តុលាការ​​កំពូល​​បន្ត​​កាត់ទោស​​ឱ្យ​​អតីត​​ស្ថាបនិក​​ចលនា​​មាតា​​ធម្មជាតិ​​ជាប់​​ពន្ធនាគារ​​២០​​ខែ

តុលាការ​កំពូល​បាន​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដោយ​សម្រេច​ឱ្យស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជាប់​ពន្ធនាគារ​២០​ខែ ដដែល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «សម​គំនិត ក្នុង​អំពើ​ញុះញង់»។

ការសម្រេចនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលលោក ឃឹម ប៉ុណ្ណ ធ្វើឡើងបន្ទាប់ពីតុលាការ​បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវី​ការ​ពារ​ក្តី​ឱ្យស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក ឃឹម ប៉ុណ្ណ​ បានចាត់ទុកការសម្រេចរបស់តុលាការថ្នាក់ក្រោមដែលបានផ្ដន្ទាទោសលោក អាឡិចថា ជារឿងត្រឹមត្រូវ។

មេធាវីការពារក្ដីឱ្យស្ថាបនិកចលនាមាតាធម្មជាតិគឺលោក សំ ចំរើន បង្ហាញការខកចិត្តចំពោះការសម្រេចរបស់តុលាការកំពូល ដោយថា កូនក្ដីរបស់លោក​មិនបានប្រព្រឹត្តបទល្មើសដូចតុលាការថ្នាក់ក្រោមចោទប្រកាន់ឡើយ។

លោកថា៖ «យើងមានការខកចិត្ត [ចំពោះតុលាការ] ដែរ។ ខ្ញុំយល់ថា កូនក្ដីសុច្ចរិត និងស្អាតស្អំ។ ចំពោះថា ធ្វើយ៉ាងម៉េចទៀតនោះ ចាំមើលខ្ញុំពិភាក្សា​ជាមួយ​កូន​ក្ដីខ្ញុំសិន»

ប្រ​​ធាន​សមាគ​ម​​ការពារសិទ្ធិ​មនុស្សអាដហុក លោក នី សុខា​ បង្ហាញការសោកស្តាយចំពោះការសម្រេចរបស់តុលាការកំពូល ដោយថា សកម្មភាពរបស់លោក អាឡិច មិនបានបង្កជាបទល្មើស និងបំផ្លាញប្រទេសកម្ពុជាឡើយ។ ផ្ទុយទៅវិញ លោកមើលឃើញថា លោក អាឡិច បានខិតខំការពារព្រៃឈើ និង​ធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលកំពុងរងការកាប់បំផ្លាញនាពេលកន្លងមក និងបច្ចុប្បន្ននេះ។

លោកចាត់ទុកការតម្កល់សាលដីកាផ្ដន្ទាទោសលោក អាឡិច ជារឿងអយុត្តិធម៌ សម្រាប់អ្នកថែរក្សាធនធានធម្មជាតិ ខណៈជនដែលបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ ប្រព្រឹត្តអំពើពុករលួយបែរជារួចផុសពីការចោទប្រកាន់ និងទោសទណ្ឌទៅវិញ។

លោកថា៖ «អ្នកខ្លះទៀត ​ក្លាយជាឧកញ៉ា មហាសេដ្ឋី​ ដោយឡែកមកចាប់សកម្មជនការពារព្រៃឈើ​ ការពារបរិស្ថានទៅវិញ។ យើងគិតទៅហួសចិត្តមែនទែន ចំពោះបញ្ហាដែលមានការដាក់ទោសទណ្ឌសកម្មជនព្រៃឈើ ពិសេសដូចពួក​អាឡិច និងសកម្មជនផ្សេងៗទៀតហ្នឹង»

លោកថា៖ «ដូច្នេះ សកម្មភាពរបស់លោក អាឡិច និងសកម្មភាពយុវជនផ្សេងៗទៀត ក្នុងការការពារធនធានធម្មជាតិមិនមែនជាសកម្មភាពផ្ទុយនឹងច្បាប់ ហើយក៏មិនមែនជាសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលដែរ ផ្ទុយទៅវិញ វាជាសកម្មភាពស្របច្បាប់ហើយស្របតាមគោលនយោបាយរដ្ឋាភិបាល ក្នុងការពារព្រៃឈើ និងធនធានធម្មជាតិ»

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសកំបាំងមុខលោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដោយដាក់​ពន្ធនាគារចំនួន ២០ ខែ និងពិន័យប្រាក់ ៤ លានរៀល រួមទាំង ចេញដីកាឱ្យចាប់ខ្លួនក្រោមបទចោទប្រកាន់ «សមគំនិតក្នុងអំពើញុះញង់បង្កឱ្យមាន​ភាព​វឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។

ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចសាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ត្រូវបានរដ្ឋាភិបាលបណ្តេញ​ចេញ​ពីប្រទេសកម្ពុជា​កាលពីឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ