សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានដោះលែងអ្នកសារព័ត៌មាន៣រូប និងអ្នកបើកបររថយន្តមួយរូបឱ្យមានសេរីភាពវិញនៅល្ងាចថ្ងៃសុក្រនេះ ក្រោយពីចាប់ឃាត់ខ្លួនបាន១យប់១ថ្ងៃ។
អ្នកទាំង៤នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្រោមការចោទប្រកាន់ថា បានរំលោភលំនៅឋាន និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារជាសាធារណៈតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោក អៀរ ប៊ុនធឿន បានប្រាប់VOD នៅល្ងាចថ្ងៃសុក្រនេះថា អ្នកទាំង៤នាក់នោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយពីដើមបណ្តឹងដែលជាម្ចាស់ហាងលក់ម៉ូតូ សម្រេចដកពាក្យបណ្តឹងវិញ ហើយអ្នកសារព័ត៌មានទាំងនោះបានសារភាពកំហុស។
អ្នកទាំង៤នាក់នោះ រួមមាន ទី១. លោក សាយ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកយកព័ត៌មាន «រស្មីស្ទឹងត្រង់», ទី២. លោក ទួន ឈុនលី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកសារព័ត៌មាន «រស្មីស្ទឹងត្រង់», ទី៣. លោក មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាអ្នកសារព័ត៌មាន «រស្មីបន្ទាយដែក» និងឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកបើកបររថយន្ត។
បើតាមចាងហ្វាងការផ្សាយគេហទំព័រនាគមាស លោក កុក គីមថុង ដែលដឹងហេតុការណ៍ បានឱ្យដឹងថា អ្នកសារព័ត៌មាន៣នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចាប់ឃាត់នោះ កើតឡើងបន្ទាប់ពីអ្នកទាំងនោះ ចុះយកព័ត៌មានករណីម្ចាស់ហាងលក់ម៉ូតូ យីហោ លីង៉ូវ ស្ថិតនៅក្នុងខេត្តនេះ ក្រោយមានពលរដ្ឋចោទថា ម្ចាស់ហាងនេះបានលក់ម៉ូតូ អត់ពន្ធឱ្យទៅអតិថិជន៕