កម្ពុជា​នាំ​ទំនិញ​ទៅ​អាមេរិក​៤ខែ​ដើម​ឆ្នាំ​កើន​ឡើង​ជាង​៥៣%​​​បើ​ធៀប​នឹង​ឆ្នាំ​មុន​

លោក ប៉ាន សូរស័ក្តិ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក (5th TIFA) ដែលរៀបចំឡើងនៅសណ្ឋាគារអប្សរា ផាឡេស រីសត ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋអាមេរិកសម្រេចបានជិត ៣ ០០០លានដុល្លារ ដោយចំនួននេះមានការកើនឡើង ៥៣,៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ថិតិក្រសួងពាណិជ្ជកម្មបានឱ្យដឹង​ថា កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បានប្រមាណ ៣ ០២៨លានដុល្លារ  ដែលក្នុងនោះកម្ពុជានាំទំនិញទៅកាន់អាមេរិក រយៈពេល៤ខែ ឆ្នាំ២០២២នេះ  សម្រេចបានជាទំហំទឹកប្រាក់ចំនួន ២ ៩៣២លានដុល្លារ។ ចំនួននេះបង្ហាញថា មានការកើនឡើង ៥៣,៦% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២១។

ចំណែក ទំនិញដែលកម្ពុជានាំពីអាមេរិក ចូលមកកម្ពុជាវិញក្នុងរយៈពេល៤ខែ ឆ្នាំ២០២២ ដូចគ្នា គឺមានទំហំទឹកប្រាក់ចំនួន ១០៤លានដុល្លារតែប៉ុណ្ណោះ។

ទំហំទំនិញនាំចេញរបស់កម្ពុជាទៅអាមេរិកនេះ បង្ហាញថា សហរដ្ឋអាមេរិកជាទីផ្សារលំដាប់ទី១ របស់កម្ពុជា ហើយទំនិញភាគច្រើនដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដូចជា សម្លៀកបំពាក់ ស្បែកជើង ​ផលិតផលធ្វើដំណើរ ​កាបូប ព្រមទាំងទំនិញកសិកម្មមួយចំនួនដែរ។

​បើតាមទិន្នន័យពីការិល័យជំរឿនអាមេរិកឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក​ កាលពីឆ្នាំ២០២១ មានទំហំជិត១ម៉ឺនលានដុល្លារ(៩.១៥ពាន់លានដុល្លារ) ដោយកើនឡើងប្រមាណ ៣២,៦១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានទំហំជាង ៦.៩ ពាន់លានដុល្លារ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ