៅ​ស្ថាប័ន ​​​គ.ជ.ប ​ហើយ លោក យ៉ែម បុញ្ញឫទ្ធិ ឱ្យដឹងបន្ថែម​ថា ញត្តិនេះ​ក៏​នឹង​ត្រូវ​បញ្ជូន​​ក្នុង​ពេល​​ជា​​មួយគ្នាដែរទៅ​បណ្ដាស្ថាន​ទូត​​​មួយ​ចំនួន ​រួម​​មាន ស្ថាន​ទូត​ជប៉ុន ស្ថាន​ទូត​អូស្រ្តាលី និងសហភាពអឺរ៉ុប រួមទាំងស្ថានទូតបណ្ដាប្រទេសប្រកាន់​របប​ប្រជាធិប​តេយ្យ​ផង​ដែរ។

ទម្រង់​១១០២ ​​គឺ​ជាប្រភេទទម្រង់​សម្រាប់​​ធ្វើ​​​កំណត់​ហេតុនៃ​​ការ​​រាប់​​សន្លឹក​​​ឆ្នោត ហើ​​​យទម្រង់នេះទុកចែកជូនភ្លាមៗ​ឱ្យ​ភ្នាក់ងារ​​អ្នក​​សង្កេ​ត​ការណ៍ ឬភ្នាក់ងារ​​គណ​​បក្ស​​នយោ​​បា​​យ នៅតាម​​​មណ្ឌល​​បោះឆ្នោត ដើម្បីទុក​​ផ្ទៀង​​ផ្ទាត់​​អំពីលទ្ធផលឆ្នោត។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា កាល​​បរិច្ឆេទនៃ​ការ​​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នឹង​​​ប្រ​​​ព្រឹត្ត​​​ទៅ​នៅថ្ងៃ​​អាទិ​ត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​លោក ហង្ស ពុទ្ធា បញ្ជាក់ជំហរជាថ្មីទៀត​​នៅ​​ពេលនេះថា​ គ.ជ.ប នឹងនៅតែរក្សាការ​សម្រេច​របស់​ខ្លួន​ដដែលអំពីទម្រង់១១០២​នេះ។​ លោក​បន្ត​ថា ការទាមទាររបស់គណបក្សនយោបាយម្ដង​ហើយ​ម្ដងទៀត ដើម្បី​​​ជំរុញ​​ឱ្យ​​ គ.​ជ.ប​ រក្សា​ទុក​ទម្រង់​​​១១០២​​​នេះ គឺ​យឺតពេល​ហើយ។

លោក​បន្តថា នៅ​ក្នុង​ដំណាក់​​កាល​​​​ដំបូង​ គ.ជ.​ប​ បានផ្ញើសេចក្ដីព្រាងបទប្បញ្ញត្តិនិង​នីតិវិធីនេះឱ្យ​ទៅ​គណបក្ស​នយោបាយជិត​១០០រួចហើយ​ ប៉ុន្តែរហូត​​​​មក​ដល់ពេលនេះ ​​​គណបក្ស​ទាំង​នោះមិន​​​មាន​ប្រតិកម្មអ្វីទេ ដូច្នេះ​ការ​តវ៉ារបស់គណបក្សទាំង៦ដែលធ្វើឡើងនៅពេលនេះ មិនមានទម្ងន់អ្វីដែល​ជំរុញ​​ឱ្យ​​ គ.​ជ.​ប ត្រូវលុបចោលសេចក្ដីសម្រេចចិត្តរបស់ខ្លួនឡើយ។

លោកបន្តថា៖ «ចង់​ជម្រាបថា គ.ជ.ប មិនមាន​អីប្រែប្រួល​ទេ។ នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ អាណត្តិ​ទី​៥ ឆ្នាំ២០២២ នឹង​ប្រព្រឹត្ត​ទៅ​តាម​អ្វី​ដែល​​សម្រេច​កន្លង​មក ដោយ​ហេតុ​ថា ការ​ចូល​រួម​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ផ្ញើ​សេចក្ដីព្រាង​ទៅ​ គឺ​ជិត​៩០​ស្ថាប័ន​អង្គភាព។ ដូច្នេះ ស្ថាប័នច្រើនលើសលុប​ លោក​មិនមា​នបញ្ហាទៅលើចំណុចហ្នឹងទេ»។

កាល​​ពីថ្ងៃ​ទី១៤ ខែមករា ឆ្នាំ​២០២២ ប្រធា​ន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានចេញសេចក្ដីសម្រេច ដោយ​មិន​ដាក់​ឱ្យអនុវត្តទម្រង់១១០២​នេះ ដូចការ​បោះឆ្នោត​លើក​​​មុនៗ​​​ទៀត​​ឡើយ។ ជាបន្ត​បន្ទាប់​មក គ.ជ.ប នៅតែប​ន្ត​រក្សា​ជំហរ​នេះដោយ​មិនកែប្រែ បើ​ទោះ​​ជា​​មាន​​​ការ​ជំ​ទាស់​​​ម្ដង​ហើយ​ម្ដង​ទៀតពី​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជា​​និយម និង​​​​គណ​​បក្ស​​​​កែ​ទម្រង់​​កម្ពុជា យ៉ាងណាក្ដី។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ​និកហ្វិច យល់ឃើញថា គ.ជ.ប មិនគួរយកលេសនៅ​​​ពេល​នេះថា ការ​​​ទាម​​ទាររបស់គណបក្សនយោបាយសំឡេងភាគតិចមិនមានទម្ងន់ បើធៀបនឹង​​​គណ​​បក្ស​​​​​ន​យោ​​បាយ​ដែល​​ គ.​ជ​.ប បាន​​ផ្ញើ​​សេចក្ដីព្រាងជាលើកដំ​បូងនោះទេ។ លោកបន្តថា ទោះ​​​សំ​​ឡេង​​​​​​នៃការ​​តវ៉ាតិច​ក្ដី ប៉ុន្តែ​ដើម្បីឱ្យមានភាពស្មើគ្នា គ.ជ.ប គួរ​ទទួល​យក​កង្វល់​​​ទាំង​​​នោះ​ទៅពិចារ​​ណាហើយដោះស្រាយ។

លោកថា៖ «ដូច្នេះអានេះមាន​អី មាន​តែខ្វះតម្លាភាព! ធ្វើម៉េចបើគេសុំឱ្យមាន យើងធ្វើទៅ បើទោះ​បី​ជា​មាន​គណបក្សច្រើនក៏ដោយដែលគេអត់ស្នើសុំរក្សា​ទុក ជារឿងផ្សេង​តើ! ប៉ុន្តែរឿង​គណបក្ស​នយោ​បាយ​ ត្រូវតែយកចិត្តទុកដាក់ មិនថាភាគតិចឬភាគច្រើនទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ