លោក អ៊ូ ច័ន្ទរ័ត្ន នៅ​តែ​មាន​ជំនឿ​ពី​ការ​ចង​សម្ព័ន្ធ​គណបក្ស​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា ក្នុងពិធីប្រកាសសុពលភាពជូនគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ចាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

សហស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជា អះអាងពីភាពជឿជាក់ក្នុងការចងសម្ព័ន្ធគណបក្ស​​នយោ​បាយឱ្យស្ថិតនៅក្រោមឆ័ត្រតែមួយ ​ថានឹងអាចកើតឡើងនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២។

ការបង្ហាញជំហររបស់លោក អ៊ូ ច័ន្ទរ័ត្ន នៅពេលនេះ នៅបន្ទាប់ពីគណបក្សកម្លាំងប្រជាធិបតេយ្យបាន​ចេញលិខិតបដិសេធពីការប៉ុនប៉ងចងសម្ព័ន្ធគណបក្សនយោបាយ​ទាំង៦ ឱ្យទៅ​​ជា​​គណ​​បក្ស​​តែមួយ ដើម្បី​​​​​ឈាន​ទៅប្រកួតក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ខាងមុខ។ គណបក្សនយោបាយទាំង៦នោះ រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សបំណងពលរដ្ឋ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សភ្លើងទៀន និងគណបក្សកម្លាំងប្រជាធិបតេយ្យ។

លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ប្រាប់ វីអូឌី នៅថ្ងៃទី១៥ ខែកុម្ភៈនេះថា ថ្វីត្បិតពេលនេះគណបក្សទាំង៦​ដែលលោកគិតថា អាចនឹងឈានទៅបង្កើត​​គណ​​បក្ស​​តែ​​មួយបាននៅថ្ងៃណាមួយ ត្រូវបរាជ័យ ប៉ុន្តែលោកអះអាងថា គំនិតនៃការកៀរគរនេះមិនមែន​មាន​​ត្រឹម​​តែគណបក្ស៦នេះទេ ពោលនៅមានបក្សដទៃទៀតក៏នឹងចូលរួមជាមួយដែរ។ លោកបន្តថា គំនិតនៃការផ្ដួចផ្ដើមនេះនឹងនៅតែបន្តទៅមុខទៀត ហើយអាចនឹងលេចជារូបរាងនៅក្រោយកា​​រ​​បោះ​​ឆ្នោតឃុំ-សង្កាត់។

លោកបន្តថា៖ «ដូច្នេះ ខ្ញុំឃើញគណបក្សដែលនៅក្នុងហ្នឹងអាចនឹងមានការរួបរួមហើយ អ្នកដែលមិនទាន់បានចូលរួមចុះហត្ថលេខាលើញត្តិ ដូចជាឆន្ទៈខ្មែរ ដូចជាគណបក្សខ្មែរស្រឡាញ់​ជាតិ​អីហ្នឹង​ សុទ្ធតែអាចជជែកគ្នាបានហើយ»។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន លោកក៏ឯកភាពដែរ​ចំពោះ​ប្រតិកម្មពីគណបក្ស​​កម្លាំង​​ប្រជាធិបតេយ្យ​​។ ប៉ុន្តែសារនយោបាយរបស់លោកដែល​លើកឡើងនេះ មិនមែនចង់បញ្ជាក់ពី​​ដំ​​ណើរ​​ការ​នៃការ​​ឈា​ន​​​​ទៅចងសម្ព័ន្ធគណបក្ស ហើយត្រៀមបញ្ចូលជាបក្សតែមួយនៅមុនការ​​បោះ​​​​ឆ្នោតឃុំ-សង្កា​ត់​​នោះទេ។ បើតាមអ្នកនយោបាយចាស់វស្សារូបនេះ អ្វីដែលលោកថ្លែងនោះ គឺគ្រាន់តែ​​ចង់​បង្ហាញ​​ពី​​គំ​និតនៃការចង​​សម្ព័ន្ធគណបក្សនយោបាយប៉ុណ្ណោះ មានន័យថា​ មិនទាន់​ដល់ពេល​​ដែល​​ឈាន​​ទៅបង្កើតជាគោលការណ៍រួមនៅឡើយទេ។

កាលពីថ្ងៃទី១៥​ ខែកុម្ភៈ គណបក្សកម្លាំងប្រជាធិបតេយ្យ បានចេញលិខិតបដិសេធពីការចង​​សម្ព័​​ន្ធ​​​​​គណបក្សនយោបាយទាំង៦​ ដូចការអំពាវនាវរបស់លោក អ៊ូ ច័ន្ទរ័ត្ន។ ប្រភពបន្តថា គណបក្សថ្មីថ្មោងមួយនេះបញ្ជាក់ថា ខ្លួនមិនដែលមានទំនាក់ទំនងឬបញ្ជូនថ្នាក់ដឹក​​នាំ​​របស់​គណ​​បក្សទៅចូលរួមប្រជុំ ដើម្បីស្វែងយល់ពីគម្រោងនៃការចងសម្ព័ន្ធម្ដងណាទេ។

បន្ថែមលើលិខិតបដិសេធនេះ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ អះ​​អាង​​ថា រូបលោកមិនដែលបានស្គាល់ជាមួយតំណាងគណបក្សទាំង៥ រួមទាំងលោក អ៊ូ ច័ន្ទរ័ត្ន នេះ​​ផង​​ដែរ។ ជាងនេះទៅទៀត គណបក្សដែលទើបតែកកើតថ្មីនេះពិតជាមិនដែលមានទំនាក់ទំនង ទោះរូបភាពណាក៏ដោយ ដើម្បីឈានទៅចងសម្ព័ន្ធភាពគណបក្សនយោបាយម្ដងណាទេ។

លោកបន្តថា៖ «ខ្ញុំបានចូលរួមមែន ក៏ប៉ុន្តែខ្ញុំចូលរួមទៅលើការដាក់ញត្តិហាម គ.ជ.ប កុំឱ្យលុបប្រការ១១០២។ រឿងនេះខ្ញុំបានចូលរួម តែខ្ញុំមិនបានទៅចូលរួមចងសម្ព័ន្ធទេ រឿងពីរផ្សេងគ្នា»។

ធ្លាប់ជាអតីតពលករនៅប្រទេសថៃ និងជាអ្នកនយោបាយជំនាន់ថ្មី លោក អ៊ុន វិសិទ្ធគុន អះអាងថា គណបក្ស​នយោបាយរបស់លោកពិតជាមិនចង់ចងសម្ព័ន្ធភាព ឬចុះចូល​ជាមួយគណបក្សណា​​មួយ​ទេ។ លើសពីនេះទៀត លោកសុខចិត្តរស់ពឹងដោយខ្លួនឯង ដោយមិនចង់រួបរួម​ជាមួយបក្ស​​នយោ​​បាយផ្សេងឡើយ។

ផ្ទុយពីនេះ សម្រាប់គណបក្សប្រជាធិតេយ្យមូលដ្ឋាន ដែលស្ថិតក្នុងចំណោមគណបក្សទាំង៦ ប​​ញ្ជាក់​​​​​​​ជំហរនៃការរួបរួមរបស់ខ្លួន ប្រសិនបើអ្នកនយោបាយដែលចង់លើកកម្ពស់​​ឱ្យមាន​​ប្រជា​​ធិប​​តេ​​យ្យនៅកម្ពុជា។

លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសុទិដ្ឋិនិយមថា ការរួម​រស់​​​​ក្រោម​​ឆ័ត្រតែ​​មួយអាចនឹងលេចចេញជារូបរាងបាន ​ជាពិសេសនៅក្រោយការ​​បោះឆ្នោតឃុំ​​-សង្កាត់​​រួច។ លោកបន្តថា គណបក្សដែលមានឈាមជ័រជាអ្នកប្រជាធិបតេយ្យ យល់ដឹងពីកម្លាំង​​នៃការ​​រួបរួមគ្នានេះ ប៉ុន្តែពេលវេលាសម្រាប់ដំណើរការរួបរួម វាហាក់លឿនបន្តិច ប្រសិនបើជំរុញចេញ​​នៅ​​​​មុន​​​ការបោះឆ្នោតឃុំ-សង្កាត់នេះ។

លោកបន្តថា៖ «ក្រោយការបោះឆ្នោតអាចនឹងមានសញ្ញាអ្វីផ្សេង ជាពិសេសគណបក្សទាំងអស់គ្នាបានអាសនៈខ្លះនៅក្នុងឃុំ-សង្កាត់ ដែលយើងគិតថា យើងគួរធ្វើការយ៉ាងម៉េចបន្តជាមួយគ្នាអ៊ីចឹងទៅ។ វាអាចឈានដល់ចំណុចនេះបាទ»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បញ្ជាក់ថា គណបក្សចាស់វស្សាមួយនេះមិន​​បដិ​​សេធក្នុងការ​រួបរួមឬចងសម្ព័ន្ធជាមួយបក្សនយោបាយផ្សេង ដើម្បីជំរុញឱ្យមានកម្លាំងអ្នក​​ប្រ​​ជា​​ធិ​​ប​តេយ្យ​​​កាន់តែច្រើន ប៉ុន្តែចំពោះមុខនេះ គណបក្សភ្លើងទៀន នៅមិនទាន់មាន​​ពេល​​គ្រប់​​គ្រាន់ ដើម្បីគិត​​គូរពីបញ្ហានេះ​​​នៅ​​ឡើយ។ មិនខុសគ្នាដែរ លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណ​​បក្ស​កម្ពុជានិយម ក៏​​យល់ស្របដែរថា ការឈានទៅចងសម្ព័ន្ធភាពជាមួយបក្សនយោបាយ​​ដទៃ​ទៀតនៅ​ពេលនេះ​​មិន​​ទាន់​អាចធ្វើទៅរួចទេ ព្រោះបក្សនយោបាយកំពុងត្រៀម​​ខ្លួនរៀប​ចំការ​បោះ​ឆ្នោត​ឃុំ​​​-សង្កាត់​​​នៅ​​ឡើយ​​។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថា សម្រាប់អ្នក​​នយោបាយ​​កម្ពុជាសព្វថ្ងៃនេះ វាលែងជារឿងចម្លែកទៅហើយអំពីការចងសម្ព័ន្ធ ដែលហៅថា​​អ្នក​​ប្រ​​ជា​ធិបតេយ្យនោះ។ លោកបន្តថា ទាំងមុននិងក្រោយការបោះឆ្នោត គេតែងសង្កេតឃើញបក្ស​​នយោបាយតែងរត់រកគ្នា ដើម្បីប្រមូលផ្ដុំជាសំឡេងតែមួយ។ ប៉ុន្តែសម្ព័ន្ធភាពនេះកម្រឃើញនៅ​​ជា​​​មួយ​​គ្នាបានយូរអង្វែងណាស់ រួបរួមហើយក៏បែកទៅវិញ។ បើតាមលោកបណ្ឌិត ប៉ា ចន្ទរឿន មូល​ហេតុដែលសម្ព័ន្ធភាពងាយប្រេះឆានោះ ព្រោះអ្នកនយោបាយសម្បូរទៅដោយជំងឺតួឯក។

លោកបន្តថា៖ «ការរៀបចំការបោះឆ្នោត ឬក៏ការបោះឆ្នោតពីមួយអាណត្តិពីរ​អាណត្តិ ហើយមើល​ខ្លួនថា​​មិន​​​​សូវជាផ្លូវក្នុងការគាំទ្រមិនគ្រប់គ្រាន់ ទើបងាកមកចងសម្ព័ន្ធ។​ ខ្ញុំគិតថា វាពិបាកក្នុងការច្របាច់​បញ្ចូល​គ្នា ហើយជាពិសេសការធ្វើនយោបាយនៅស្រុកយើងច្រើនតែពាក់មុខយក្ស និងចាត់​ទុកគ្នា​ជា​​សត្រូវ។ ពេលចូលប្រកួតជាមួយគ្នាមិនសូវមានចិត្តជាកីឡាករបាល់ទាត់ទេ ប៉ុន្តែចូលចិត្ត​ធ្វើដូចកីឡាកាសអ៊ីចឹង»។

បច្ចុប្បន្នកម្ពុជាមានគណបក្សនយោបាយប្រមាណ៤៥​ បើធៀបនឹង​​គណ​បក្ស​​​​នយោបាយដែលមានកាលពីឆ្នាំ២០១៨ មានតែជាង៣៨គណបក្សនយោបាយប៉ុណ្ណោះ ដែលបាន​​ចុះ​បញ្ជី​​​​​​​​​ជា​ផ្លូវ​​ការនៅក្រសួងមហាផ្ទៃ ​ស្របទៅតាមច្បាប់​ស្ដីពីគណបក្សនយោ​បាយ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ